
លោក សាយ សំអាល់ និងមន្ត្រីពាក់ព័ន្ធនៅស្រុកសង្គមថ្មីពីថ្ងៃទី ៥ មករា។ រូប ក្រសួងបរិស្ថាន
ព្រះវិហារៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានណែនាំ និងពន្យល់បកស្រាយដល់ប្រជាពលរដ្ឋដោយប្រាប់កុំបន្តឱ្យមានទំនាស់ដីធ្លីកើតឡើងបន្តទៀត ហើយត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ដែលមាននៅក្នុងតំបន់ដែនជម្រក សត្វព្រៃ «ភ្នំត្នោត-ភ្នំពក»។
ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានធ្វើឡើងកាលពីថ្ងៃទី ៥ ខែមករា ក្នុងឱកាសលោកចូលរួមវេទិកាសាធារណៈ និងពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ដែលរៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
លោក សាយ សំអាល់ បានសំណូមពរឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនឹងទោសទណ្ឌចំពោះមុខច្បាប់។ លោករដ្ឋមន្ត្រីក៏បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វយកសាច់ ដូចជា គោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួលដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន។
លោកថ្លែងថា៖ «យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់មានជីវភាពធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាននោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន»។
តំណាងពលរដ្ឋដែលបានមកចូលរួមវេទិកាសាធារណៈនោះបានស្នើឱ្យមានការដោះដូរដី ដែលបច្ចុប្បន្នពួកគាត់បាននិងកំពុងអាស្រ័យផលលើដីសហគមន៍ និងខ្លះទៀតជាប់ដីសហគមន៍ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។
លោក សាយ សំអាល់ ក៏បានផ្ដល់យោបល់ដល់ប្រជាពលរដ្ឋដោយថា នឹងរៀបចំដីបម្រុងទុកសម្រាប់ដោះដូរជូនពួកគាត់ ដែលត្រូវនៅជិតសេវាសាធារណៈ មន្ទីរពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឱ្យពួកគាត់រស់នៅដោយមានភាពងាយស្រួល។ លោកបានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន ពង្រឹងការអប់រំប្រជាពលរដ្ឋ លើកទឹកចិត្តឱ្យកូនចៅពលរដ្ឋបានរៀនសូត្រទាំងអស់គ្នា និងស្នើឱ្យដាំដើមឈើដែលឆាប់បានទទួលផល ដូចជា ដំណាំអាកាស្យាជាដើម។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ទទួលស្គាល់ថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានចូលទៅទន្ទ្រានកាន់កាប់ដីធ្វើជាកម្មសិទ្ធិ និងចូលទៅបរបាញ់សត្វនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋខ្លះ បានចូលទន្ទ្រានយកដីដែលជាកម្មសិទ្ធិរបស់ដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ដែលមានការគ្រប់គ្រងដោយលោក Ben Devis ជាអ្នកអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅទីនោះ និងដីសហគមន៍។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនក៏មានដីកម្មសិទ្ធិពិតប្រាកដនៅទីនោះផងដែរ»។
ទោះជាយ៉ាងណាលោក ឡោ ចាន់ និយាយថា បើលោករដ្ឋមន្ត្រីដោះស្រាយ និងចាត់វិធានការម៉ឺងម៉ាត់ទៅលើអ្នកដែលទន្ទ្រានដីពិតប្រាកដ (អ្នកចំណូលថ្មី) គឺជារឿងមួយល្អ។ ប៉ុន្តែបើចាត់វិធានការពលរដ្ឋដែលរស់នៅយូរឆ្នាំ និងមានដីកម្មសិទ្ធិផ្ទាល់ខ្លួន នោះគឺជារឿងអយុត្តិធម៌។
លោកសម្តែងការគាំទ្រចំពោះលោករដ្ឋមន្ត្រីចំពោះការជំរុញឱ្យពលរដ្ឋរស់នៅទីនោះ ចិញ្ចឹមសត្វស្រុកជំនួសដោយការបរបាញ់សត្វព្រៃ។ ព្រោះការបរបាញ់សត្វព្រៃយកមកធ្វើអាជីវកម្មចិញ្ចឹមជីវិត គឺជាអំពើខុសច្បាប់។
ភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងលោក Ben Devis អ្នកអភិរក្សធនធានព្រៃឈើ និងសត្វព្រៃតាមរយៈទូរស័ព្ទ និងផ្ញើសារតាមប្រព័ន្ធតេឡេក្រាមពីម្សិលមិញ លោកមិនបានឆ្លើយតបទេ។ ប៉ុន្តែកាលពីថ្ងៃទី ២៨ ខែធ្នូ លោកថា មានពលរដ្ឋព្យាយាមចូលទន្ទ្រានកាន់កាប់ដី យកធ្វើជាកម្មសិទ្ធិមានជាច្រើនករណីដែលភាគច្រើនជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេង។
តាមលោក Ben Devis ពលរដ្ឋដែលចូលទៅទន្ទ្រានដីនោះ បានបោះព្រំដីតាមរយៈការកាប់ដើមឈើ ដើម្បីបោះបង្គោល និងបាញ់ថ្នាំ ធ្វើជាព្រំដីរបស់ពួកគេ។ ជាមួយគ្នានេះលោកបានឃើញបង្គោលព្រំដីជាច្រើនទីតាំងផងដែរ ដែលនេះគឺជាសញ្ញាមួយមិនល្អនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។
លោក Ben ថ្លែងថា៖ «ភាគច្រើនពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ដីនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនេះ គឺពួកគេរកម៉ូយទិញបានភ្លាមដោយពួកគាត់មិនចង់រស់នៅទីនោះទេហើយដីដែលពួកគេចាប់បាននេះ ធ្វើដំណាំក៏មិនកើត។ សូម្បីតែដាំដើមស្វាយចន្ទីក៏មិនអាចរស់ដែរ ព្រោះវាជាប្រភេទដីថ្ម»។
តាមការសង្កេតរបស់លោក Ben Devis នៅក្នុងខែធ្នូមានពលរដ្ឋដែលចូលទៅទន្ទ្រានយកដី ជាច្រើនទីតាំងក្នុងតំបន់ការពារនេះមានជាង ៥០ ហិកតា ដែលបង្កឱ្យមានផលប៉ះពាល់ដល់ព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» នេះ។
ដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ត្រូវបានបង្កើតដោយអនុក្រឹត្យលេខ ១៤៣ អនក្រ.បក ចុះថ្ងៃ ទី ៣១ សីហា ឆ្នាំ ២០១៧ ដែល មានផ្ទៃដីចំនួន ៤២ ០៩៧ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប៕