ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​ប្រកាស​គាំទ្រ​កញ្ចប់​ថវិកា​មូលនិធិ​បរិស្ថាន និង​សង្គម​ដល់​តំណាង​សហគមន៍​ទាំង​ ១៦៨ ​ដើម្បី​យក​ទៅ​អភិវឌ្ឍ​ដែល​ជា​ផ្នែក​នៃ​ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ខណៈ​តំណាង​សហគមន៍​ថា ជា​ឱកាស​ល្អ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ឱ្យមាន​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន និង​លើកស្ទួយ​សង្គម​ផងដែរ​។

ការប្រកាស​របស់​លោករដ្ឋមន្ត្រី​ដូចនេះ​បាន​ធ្វើ​ឡើង​ក្នុង​សន្និបាត​បណ្តាញ​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​​ប្រចាំ​ឆ្នាំ​លើក​ទី​ ១ ក្នុង​ឆ្នាំ​នេះ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​អង្គារ​។

បើតាម​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​អង្គារ​លោក សាយ សំអាល់ បាន​ថ្លែងថា ប្រសិន​បើ​បងប្អូន​ប្រជាសហគមន៍​មាន​គោលដៅ​ច្បាស់លាស់ រាជរដ្ឋាភិបាល​នឹង​គាំទ្រ​កញ្ចប់​ថវិកា​សម្រាប់​ការអភិវឌ្ឍ​សហគមន៍​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សហគមន៍​របស់​យើង​មាន​ជីវភាព​រីកចម្រើន​។

លោក​ សាយ សំអាល់ បាន​បញ្ជាក់​​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​បងប្អូន​នឹង​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ​ដើម្បី​អនាគត​សហគមន៍ និង​សូម​លើក​ទឹកចិត្ត​អាជ្ញាធរ​ខេត្ត​សហការ​ឱ្យ​បាន​ស្អិតល្មួត និង​សម្របសម្រួល​ជាមួយ​ក្រសួង​បរិស្ថាន និង​សហគមន៍​ដើម្បី​អនុវត្ត​គម្រោង​នានា​អភិវឌ្ឍសហគមន៍​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិសដៅ​លើក​កម្ពស់​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែល​ជា​ទម្លាប់​តាំងពី​យូរលង់​ណាស់​​មក​ហើយ​តាមរយៈ​ការបង្កើត​មុខរបរ​ថ្មី​បម្រើ​ឱ្យ​វិស័យ​អេកូ​ទេសចរណ៍ និង​ការបណ្តុះបណ្តាល​សហគមន៍​ឱ្យ​​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ដល់​ទីផ្សារ​...​។

លោក រ៉ាត់ រឿយ ប្រធាន​បណ្តាញ​សហគមន៍​មូលដ្ឋាន​ព្រះជ័យវរ្ម័ន​នរោត្តម​ភ្នំគូលែន​ក្នុង​ខេត្តសៀមរាប​ដែល​បាន​ចូលរួម​សន្និបាត​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ពុធ​ថា នេះ​ជា​ឱកាស​ល្អ​សម្រាប់​អភិវឌ្ឍ​សហគមន៍​​ផ្ទាល់​ផង និង​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យមាន​ការអភិវឌ្ឍ​ផង​។ មួយវិញ​ទៀត​វា​ក៏​រួមចំណែក​​លើកស្ទួយ​ជួយ​សង្គម​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ប្រហែល​ជា​ដាក់​ (​ពាក្យ​ស្នើសុំ​ថវិកា​)​ យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្នែក​អេកូទេសចរណ៍​ដើម្បី​បង្កើន​ជីវភាព​របស់​ពួកគាត់​តាមរយៈ​រក​ចំណូល​តាម​អេកូទេសចរណ៍ ដូចជា​ការលក់​វត្ថុ​អនុស្សាវរីយ៍ លក់​ដំណាំ​ផ្លែឈើ ផលអនុផល​ព្រៃឈើ​ផ្សេងៗ​ហើយ​ក៏​មាន​តាមរយៈ​ការជូន​ភ្ញៀវ​ជា​លក្ខណៈ​សមាគម​របស់​សហគមន៍ ហើយ​មាន​សេវាកម្ម​ម៉ូតូឌុប​អី​ផ្សេងៗ​អ៊ីចឹង​។ កាលណា​យើង​មាន​អេកូទេសចរណ៍ ភ្ញៀវ​មក​លេង​ច្រើន គាត់​មាន​ចំណូល​ចូល​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ចាំ​មិន​ភ្លេច ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ (​បរិស្ថាន​) ​គាត់​ថា ក្នុង​គោលការណ៍​ដែល​សហគមន៍​បានស្នើ​ថវិកា​យក​ទៅ​ប្រើប្រាស់​ក្នុង​សហគមន៍​មូលដ្ឋាន​ហ្នឹង គាត់​ថា​ឱ្យ​តែ​សហគមន៍​ហ្នឹង​ប្រើ​នៅក្នុង​កញ្ចប់​ថវិកា​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ដែល​ពាក្យ​ស្នើសុំ កុំ​ឱ្យ​តែ​ប្រើ​ខុស​ផែនការ​»​។

យោងតាម​ឯកសារ​ទស្សនទាន​របស់​​សន្និបាត​នេះ​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ក្រសួង​បរិស្ថាន​បាន​បង្កើត​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​ចំនួន​ ១៦៨ ​សហគមន៍​។ សហគមន៍​ទាំងនេះ​ត្រូវ​បាន​ចងក្រង និង​បង្កើត​ទៅ​ជា​ ៣៥ ​បណ្តាញ​នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​ ២៤ ក្នុង​ខេត្ត​ចំនួន​ ១៧​។

បើតាម​ឯកសារ​ដដែល គោលបំណង​នៃ​ការ​ចងក្រង និង​បង្កើត​ជា​បណ្តាញ​នេះ​គឺ​ដើម្បី​ធ្វើ​ជា​យន្តការ​សន្ទនា​រវាង​សហគមន៍​មូលដ្ឋាន និង​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​កិច្ចសហការ​បង្កើន​ប្រសិទ្ធភាព​ការគ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​លើក​កម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​។

កាលពី​ឆ្នាំ​ ២០១៦ ក្រសួងបរិស្ថាន​ធ្លាប់​បានរៀបចំ​វេទិកា​ថ្នាក់ជាតិ​លើក​ទី​ ១ ​ស្តីពី​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​វិមាន​សន្តិភាព​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