សៀមរាបៈ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ធ្វើការ​ពិភាក្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​ដែល​កើតចេញ​ពី​ការទន្ទ្រាន​ដីព្រៃ និង​ការដុត​ព្រៃ​ដែល​ធ្វើឱ្យ​ប៉ះពាល់​បរិស្ថាន​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

ការពិភាក្សា​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​ ១៥ នៃ​ភាគី​សន្និសីទ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​នៅ​ខេត្ត​សៀមរាប​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ១១ ខែ​ តុលា​។

កាលពី​ខែ ​មិថុនា​ ឆ្នាំ​ ២០០២ ប្រទេស​អាស៊ាន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការគ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន ហើយ​បាន​ចូល​ជា​ផ្លូវការ​នៅ​ខែ​ វិច្ឆិកា ឆ្នាំ​ ២០០៣​។

លោក Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​កាលពី​ថ្ងៃ​អង្គារ​ថា​ស្រប​ពេល​ប្រឈម​នឹង​ការបំពុល​ផ្សែង​អ័ព្ទ​ថ្មីៗ​នេះ​ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​អាស៊ាន​ជាច្រើន អាស៊ាន​ត្រូវការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​សម្របសម្រួល​គំនិត​ផ្តួចផ្តើម​ដែល​មាន​ស្រាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការបំពុល​ផ្សែង​អ័ព្ទ​នេះ​។

លោក Dato Lim Jock Hoi ថ្លែង​ថា​មេដឹកនាំ​អាស៊ាន​បាន​ផ្តល់​ទំនុកចិត្ត​លើ​យន្តការ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​ដើម្បី​ទប់ស្កាត់ និង​តាមដាន​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ដើម្បី​ធានា​ថា​បរិស្ថាន​ និង​សុខភាព​មនុស្ស​មិន​ត្រូវ​បាន​រង​ផលប៉ះពាល់​។

លោក Dato Lim Jock Hoi បញ្ជាក់​ថា​៖ «​កិច្ចការ​នេះ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រួម​គ្នា​នៅ​កម្រិត​ថ្នាក់ជាតិ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ​។ ក្នុង​ស្មារតី​សាមគ្គីភាព និង​ភាព​ជា​ដៃគូ និង​ស្រប​តាម​តម្រូវការ​សមត្ថភាព​ និង​ស្ថានភាព​រៀងៗ​ខ្លួន​រដ្ឋ​សមាជិក​អាស៊ាន​ត្រូវ​តែ​មាន​គោលបំណង​ពង្រឹង​វិធានការ​សហប្រតិបត្តិការ​ក្នុង​តំបន់​បន្ថែម​ទៀត​ដែល​អាច​អនុវត្ត​ដើម្បី​ទប់ស្កាត់​ផ្សែង​អ័ព្ទ​នេះ​»​។

លោក ស ម៉ូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែល​តែងតែ​ចូលរួម​ចុះ​ល្បាត​ព្រៃ ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋមន្ត្រី​បរិស្ថាន​កម្ពុជា​លោក សាយ សំអាល់ បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ឱ្យ​ដោះស្រាយ​បញ្ហា​ផ្សែង​អ័ព្ទ​ដែល​បណ្តាល​មកពី​ភ្លើង​ឆេះ​ព្រៃ នៅ​ឥណ្ឌូនេស៊ី ហើយ​ជះឥទ្ធិពល​ដល់​ប្រទេស​សាំង​ហ្គាពួរ និង​ម៉ាឡេស៊ី​ជាដើម​។

លោក​បាន​ថ្លែង​ថា​ បើ​តាម​របាយការណ៍​ថ្មី ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ និង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ក៏​កំពុង​មាន​បញ្ហា​ប្រឈម​ពី​ការបំពុល​ខ្យល់​នេះដែរ​។

លោក ម៉ូរី បន្តថា កត្តា​ចម្បង​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​បំពុល​ខ្យល់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គឺ​បណ្តាលមកពី​ការបំពុល​ដែល​កើត​ចេញ​ពី​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ភ្លើង​ឆេះ​ព្រៃ និង​ការកាប់​រុករាន​ដុត​ព្រៃ ដើម្បី​ធ្វើ​កសិកម្ម​ទាំង​ខ្នាតតូច​ និង​ខ្នាត​ធំ​។

លោក ម៉ូរី ថ្លែង បន្ថែម​ថា​៖ «​វា​ជា​ពេលវេលា​មួយ​ដែល​រដ្ឋមន្ត្រី​អាស៊ាន គួរតែ​គិតគូរ​រឿង​អភិរក្ស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​ហើយ​ទប់ស្កាត់​ការកាប់​ទន្ទ្រានព្រៃ ដុត​ព្រៃ​គ្រប់​រូបភាព​ដើម្បី​ដាំ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​។ រដ្ឋាភិបាល​អាស៊ាន គួរតែ​គិត​អំពី​ជម្រើស​ថាមពល​កកើត​ឡើងវិញ ដើម្បី​ជំនួស​ពី​ការទាញ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​»​។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប៉ុន្តែ​មិន​សូវ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅ​លើ​ការអភិរក្ស និង​ការការពារ​បរិស្ថាន​ទេ ជាពិសេស​ជម្រើស​ក្នុង​ការទាញ​យក​ថាមពល​ពី​ធ្យូងថ្ម និង​ថាមពល​វារីអគ្គិសនី​ក្តី​នៅក្នុង​តំបន់​ដោយ​មិន​សូវ​ខ្វាយខ្វល់​ពី​ការប៉ះពាល់​ដល់​បរិស្ថាន​គឺ​ធ្វើ​យ៉ាងម៉េច​ទាញ​ឱ្យ​តែ​បាន​។

លោក ស ម៉ូរី បន្ថែមថា​៖ «​នៅក្នុង​ប្រទេស ​កម្ពុជា​ ក្តី យើង​គួរតែ​ពិចារណា​ក្នុង​ការដក​រោងចក្រ​ឧស្សាហកម្ម​ធុន​ធ្ងន់​ដែល​បំពុល​សំឡេង ហើយ​និង​ខ្យល់​ខ្លាំង​ទៅ​ក្រៅ​ក្រុង​វិញ ព្រោះ​យើង​ត្រូវ​គិតគូរ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​»៕