កណ្តាលៈ លោក ជា សុផារ៉ា បាន​ប្រកាស​នៅ​ថ្ងៃទី​ ២២ ខែមិថុនា​ថា ប្រជាពលរដ្ឋ​ចំនួន ១៧៣ ​គ្រួសារ​ ដែល​រង​ផលប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ឃុំ​ព្រែកស្លែង នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវ​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​ហើយ​។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី កាលពី​ព្រឹក​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២០ លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី ​ដែល​កំពុង​សាងសង់​នាពេល​នេះ​មាន​ទំហំ ២ ៦០០ ​ហិកតា​ ក្នុង​នោះ​ទំហំ​ដី ៩២៦ ​ហិកតា​ ស្មើនឹង​ ៣៥% ជា​របស់​ក្រុមហ៊ុន​អ្នកឧកញ៉ា​ពុង ឃាវសែ​។ ចំណែក​ទំហំ​ដី ១ ៦៧៣ ​ហិកតា​ទៀត​ គឺជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ក្នុង​តំបន់​នោះ​។

លោក​ថ្លែងថា​៖ «​រហូត​មក​ទល់​ពេល​នេះ​ក្រុម​ការងារ​យើង​បាន​ជួយ​សម្រប​សម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ ដែល​មាន​ដី​នៅ​តាម​បណ្ដោយ​ទំនប់​ ៥៤,៩២ និង​ទំនប់​ ៩៤ ក្នុង​ទីតាំង​អនុវត្ត​គម្រោង​បាន​ចំនួន ១៧៣ ​គ្រួសារ ​តាមរយៈ​ការផ្ដល់​សំណង​គោលនយោបាយ​ជា​ថវិកា និង​ផ្ដល់​ទៅ​តាម​ទំហំ​ក្បាលដី​ជាក់ស្ដែង​»​។

លោក​ ជា សុផារ៉ា បន្តថា​៖ «​ទន្ទឹម​នឹង​នេះ​ក្រុម​ការងារ​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៣៦ ​គ្រួសារ​ ដែល​រង​ការប៉ះពាល់​ដោយ​ការសាងសង់​ផ្លូវ​ទៅកាន់​ទីតាំង​ដីឡូត៍​លំនៅឋាន​សម្រាប់​ផ្ដល់​ជូន​ពលរដ្ឋ ក្នុង​នោះ​មាន​ចំនួន​ ៨ ​គ្រួសារ​យល់​ព្រម​ទទួល​យក​ដីឡូត៍​លំនៅឋាន ៥ ​គុណ​នឹង​ ២០ ​ម៉ែត្រការ៉េ​ក្នុង​ ១ ​គ្រួសារ និង​ ២៨ ​គ្រួសារ​ទៀត​យល់ព្រម​ទទួល​យក​ការដោះស្រាយ​គោលនយោបាយ​ជា​ថវិកា​ផងដែរ​»​។

ជុំវិញ​ករណី​នេះ​លោក អ៊ួច សៅវឿន អភិបាលស្រុក​កណ្ដាលស្ទឹង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ល្ងាច​ថ្ងៃទី​ ២២ ខែមិថុនា​ ថា ចំនួន​ក្បាលដី​ដែល​រង​ផលប៉ះពាល់​ដោយ​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ នៅក្នុង​ក្របខ័ណ្ឌ​ស្រុក​កណ្ដាលស្ទឹង​មាន​ចំនួន​ជាង ២ ០០០ ​ក្បាលដី​ គិត​ជា​ទំហំ​ជាង ​២ ០០២ ​ហិកតា​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រុម​ការងារ​ដោះស្រាយ​ផលប៉ះពាល់​នៃ​គម្រោង​នេះ​បាន​សម្របសម្រួល​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​មួយចំនួន​ហើយ និង​កំពុង​បន្ត​ចុះ​សម្របសម្រួល​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ក្បាលដី​មួយ​ចំនួន​ទៀត​ទៅ​តាម​គោលនយោបាយ​របស់​រដ្ឋ និង​តាម​ទំហំ​ក្បាលដី​ជាក់ស្ដែង​»​។

យ៉ាងណា​ក៏ដោយ​កាលពី​ថ្ងៃទី​ ២២ ​ខែ​មិថុនា លោក ជា សុផារ៉ា បាន​ប្រកាស​​ថា គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ មេសា ឆ្នាំ​ ២០២០ ក្រុមការងារ​បាន​ប្រមូល​ទិញ​ដី​តាម​គោលការណ៍​ក្នុងតម្លៃ​មិន​លើសពី​ ៨ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​បាន​ចំនួន​ ២៣ ​ក្បាលដី ​ស្មើនឹង ៥៤ ​ហិកតា​។

លោក​បាន​បន្ត​ថា ​បច្ចុប្បន្ន​ក្រុមហ៊ុន CAIC បាន​ដំណើរការ​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ខ្នាត 4F សម្រាប់​ដំណាក់កាល​ទី ​១ ​សម្រេច​បាន ៥% ដែល​គ្រោង​បញ្ចប់ និង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ឆ្នាំ​ ២០២៣ ដែល​អាច​ទទួល​អ្នកដំណើរ​បាន​រហូត​ទៅ​ដល់ ១៣ ​លាននាក់​ ក្នុង​ ១ ​ឆ្នាំ​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​នេះ​ផងដែរ លោក​ឧកញ៉ា ពុង ឃាវសែ តំណាង​ក្រុមហ៊ុន CAIC បាន​ថ្លែងថា ក្នុង​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ ​សព្វថ្ងៃ​មាន​កម្លាំង​ពលកម្ម​សរុប​ចំនួន ១ ១០២ ​នាក់ ក្នុង​នោះ​មាន​វិស្វករ​បរទេស​ចំនួន ៩៥ ​នាក់ និង​វិស្វករ​ខ្មែរ​មាន​ចំនួន ១១០ ​នាក់​។ លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការប៉ាន់ស្មាន នៅពេល​ដំណើរការ​ការងារ​ដល់​កំពូល​នោះ តម្រូវការ​កម្លាំង​ពលកម្ម​នឹង​កើន​ដល់​ ២ ​ម៉ឺន​នាក់​ក្នុង ​១ ​ថ្ងៃ​។

ជាមួយ​គ្នា​នេះ​ខ្ញុំ​សង្ឃឹមថា តាមរយ:​ការឆ្លងកាត់ ការសាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ​នឹង​អាច​បណ្ដុះបណ្ដាល អ្នកបច្ចេកទេស វិស្វករ​ខ្មែរ​បាន​ច្រើន និង​ផ្ដល់​កម្លាំង​បន្ថែម​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​អនាគត​»​។ បើតាម​លោក ឃាវសែ រហូត​មក​ទល់​ពេលនេះ​ក្រុមហ៊ុន​បាន​ចំណាយ​​ទឹកប្រាក់​ចំនួន ១២០ ​លាន​ដុល្លារ​ សម្រាប់​ផ្នែក​ប្រឹក្សា​យោបល់ ផ្នែក​រចនា​ (​គូរ​ប្លង់​) ​និង​ការបុក​គ្រឹះ ការចាក់ដី​បង្ហាប់ និង​ការកែសម្រួល​គុណភាព​ដី​ជាដើម​។ ក្រុមហ៊ុន​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន ២០៨ លាន​ដុល្លារ​បន្ថែម​ទៀត ​រហូត​ដល់​បំណាច់​ឆ្នាំ​ ២០២០ ខាង​មុខ​៕