
លោករដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន។ សហការី
ភ្នំពេញៈ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត Basic Education Equivalency Program (BEEP) ឬ ប៊ីប នឹងផ្ដល់ឱកាសឲ្យសិស្សដែលគ្មានលទ្ធភាព និងកំពុងធ្វើការបានសិក្សាឡើងវិញ និងអាចបញ្ចប់ការសិក្សារបស់ពួកគេ។
លោករដ្ឋមន្រ្ដីថ្លែងបែបនេះក្នុងពិធីប្រកាសដាក់ឲ្យដំណើរការមណ្ឌលសិក្សាទី ១ សម្រាប់គម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី ១៧ ខែកុម្ភៈនេះ។
លោកឲ្យដឹងថា គម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន តាមអ៊ីនធឺណិតនឹងបើកដំណើរការចំនួន ១០ សាលារៀន ដោយបើកដំបូងក្នុងរាជធានីភ្នំពេញនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាល័យជាស៊ីមចម្រើនរដ្ឋ។
លោកបន្ដថា មណ្ឌលសិក្សាក្នុងរាជធានីភ្នំពេញចំនួន ២ នឹងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា ចំណែក៣មណ្ឌលសិក្សាទៀតនឹងគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ដោយឡែក ៥ មណ្ឌលសិក្សាទៀតនៅខេត្ដសៀមរាប ៣ មណ្ឌលនឹងគ្រប់គ្រងដោយក្រសួងអប់រំ និង ២ មណ្ឌលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា៖ «គោលដៅនៃការបើកមណ្ឌលនេះមិនមែនសម្រាប់ក្មួយៗដែលនៅក្នុងសាលាទេ ប៉ុន្ដែក្មួយដែលគ្មានលទ្ធភាពរៀនបន្ដទៀត។ វានឹងបង្កភាពងាយស្រួលដល់សិស្សដែលមិនមានលទ្ធភាពសិក្សា ឬកំពុងធ្វើការអាចបន្ដរៀនទៀតបានតាមរយៈអនឡាញ» ។
បើតាមលោករដ្ឋមន្រ្ដី ប្រទេសកម្ពុជាបានពង្រីកសេវាអប់រំនៅកម្រិតបឋមសិក្សាប្រកបដោយជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយជាមធ្យមមានអត្រាពិតនៃការសិក្សាចំនួន ៩៥ ភាគរយ។ រីឯ បញ្ហាមួយចំនួនមានដូចជាអត្រាបោះបង់ការសិក្សាខ្ពស់នៅថ្នាក់ទី ៧ ទី៨ និងទី៩ បាននាំឲ្យអត្រាពិតបញ្ចប់ការសិក្សាទាបជាង ៤៥ ភាគរយនៅកម្រិតមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ)។
លោករដ្ឋមន្រ្ដីបន្ថែមថា៖ «យើងចង់ជួយឲ្យយុវជននៅក្រៅសាលាបានចូលរៀនដែរ។ មូលហេតុអីបានចាំបាច់ទៅរៀន ឬបញ្ចប់ការសិក្សា? គឺដោយសារតែ បើសិនអត់បានរៀនចប់ទេ ពេលធ្វើការបានត្រឹមតែការងារមិនសូវទទួល បានប្រាក់កម្រៃខ្ពស់ ហើយជំនាញក៏ជាជំនាញបែបសាមញ្ញធម្មតាដែរ។ បើយើងចង់បានប្រាក់កម្រៃខ្ពស់ ត្រូវរៀនឲ្យបានចប់»។
