ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រី​បរិស្ថាន​បាន​ស្នើឱ្យ​អភិបាលខេត្ត​ចំនួន​ ២០ ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅ​សេសសល់​ទាំងអស់​នៅ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មក​ឱ្យ​ក្រសួង​ដើម្បី​ប្រើប្រាស់​ជា​ទិន្នន័យ សម្រាប់​ក្រុម​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ៧ ខែ​កក្កដា​ ថា លោក សាយ សំអាល់ បាន​ផ្ញើលិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅកាន់​អភិបាលខេត្ត​ចំនួន​ ២០ ដែលជា​ខេត្ត​មាន​តំបន់​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ស្ថិតក្រោម​ក្រសួងបរិស្ថាន ដើម្បីឱ្យ​ពួកគេ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​បញ្ហាដីធ្លី​ក្នុង​តំបន់​ទាំងនេះ ស្របពេល​ក្រុម​ការងារ​អន្តរក្រសួង​បាន​ចាប់ផ្ដើម​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​។

លោក​ថា​៖ «​ក្រសួង​បរិស្ថាន​របស់​យើង គឺ​គ្រប់គ្រង ការពារ និង​អភិរក្ស​គឺ​មាន​ទំហំ​ផ្ទៃដី ៧ ​លាន​ ៣ ​សែន​ហិកតា ដែល​មាន​ទីតាំង​នៅក្នុង​ខេត្ត​ចំនួន ២០​។ អ៊ីចឹង​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សរសេរ​លិខិត​ទៅ​កាន់​អភិបាល​ទាំងនេះ ដើម្បី​ឱ្យ​ប្រគល់​បញ្ជី​ពាក់ព័ន្ធ​អ្នកកាន់កាប់​ដី​នៅក្នុង​តំបន់​ការពារ ដើម្បី​បញ្ជូន​មក​ឱ្យ​ក្រសួង​បរិស្ថាន​ប្រើប្រាស់​ជា​ទិន្នន័យ សម្រាប់​ចុះទៅ​ពិនិត្យ​ជាក់ស្ដែង​នៅតាម​ទីតាំង​នីមួយៗ​ចៀសវាង​ការបន្លំ​យក​ដី​របស់​រដ្ឋ​»​។

ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៣ ខែ​កក្កដា លោក ហ៊ុន សែន បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​អ្នកមាន​អំណាច និង​អ្នកមាន​លុយកាក់​ដែល​ប្រើ​ពលរដ្ឋ​ទៅ​ទន្ទ្រាន​ដីព្រៃ ស្រប​ពេល​លោក​បញ្ជា​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន​ត្រូវ​ចុះ​កាត់​ឆ្វៀល​ដី និង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បានរស់នៅ និង​អាស្រ័យផល​ជាក់ស្ដែង​ក្នុង​តំបន់​អភិរក្ស​តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ និង​ត្រូវ​ធ្វើឱ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

ក្រោយពី​មាន​ការប្រកាស​ពី​នាយករដ្ឋមន្ត្រី​នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏​បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី ​៣ ខែ​មិថុនា ស្ដីពី​ការបង្កើត​ក្រុមការងារ​ចំនួន​ ១៨ ​ក្រុម​ដើម្បី​ចុះ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យផល​ជាក់ស្ដែង​នេះ​។

លោក នេត្រ ភក្ត្រា បញ្ជាក់​ថា​ខេត្ត​ក្រុង​ចំនួន​ ៥ ​ទៀត​ដែល​ពុំ​មាន​តំបន់​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្រោម​ក្រសួង​បរិស្ថាន​ដូចជា​រាជធានី​ភ្នំពេញ​ខេត្ត​កណ្ដាល ស្វាយរៀង ព្រៃវែង និង​ខេត្ត​កំពង់ចាម​។ លោក​បន្តថា ភ្លាមៗ​បន្ទាប់ពី​មាន​បទបញ្ជា​របស់​លោក ហ៊ុន សែន ក្រសួង​បរិស្ថាន​បាន​ចាត់​មន្ត្រី​ខ្លះ​រួចហើយ​ចុះ​ទៅ​ធ្វើ​ការងារ​កាត់​ឆ្វៀល​ដី​នេះ​ជូន​ពលរដ្ឋ​ដូចជា​នៅក្នុង​ខេត្ត​កោះកុង​ជាដើម​។

