ភ្នំពេញៈ តាម​របាយ​ការណ៍​បង្ក​បង្កើន​ផល​ស្រូវគិតត្រឹម​ថ្ងៃទី​ ៥ ខែ ​សីហា របស់​ក្រសួង​កសិ​កម្ម​រុក្ខាប្រ​មាញ់ និង​នេសា​ទបាន​ឲ្យដឹ​ងថា នៅ​រដូវ​វស្សា​​ឆ្នាំ​នេះ ការ​បង្ក​បង្កើន​ផល​ស្រូវ​បាន​ជាង​ ២ ​លាន​ហិក​តា ស្មើនឹងជិត ៨៣% ​ខណៈការ​នាំ​ចេញ​កសិផ​ល​មាន​ជិត ២,៥​ លាន​តោន ប៉ុន្តែ​លោក ​វេង សាខុ​ន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ក្តី​​បារម្ភ​ពី​អា​កាស​ធាតុ​ដែល​មាន​ភាព​មិន​ប្រ​ក្រតី​។

របា​យ​ការណ៍​របស់​ក្រសួង​ដែល​បាន​ផ្សព្វ​ផ្សាយលើ​បណ្តាញ​សង្គម​របស់​លោក វេង សា​ខុន កាល​ពី​ម្សិល​មិញ ​បាន​បង្ហាញ​ថា​ ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ​ក្នុង​រដូវ​វស្សា​ទូទាំង​ប្រទេស​នៅ​ក្នុងឆ្នាំ​នេះ ​គឺ​មាន​ផ្ទៃដី​សរុប​ ២ ៣២៦ ៩១០ ហិកតា ​ក្នុង​នោះ​ផ្ទៃដី​បង្ក​បង្កើន​ផល​បាន​មាន​ប្រមាណ ​២ ១៣៧ ៧៥៨ ហិក​តា ស្មើ​នឹង ​៨២,​៦៦% ​នៃ​ផែន​ការ​សរុប​។ ក្នុង​ចំណោម​ផ្ទៃដី​ដែល​បាន​ដាំ​ដុះ​ស្រូវ​វស្សា​នេះ ​គឺមាន​ជាង ៦ សែន​ហិក​តា បាន​ដាំ​ស្រូវ​ស្រាល ​ចំណែក​ការ​ដាំស្រូវ​កណ្តាល​មាន​ជាង​ ១​ លាន​ហិក​តា និង​ស្រូវ​ធ្ងន់​មាន​​ជិត​ ៤ ​សែន​ហិកតា​។

របាយ​ការណ៍​នេះ ត្រូ​វ​បាន​លោក ​វេង សាខុន អះ​អាង​ថា​គឺ​ជា​លទ្ធ​ផល​ដែល​បាន​បូកសរុប​ចាប់​ពី​ដើម​ឆ្នាំ​ ២០១៩​ មក​ចំពោះ​ការ​នាំ​ចេញ​កសិ​ផល រីឯ​ការងារ​បង្ក​បង្កើន​ផល​គឺ​បាន​បូក​ចាប់​ពីដើ​មរ​ដូវ​វ​ស្សាមក។ ចំពោះ​ផ្ទៃដី​ដែល​បាន​ដាំ​ដំណាំ​រួម​ផ្សំ​ ​មាន​ ពោត ដំឡូង​ជ្វា ​បន្លែ​គ្រប់​មុខ​ រួមទាំង​អំពៅ​ និង​ស​ណ្តែ​ក​ជា​ដើម​នោះ​ក៏​មាន​ប្រមាណ ៤៤​ ០០៣ ហិក​តា ខណៈ​ផ្ទៃដី​ដាំ​ដំណាំ​ឧស្សា​ហកម្ម​រយៈ​ពេល​ខ្លីមាន​ប្រមា​ណ​ជាង ៧ សែន​ហិក​តា។​

របាយកា​រណ៍​ដដែលក៏​បាន​ឲ្យ​ដឹង​បន្ត​ថា ចំ​ណែក​ស្ថិតិ​នៃ​ការ​នាំចេ​ញ​កសិផល​នា​ដើម​ឆ្នាំ​នេះ ​គឺមុខ​ទំនិញ​កសិ​ផល​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេ​ស ដូច​ជា អង្ករ​ ដំឡូង​មី គ្រាប់​ស្វាយ​ចន្ទី ​ពោត ​សណ្តែកសៀង​ ចេក​ ស្វាយ ​ម្រេច ​បន្លែ និង​ដំ​ណាំ​ផ្សេងៗ​ទៀត​គឺ​មាន​ប្រមាណ ២ ​៤៤៩​ ៩៤៥,១៩ ​តោន។ ក្នុង​នោះមានការនាំ​ចេញ​ទៅ​ប្រទេ​ស​ប្រមាណ​ ២០​ មា​ន​ដូ​ចជា ចិន ​ថៃ​ វៀត​ណាម ​បា​រាំង ​កូរ៉េ​ អង់​គ្លេស​ និង​ឥណ្ឌា ​ជា​ដើម​។