លោកថ្លែងថា ប្រទេស កម្ពុជា មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព Sustainable Development Goals (SDG) ដើម្បីចង់ឲ្យទាំងអស់គ្នាបានទៅរៀន ដោយយ៉ាងហោចណាស់ក៏រៀនចប់ថ្នាក់មូលដ្ឋានពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៩ ដែរ មុននឹងចាប់យកជំនាញ ហើយក្រោយរៀនចប់ថ្នាក់ទី ៩ សិស្សអាចទៅរៀនបន្ដយកជំនាញវិជ្ជាជីវៈ ឬក៏អាចទៅរៀនបន្ដទៅវិទ្យាល័យចំណេះទូទៅវិជ្ជាជីវៈ រៀនយកជំនាញក៏បានដែរដែលមាននៅក្នុងប្រព័ន្ធអប់រំរបស់ក្រសួងអប់រំ។
លោករដ្ឋមន្រ្ដីបានឲ្យដឹងថា សិស្សអាចចុះឈ្មោះចូលរៀនជាមួយកម្មវិធីសិក្សាប៊ីបនេះ តាមរយៈអនឡាញដោយខ្លួនឯងក៏បាន ឬទៅកាន់មណ្ឌលសិក្សាដើម្បីចុះឈ្មោះក៏បាន។ កម្មវិធីសិក្សានេះ សិស្សត្រូវសិក្សាមុខវិជ្ជាគោលចំនួន ១១ ដើម្បីទទួលបានសញ្ញាបត្រ ឬសិក្សាមុខវិជ្ជាគោល និងមុខវិជ្ជា បច្ចេកទេស ដើម្បីអាចបន្ដការសិក្សានៅគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈបាន។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្មវិធីអប់រំនេះនឹងតម្រូវឲ្យសិស្សត្រូវទៅជួបគ្រូណែនាំ ២ ដងក្នុង ១ ខែ។ កម្មវិធីនេះនឹងបែងចែកជាវគ្គៗ សម្រាប់ ១ វគ្គ មានរយៈពេលពី ៦ ខែ ទៅ ៨ ខែរួចសិស្សត្រូវប្រឡងបញ្ចប់។
លោកថា៖ «ការឲ្យសិស្សមកជួប ២ ដងក្នុង ១ ខែនេះ គឺដើម្បីធ្វើតេស្ដចំណេះដឹងដែលសិស្សបានរៀនតាមរយៈកម្មវិធីនេះ។ ក្នុងពេលសិស្សមកជួបគ្រូណែនាំ ក្រុមហ៊ុនសេវាទូរស័ព្ទស្មាតនឹងចែកជូនស៊ីមកាតស្មាតដែលប្រើប្រាស់ អ៊ីនធឺណិតមិនគិតថ្លៃសេវា ក្នុងការចូលទៅស្វែងរកមេរៀន»។
លោកស្រី ទុង សុភាព អគ្គនាយិការងនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋានហើយ សិស្សអាចចូលទៅសិក្សាបន្ដនូវជំនាញវិជ្ជាជីវៈបានតែម្ដង។
លោកស្រីបន្ដថា៖ «កម្មវិធីសិក្សានេះល្អ ដែលអាចឲ្យយុវជនសិក្សា តាមអនឡាញ ហើយចង់សិក្សានៅកន្លែងណាក៏បានដែរ ប៉ុន្ដែយើងនឹងមានបន្ថែមជំនាញដល់ពួកគាត់ទៀត មានដូចជាជំនាញទន់។ កម្មវិធីសិក្សានេះ ក៏ជាកម្មវិធីមួយដែលផ្ដល់ឱកាសសម្រាប់យុវជនដែលបោះបង់ការសិក្សានៅថ្នាក់មូលដ្ឋានឲ្យបានបន្ដការសិក្សាដែរ»។
លោក Santosh Khatri នាយកផ្នែកអប់រំនៃអង្គការយូណេស្កូ ឲ្យដឹងថា យូណេស្កូបានធ្វើការជាមួយក្រសួង លើគម្រោងនេះ។
លោកថា៖ «យើងចំណាយពេលមួយថ្ងៃ ២ ទៅ ៣ ម៉ោងលើហ្វេសប៊ុក ហេតុអ្វីយើងមិនអាចចំណាយពេល ៣០ នាទីក្នុងមួយថ្ងៃ ដើម្បីសិក្សាតាមរយៈកម្មវិធីសិក្សាប៊ីបនេះបាន»៕