ជាមួយ​គ្នា​នេះ​លិខិត​មួយ​ចុះ​ថ្ងៃទី​ ៦ ខែ​កក្កដា ​របស់​លោក​ សាយ សំអាល់ ដែល​បាន​ផ្ញើ​ទៅកាន់​អភិបាល​ខេត្តព្រះវិហារ​លោក ប្រាក់ សុវណ្ណ បញ្ជាក់​ថា ក្រុមការងារ​អន្តរក្រសួង​នឹង​ចុះ​អនុវត្តតាម​បទបញ្ជា​របស់​លោក​ ហ៊ុន សែន ដើម្បី​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ដែល​បាន​កាន់កាប់​ និង​អាស្រ័យផល​ជាក់ស្ដែង​យូរ​ឆ្នាំ​នៅ​តាម​ទីតាំង​ស្ថិត​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​ខេត្ត កោះកុង ព្រះវិហារ ឧត្តរ​មានជ័យ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី​។

លិខិត​នោះ​សរសេរ​ថា​៖ «​ក្នុងន័យនេះ ដើម្បី​ទទួល​បាន​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន​ចុះ​អនុវត្ត​ផ្ទាល់ ជាក់ស្ដែង និង​ឱ្យបាន​ច្បាស់លាស់​តាម​បណ្ដា​ខេត្ត​ពាក់ព័ន្ធ​។ ក្រសួង​បរិស្ថាន សូម​ឯកឧត្តម​អភិបាល ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​ជូន​មក​ក្រសួង​ឱ្យ​បាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ១៥ ​ខែ​​កក្កដា ឆ្នាំ​ ២០២០ កុំបី​ខាន​»​។

ភ្នំពេញ​ប៉ុស្ដិ៍​ មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​លោក សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​ទេ ដោយសារ​ពួកលោក​មិន​លើក​ទូរស័ព្ទ​។

លោក ឡោ ចាន់ អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ​ថ្លែង​ថា តំបន់​ការពារ​ដោយ​ក្រសួង​បរិស្ថាន​នៅក្នុង​ខេត្តព្រះវិហារ​គឺ​ភាគច្រើន​ត្រូវ​បាន​ទន្ទ្រាន និង​រំលោភ​យក​ពី​អ្នក​មាន​អំណាច និង​អ្នកមាន​ទ្រព្យធន​រួមទាំង​ពី​ក្រុមហ៊ុន​ឯកជន ដូចជា​តំបន់​ការពារ​ទន្លេ​ម្រេស​ទំហំ​ជាង​ ២ ​ពាន់​ហិកតា តំបន់​ការពារ​ព្រហ្មទេព និង​តំបន់​ការពារ​ព្រៃ​ព្រះរកា​ជាដើម ដែល​តំបន់​ខ្លះ​ត្រូវ​បាន​រំលោភ​យក​អស់​ស្ទើរ​ទាំងស្រុង ដើម្បី​ដាំ​ដំណាំ​ផ្សេងៗ​ដូចជា​ចម្ការ​ស្វាយចន្ទី​ជាដើម​។

លោក​ថា​៖ «​អ្នកកាន់កាប់​ដី​តំបន់​ការពារ​ទាំងអស់​ហ្នឹង​ភាគច្រើន សុទ្ធតែ​អ្នកមាន​ទ្រព្យធន​ហើយ​ប្រជាពលរដ្ឋ​តូចតាច សូម្បីតែ​កាប់​ឈើ​ ១ ​ដើម ក៏​ត្រូវ​ជាប់គុក​ដែរ ប៉ុន្តែ​អ្នកមាន​ទ្រព្យធន​ដាក់​អាត្រាក់​ឈូស​ដី បែរ​ជា​អត់​មាន​បញ្ហា​»​។

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​យល់ឃើញ​ថា បទបញ្ជា​របស់​លោក ហ៊ុន សែន ​ឱ្យ​កាត់​ឆ្វៀល​ដី​រដ្ឋ​នៅពេល​នេះ​អាច​ផ្ដល់​ប្រយោជន៍​តិចតួច​ដល់​ពលរដ្ឋ​ក្រីក្រ ហើយ​ផ្ដល់​ផលប្រយោជន៍​ច្រើន​ទៅ​ដល់​អ្នកមាន​អំណាច និង​ទ្រព្យធន​ដែល​បាន​រំលោភ​យក​ដី​ខុសច្បាប់ ប្រសិន​បើ​ក្រុមការងារ​អន្តរក្រសួង​ដែល​ចុះទៅ​កាត់​ឆ្វៀល​ដី​ផ្ទាល់ ពុំ​បាន​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​អំពី​ប្រភព​កាន់កាប់​ដី​ ឬ​ពុំបាន​អនុវត្ត​ការងារ​ឱ្យ​មាន​តម្លាភាព​៕