ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ​ថ្លែងថា​ «​ចាប់ពី​ពេល​នេះ​តទៅ​បច្ចេកវិទ្យា​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​សម្រាប់​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​» ខណៈ​ដែល​កន្លងមក ក្រសួង​អប់រំ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​វិស័យ​អប់រំ មាន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ទៅ​ដល់​បុគ្គលិក​អប់រំ​ចំនួន​សរុប ១ ៤៦១ ​នាក់​។

លោក ហង់ជួន ណារ៉ុន ថ្លែង​ក្នុង​ពេល​ចូលរួម​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​សម្រាប់​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង​កាលពី​ថ្ងៃ​ទី​ ១៧ ខែមិថុនា​ ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ បច្ចេកវិទ្យា​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​សម្រាប់​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​។ ស្រប​ពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​មមាញឹក​ក្នុង​ការបញ្ជ្រាប​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​ឆ្ពោះទៅ​គោលដៅ​នៃ​ការប្រែក្លាយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួង​អប់រំ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​ផ្តោតលើ​ការលើកកម្ពស់​គុណវុឌ្ឍិ និង​ជីវភាព​របស់​គ្រូបង្រៀន សម្រាប់​ចូលរួម​ចំណែក​លើកកម្ពស់​ការអប់រំ​តាម​បែប​ឌីជីថល ដូច​មាន​ចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​​វិស័យ​អប់រំ​ឆ្នាំ​ ២០១៩-២០២៣ ដែល​មាន​បំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​មូលធន​មនុស្ស សម្រាប់​ប្រែក្លាយ​កម្ពុជា​ឱ្យ​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ដើម្បី​ជំរុញ​ប្រទេស​ឱ្យ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​ ២០៥០​។

លោក​ថា​ ក្នុង​បរិការណ៍​នេះ គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ គឺ​ត្រូវ​ដើរ​តួនាទី​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​គុណភាព​គ្រូ​តាមរយៈ​គ្រប់រូបភាព​ជាពិសេស​ដោយ​ការបញ្ចូល​បច្ចេកវិទ្យា​ទៅក្នុង​កម្មវិធីសិក្សា​សម្រាប់​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​។

លោក សុវាចា បន្តថា​៖ «​ជាក់ស្តែង​គ្រូ​បង្គោល​សម្រាប់​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​បាន​ទទួល​ការបណ្ដុះបណ្ដាល​ដោយ​ប្រើ​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ និង​ការប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ដំណើរការ​បង្រៀន និង​រៀន​។ វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្គោល សម្រាប់​ការបង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលដៅ​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​លើ​ការប្រើប្រាស់​ឌីជីថល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការរៀន និង​បង្រៀន​ក្នុង​សតវត្សរ៍​ទី​ ២១»​។

លោក​បន្ថែមថា ការជ្រើសរើស និង​ការបណ្តុះបណ្តាល​គ្រូបង្រៀន​ដ៏មាន​ប្រសិទ្ធភាព​គឺជា​គន្លឹះ​នៃ​កំណែទម្រង់​ប្រព័ន្ធ​បណ្ដុះបណ្ដាល​គ្រូ និង​ជា​យន្តការ​ធានាថា ឋានៈ​និង​តួនាទី​របស់​គ្រូបង្រៀន​ក្នុង​សង្គម​ត្រូវ​បាន​ឱ្យ​តម្លៃ និង​លើកកម្ពស់​។

បើតាម​លោក​ សុវាចា កន្លងមក​ក្រសួង​អប់រំ​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​វិស័យ អប់រំ មាន​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស ដែល​មាន​ចំនួន​សរុប ១៤៦១ ​នាក់​។ សម្រាប់​ក្រៅប្រទេស​បាន​បញ្ជូន​គណៈគ្រប់គ្រង​សាលារៀន និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​សរុប​ចំនួន​ ៤៣ ​នាក់ និង​គ្រូ​ឯកទេស ICT ២៤០ ​នាក់​ទៅ​បណ្ដុះបណ្ដាល​នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​៕