
លោក សាយ សំអាល់ នៅខេត្តព្រះសីហនុកាលពីថ្ងៃ ៨ មេសា។ ក្រសួងបរិស្ថាន
ព្រះសីហនុៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បាន បង្ហាញការប្ដេជ្ញាចិត្តបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តព្រះសីហនុឲ្យបានទាំងស្រុងដោយប្រើវិធីដោះស្រាយតាមរយៈការចរចា តាមផ្លូវតុលាការ ឬតាមការចុះបញ្ជីដីធ្លីឲ្យបានចប់សព្វគ្រប់ជាដើម ប៉ុន្តែលោកក៏បានព្រមានចំពោះអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋផងដែរ ខណៈវិវាទដីធ្លីក្នុងខេត្តនេះកំពុងមានភាពស្មុគស្មាញ។
ការប្ដេជ្ញាចិត្តបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី ១ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុកាលពីថ្ងៃចន្ទដោយលោកថ្លែងថា ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងខេត្តព្រះសីហនុត្រូវបញ្ចប់ឱ្យបានទាំងស្រុង។
លោកបានថ្លែងថា៖ «មិនត្រូវឱ្យកើតឡើងនូវជម្លោះថ្មីៗទៀតឡើយ...»។
បើតាមលោក សំអាល់ ការដោះស្រាយជម្លោះដីធ្លីត្រូវធ្វើឡើងតាមរយៈការចរចាតាមផ្លូវតុលាការ ឬតាមរយៈការចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យបានសព្វគ្រប់។
ទន្ទឹមនឹងនេះលោករដ្ឋមន្ដ្រីក៏បានព្រមានចំពោះជនខិលខូចដែលជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ផងដែរ ដោយលោកថាគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់បានទេ។
លោកបានបន្ថែមថា៖ «ខេត្តព្រះសីហនុបាននិងកំពុងទទួលបានផលពីផ្លែផ្កាសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍដែលបានមកពីការយកជីវិតធ្វើដើមទុនរបស់ថ្នាក់ដឹកនាំយើង»។
លោករដ្ឋមន្ត្រីបានជំរុញឲ្យរួមគ្នាគិតគូរដើម្បីទាញយកផលនៃការអភិវឌ្ឍក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧ ភាគរយក្នុង ១ ឆ្នាំបង្កើតការងារធ្វើសម្រាប់ពលរដ្ឋកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក សាយ សំអាល់ បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាមានគោលដៅប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតាមការណែនាំរបស់លោកនាយករដ្ឋមន្ដ្រីក៏ដូចជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា បញ្ហាជម្លោះដីធ្លីក្នុងខេត្ដព្រះសីហនុបានកើតឡើងជាយូរឆ្នាំមកហើយៗកន្លងមកអាជ្ញាធរបានយកចិត្ដទុកដាក់ដោះស្រាយដែរ ប៉ុន្ដែទំនាស់ចាស់មិនទាន់បានបញ្ចប់ផងស្រាប់តែទំនាស់ថ្មីបានកើតឡើង។
លោកថា៖ «បច្ចុប្បន្ននេះដីឡើងថ្លៃ ជម្លោះថ្មីៗក៏បានកើតឡើងកាន់តែច្រើនទៀតដែរ។ រាជរដ្ឋាភិបាលបានផ្លាស់ប្ដូរថ្នាក់ដឹកនាំចុះជួយខេត្ដព្រះសីហនុដោយដាក់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថានឲ្យចុះមកជួយការងារថ្នាក់ជាតិ ថ្នាក់ខេត្ដព្រះសីហនុ សង្ឃឹមថាការប្ដេជ្ញាចិត្ដរបស់គាត់នេះ ប្រជាពលរដ្ឋនឹងទទួលយកបាន ប៉ុន្ដែលទ្ធផលយ៉ាងណាៗយើងសង្ឃឹមថានឹងមានប្រសិទ្ធភាពខ្ពស់ តែកុំឲ្យការប្ដេជ្ញាមានត្រឹមសម្ដីឯការអនុវត្ដគ្មានប្រសិទ្ធភាព»។
លោក សុខុម បានកត់សម្គាល់ឃើញថា បញ្ហាវិវាទដីធ្លីនេះជាបញ្ហាស្មុគស្មាញ ហើយការដោះស្រាយអាចដំណើរការរលូនទៅបានលុះត្រាតែមានការសហការពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សហគមន៍ទំនាស់ដីធ្លី និងភាគីទំនាស់ផងដែរ។
លោកថា៖ «ការដោះស្រាយនេះលុះត្រាមានសង្គមស៊ីវិលចូលរួមផងដែរទើបមានប្រសិទ្ធភាពខ្ពស់ អាចទទួលយកបាន។ យើងឃើញថាកន្លងមកអ្នកចុះមកជួយ មិនយកចិត្ដទុកដាក់ ទើបរាជរដ្ឋាភិបាលផ្លាស់ប្ដូរថ្មីនេះ។ អ៊ីចឹង សង្ឃឹមថាដាក់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាននេះមកនឹងមិនធ្វើឲ្យរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋមានការអស់សង្ឃឹមនោះទេ។ ពួកគាត់អាចនឹងមានក្ដីសង្ឃឹម និងភាពជឿជាក់ឡើងវិញ»។
យ៉ាងណាក្ដីលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានបង្ហាញជំនឿលើសកម្មភាពអនុវត្តជាក់ស្ដែងក្នុងការដោះស្រាយបញ្ហាទំនាស់ដីនេះ។
លោកបានថ្លែងថា៖ «ផ្ដេកផ្តួលទៅលើការប្ដេជ្ញា និងការដោះស្រាយបានរបស់ថ្នាក់ដឹកនាំជាតិពីមុនៗមក ខ្ញុំជឿលើកាយវិការដោះស្រាយជាក់ស្ដែងរបស់លោករដ្ឋមន្ត្រី សាយ សំអាល់វិញ មិនជឿលើវាចាប្ដេជ្ញាថា នឹងដោះស្រាយរបស់គាត់ទេ»។
លោក ព្រាប កុល នាយកប្រតិបត្ដិអង្គការតម្លាភាពកម្ពុជាយល់ឃើញថា ការប្តេជ្ញាចិត្តមិនមានប្រសិទ្ធភាពទេ ប្រសិនបើគ្មានវិធានការជាក់លាក់ និងការអនុវត្តឱ្យបានម៉ឺងម៉ាត់។
លោកថា៖ «ពេលវេលានឹងប្រាប់យើងថា ការប្តេជ្ញាចិត្តនេះអាចធ្វើបានឬយ៉ាងណា?»៕