ជា​មួយ​នឹ​ង​ការ​ប​ង្ហា​ញរ​បា​យ​ការ​ណ៍នេះ លោក វេ​ង សាខុន​ បាន​លើក​ឡើង​​ថា ​ឆ្នាំ​នេះពិតជា​​ចម្លែក​ណាស់​ដែលតាម​សេចក្តី​រាយការណ៍​កាល​ពីថ្ងៃ​ទី​ ៥ ខែ​ សីហា ​ឆ្នាំ ២​០១៩​ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​បាត់​ដំបង បើទោះ​បី​ជា​ភ្លៀង​​បាន​ធ្លាក់​រាយប៉ា​យ តាម​បណ្តា​ក្រុង ស្រុក​មួយ​ចំនួន​ក្ដី ក៏​នៅ​មានភូមិ​ ​ឃុំមួ​យចំ​នួ​ន ​នៃស្រុក​មោង​ឫស្សី​នៅតែមិន​ទាន់​ទទួល​បាន​ទឹក​ភ្លៀង​​គ្រប់​គ្រាន់​ ពោល​គឺបាន​ត្រឹ​ម​សើម​ដីតិ​ចតួច​ធ្វើឱ្យ​មាន​បញ្ហា​ប្រ​ឈម​ និង​កា​រ​បា​រ​ម្ភ​។

ភ្នំពេ​ញ​​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​​ពី​លោក​ ស្រី វុ​ឌ្ឍី អ្នក​នាំពា​ក្យ​ក្រសួង​កសិក​ម្ម រុ​ក្ខាប្រមាញ់ ​និង​នេសាទ ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​សារ​មិន​មាន​អ្នក​លើក​​ទូរស័​ព្ទ កាលពី​ម្សិល​មិញ។​

លោក​ស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក បាន​ថ្លែងថា ការ​ដាំដុះ​​របស់​កសិករនៅតែ​ធ្វើ​បែបធម្មតា​ ស្រប​ពេល​បញ្ហា​ប្រឈម​មានដដែលៗ​ តែ​លោក​ស្រី​យល់​ថា​ កម្ពុជា ​គួរ​តែ​ចៀស​វាង​ការ​ធ្វើ​កសិ​កម្ម​អា​ស្រ័យ​លើ​មេឃ​បន្ត​ទៀត​។

លោក​ស្រី​បញ្ជាក់​ថា៖ «តាម​ពិត​ខ្ញុំ​មិន​ដឹង​របាយ​ការណ៍​ស្តីពី​ស្ថិតិ​ច្បាស់​នោះ​ទេ ប៉ុ​ន្តែ​ជាទូ​ទៅ​តាម​ការ​សង្កេត​ឃើញ​របស់​ខ្ញុំ នៅ​តាម​តំបន់​ជន​បទ គឺ​ឃើញ​ថា​ការ​ធ្លាក់​ភ្លៀង​មាន​ច្រើន​គួរសមហើយ​កសិក​រចាប់​ផ្តើមបង្កប​ង្កើន​ផល ដំណាំ​ចម្ការ​ធំៗ ដូច​ជា​ដំឡូង​មី​អីហ្នឹង។ មាន​ការ​ដាំដុះ​បាន​ច្រើន ហើយ​តំបន់​ដែល​មាន​ទឹក​គ្រប់​គ្រាន់​ ពួ​ក​គាត់ ចា​ប់ផ្តើម​ដាំ ដោយ​ខ្លះ​ក៏បាន​ប្រមូល​ផល​នៅ​ដើម​រដូវ​ ខ្លះ​ក៏​ប្រឈម​នឹង​ការរាំ​ងស្ងួត​ហែង ដោយសារ​គ្មាន​ភ្លៀង ដោយ​តំបន់​ខ្លះ​ក៏​មាន​ការ​ជន់​ជោរ​លិច​ខូច​អស់ ព្រោះ​ភ្លៀង»។

លោកស្រី តុង ចាន់​ធាង ស្នើ​ឲ្យ​រដ្ឋា​ភិ​បាល ជាពិ​សេស​ក្រសួង​កសិ​កម្ម គួរ​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ដដែល​​ៗ​របស់​កសិករ​ឲ្យ​បាន ចៀសវាង​បង្ហាញ​តែ​តួ​លេខ ខណៈ​លោក​ស្រី​បារម្ភ​ថា នៅពេល​កសិករ​ប្រមូល​​ផល តម្លៃ​កសិ​ផល នឹង​មាន​ការ​ធ្លាក់​ចុះ ព្រោះថា​ កសិករ​ក៏​នៅ​ប្រឈម​ជា​ដដែល​ទៅនឹង​បញ្ហា​ទីផ្សារ ដែល​មាន​ការ​ធ្លាក់​ចុះ​ នៅ​ពេល​ដល់រដូ​វប្រមូល​ផល​ ហើយ​បញ្ហា​នេះ ​ពេល​ខ្លះនាំ​ឲ្យ​កសិក​រ បោះ​បង់​​មុខ​របរ​នេះ​ទៀត​ផង​។

តាម​របាយកា​រណ៍​បូក​សរុប​ការងារ​របស់​ក្រសួង​កាលពីឆ្នាំ ២០១៨ បាន​ឲ្យ​ដឹង​ថា ​រយៈ​ពេល​ពេញ​ ១ ឆ្នាំ ​ការងារ​បង្ក​បង្កើ​នផ​ល​ស្រូវ​ទូទាំង​ប្រ​ទេស គឺ​មាន​ផ្ទៃដី​ចំនួន ៣,៣៤ លាន​ហិក​តា ដោយ​ការ​ដាំដុះ​​ស្រូវវ​ស្សា មាន​ប្រ​មាណ​ ២,៧៥ ​លាន​ហិក​តា​ ស្រប​ពេល​ដែល​ការ​នាំ​ចេញ​កសិ​ផល​សរុបកាលពី​ឆ្នាំ​មុន​គឺ​មាន​ប្រមាណ ​៤,២៣ ​លាន​តោន​ ៕