ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសស្វាគមន៍ចំពោះប្រទេសម៉ាឡេស៊ីដែលមានបំណងឱ្យអ្នកវិនិយោគរបស់ខ្លួនមកវិនិយោគលើការគ្រប់គ្រងសំណល់ និងការរៀបចំរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅទីក្រុងមួយចំនួននៅកម្ពុជា។
ការប្រកាសស្វាគមន៍បែបនេះធ្វើឡើង ខណៈលោក សាយ សំអាល់ ជួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាលោក Eldeen Husaini Bin Mohd Hashim កាលពីថ្ងៃអង្គារ។
ហ្វេសប៊ុកក្រសួងបរិស្ថានបានដកស្រង់សម្ដីលោករដ្ឋមន្ត្រីរូបនេះថា៖ «ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្ត និងស្វាគមន៍យ៉ាងកក់ក្ដៅលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ កម្ពុជា-ម៉ាឡេស៊ី នៅឆ្នាំខាងមុខលើការចែករំលែកបទពិសោធក្នុងការរៀបចំទេសចរណ៍ធម្មជាតិ និងមានគោលបំណងឱ្យអ្នកវិនិយោគិនពីប្រទេសម៉ាឡេស៊ីមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើការគ្រប់គ្រងសំណល់ ការរៀបចំរោងចក្រប្រព្រឹតិ្តកម្មទឹកកខ្វក់ពីទីក្រុង»។
ហ្វេសប៊ុកដដែលបញ្ជាក់ថា លោកឯកអគ្គរាជទូត Eldeen សន្យាថានឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី និងបានស្នើលោក សាយ សំអាល់ ទៅចូលរួមសន្និសីទអាស៊ានលើកទី ៣ ស្តីពីជីវចម្រុះនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៥ ដល់ទី ២០ ខែមីនា ខាងមុខ។
ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានបញ្ជាក់ក្នុងហ្វេសប៊ុកកាលពីថ្ងៃអង្គារថាក្នុងជំនួបនេះ លោក Eldeen និងលោក សាយ សំអាល់ បានពិភាក្សាសំខាន់លើអត្ថប្រយោជន៍របស់ប្រទេសម៉ាឡេស៊ី និងកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសលើការគ្រប់គ្រងសំរាម ការថែទាំទឹក និងអេកូទេសចរណ៍។
ហ្វេសប៊ុកស្ថានទូតម៉ាឡេស៊ីបញ្ជាក់ថា៖ «ឯកឧត្តមឯកអគ្គរាជទូតបានស្នើអញ្ជើញកម្ពុជាក្នុងការសហការជាមួយក្រុមហ៊ុន Alam Flora Sdn Bhd និងក្រុមហ៊ុន Indah Water Konsortium Sdn Bhd របស់ម៉ាឡេស៊ីក្នុងការកាត់បន្ថយសំរាម និងផ្តល់នូវបរិស្ថានស្អាតដល់ព្រះរាជាណាចក្រកម្ពុជា»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា នេះគ្រាន់តែជាការពិភាក្សា មិនទាន់ចេញជាផ្លែផ្កានោះទេ ទាក់ទងនឹងគោលបំណងឱ្យអ្នកវិនិយោគិនម៉ាឡេស៊ីមកវិនិយោគនៅប្រទេសកម្ពុជានេះ។
លោកថា៖ «អាហ្នឹងគ្រាន់តែជាការលើកសំណូមពរដំបូង»។
សេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃអង្គារបញ្ជាក់ថា ការដាក់ចេញគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនគឺជាកិច្ចការបន្ទាន់ដើម្បីដោះស្រាយបញ្ហាប្រឈមពេលបច្ចុប្បន្ន និងអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ សោភណភាពទីប្រជុំជន និងការពារប្រព័ន្ធអេកូឡូស៊ីដែលជាឧត្តមប្រយោជន៍ជាតិ។
លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃ និងអនាម័យសហគមន៍ (CSARO) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា វាជាការល្អដែលប្រទេសម៉ាឡេស៊ីមានបំណងមកជួយដោះស្រាយបញ្ហាកាកសំណល់នេះជាមួយកម្ពុជា។
លោកថ្លែងថា៖ «ដូចគម្រោងខាងខ្ញុំ ឬខាងផ្សេងៗធ្វើគឺច្រើនតែពេលយើងធ្វើចប់ទៅវាចប់ដែរ។ ដូច្នេះវាអត់មានអី ខាងអាជ្ញាធរយើងបន្តទៅមុខអ៊ីចឹងណា»។
លោក ហេង យ៉ុនគូរ៉ា បញ្ជាក់ថាការគ្រប់គ្រងកាកសំណល់ដោយរដ្ឋចាប់ពីថ្នាក់ជាតិដល់ថ្នាក់ឃុំ សង្កាត់ គឺដើរតួសំខាន់ជាងការគ្រប់គ្រងដោយឯកជន។ ប្រសិនបើអាជ្ញាធរមានគណៈកម្មការគ្រប់គ្រង និងត្រួតពិនិត្យបានត្រឹមត្រូវ វាអាចប្រសើរជាងការគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។ លោកថា៖ «ខ្ញុំឃើញដែលគេវិនិយោគហ្នឹងត្រូវការយកចំណេញហើយមិនសូវគិតរឿងបរិស្ថានអីច្រើនទេ។ បើគិតរឿងបរិស្ថាន វាមិនចំណេញប៉ុន្មានទេ»៕