ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសជាថ្មីកាលពីម្សិលមិញនេះថា ក្រសួងគ្មានបំណងបិទឬគ្រប់គ្រងហ្វេសប៊ុក (Facebook) និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀតឡើយ បើទោះបីជាកន្លងមកអ្នកប្រើប្រាស់ខ្លះ បានបង្កភាពចលាចលក្នុងសង្គមក្តី តែក៏បណ្តាញទាំងនេះនៅតែផ្តល់ចំណេះដឹងនិងការយល់ដឹងច្រើនដល់អ្នកប្រើប្រាស់។
ក្នុងពិធីបូកសរុបលទ្ធផលការងារវិស័យព័ត៌មាននិងសោតទស្សន៍ប្រចាំ ឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ កាលពីថ្ងៃពុធម្សិលមិញនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាមន្ត្រីរដ្ឋាភិបាលដែលសកម្មនឹងការប្រើប្រាស់បណ្តាញហ្វេសប៊ុក បានមានប្រសាសន៍ថា ហ្វេសប៊ុក គឺជាមធ្យោបាយបញ្ជូនព័ត៌មាន ចែកចាយព័ត៌មាន និងធ្វើអត្ថាធិប្បាយបញ្ចេញយោបល់ទៅវិញទៅមកយ៉ាងពេញនិយម តែមិនមែនជាព័ត៌មានផ្លូវការដែលគួរឲ្យទុកចិត្តទាំងស្រុងនោះទេ។
លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នមនុស្សមួយចំនួន នៅតែយកហ្វេសប៊ុកធ្វើជាវេទិកា ជេរប្រមាថ មួលបង្កាច់ បំភ្លៃ បំផ្លើស ញុះញង់ អុជអាល បញ្ឆេះកំហឹង រើសអើងជាតិសាសន៍ ប្រើពាក្យអសុរោះ ប្រើរូបភាពកាត់ត ប្រើរូបភាពអាសអាភាស កាត់តសំឡេង និងបញ្ជូលសំឡេង ជាដើម ដែលបង្កនូវភាពច្របូកច្របល់ និងធ្វើឲ្យអាប់ឱនដល់តម្លៃនៃសីលធម៌សង្គម។
លោក ខៀវ កាញារីទ្ធ បានថ្លែងបញ្ជាក់ថា៖ «យើងអត់មានការព្រួយបារម្ភទេ... ដោយឡែក បើយើងផ្ទឹមពីរបីឆ្នាំមុន ដែលយុវជនទើបចេះប្រើហ្វេសប៊ុក យើងឃើញឥឡូវមានការយល់ដឹងច្រើន អ្នកដែលជេរបញ្ចោរ ភាគច្រើនមានគំនិតទាប ខ្លះមានជំនាញចាំតែជេរ តែអ្នកខ្លះគេចេះផ្តល់ព័ត៌មាន ផ្លាស់ប្តូរគ្នា...អ៊ីចឹង បើកល្អជាងបិទ...»។
លោករដ្ឋមន្ត្រីបន្ថែមឲ្យដឹងថា ភាគច្រើននៃអ្នកដែលប្រើប្រាស់បណ្តាញសង្គមមិនល្អ ច្រើនតែលាក់អត្តសញ្ញាណនិងជាអ្នករស់នៅក្រៅប្រទេស ដែលមិនបានយល់ច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជា។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ បានគាំទ្រនូវចំណាត់ការរបស់រដ្ឋាភិបាលចំពោះការបើកទូលាយនូវសិទ្ធិមូលដ្ឋាន នៃបណ្តាញចែករំលែកព័ត៌មាននេះ ហើយលោកក៏បានជំរុញឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងនានា គួរតែចេះពិចារណា វិភាគ និងបែងចែកឲ្យបានច្បាស់ពីផលប៉ះពាល់របស់បណ្តាញទាំងនេះ។
លោក មឿន ឈានណារិទ្ធ និយាយថា៖ «អ្នកប្រើប្រាស់ហ្វេសប៊ុក មានជម្រើសរបស់ខ្លួន ក្នុងការមើល ឬមិនមើលអ្វីមួយដែលខ្លួនយល់ថា មិនសមរម្យ។ អ្នកប្រើប្រាស់ មានតួនាទីស្រដៀងនឹងអ្នកព័ត៌មានដែរ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយមហាជន ដែលគប្បីត្រូវចេះ គោរពនូវសីលធម៌ផ្ទាល់ខ្លួន ចៀសវាងបង្កភាពចលាចល...បើពួកគេបន្តធ្វើខុស នាំឲ្យថ្ងៃក្រោយមានច្បាប់ ហើយច្បាប់នេះដាក់សម្ពាធលើពួកគេខ្លួនឯងនោះទេ»។
សម្រាប់អ្នកនិយមប្រើប្រាស់ហ្វេសប៊ុក កញ្ញា រ៉ា ស្រីនិច ជានិស្សិតឆ្នាំ ទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសម្តែងការយល់ឃើញថា បើទោះជាបណ្តាញហ្វេសប៊ុកនេះ មានអត្ថប្រយោជន៍ច្រើន តែពាក់ព័ន្ធនឹងការចែករំលែកតៗគ្នា យ៉ាងឆាប់រហ័សពីសំណាក់ អ្នកប្រើប្រាស់មួយចំនួន គឺមិនបានពិចារណាលម្អិតពីផលប៉ះពាល់នៃការចែករំលែកព័ត៌មានរបស់ខ្លួននោះទេ ជាក់ស្តែង ការចែករំលែកនូវគេហទំព័រ ឬវីដេអូ មិនសមរម្យ អាសអាភាស ឬគ្រោះថ្នាក់ចរាចរណ៍សាហាវៗ ជាដើម។
កញ្ញាបន្តថា៖ «យើងមិនអាចកំណត់បានទេ ពីអាយុពិតប្រាកដរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនីមួយៗ ក្មេងខ្លះទើប ១០ឆ្នាំ ក៏ចេះប្រើហ្វេសប៊ុកដែរ ហើយចូលចិត្តមើលវីដេអូ ដែលចែកតៗគ្នានោះ។ តើពួកគេអាចយល់ និងពិចារណាបានកម្រិតណាពីខ្លឹមសារដ៏ច្រើនសម្បូរបែបមាននៅលើបណ្តាញសង្គមនេះ?»៕