សៀមរាបៈ រដ្ឋមន្ត្រីមកពីក្រសួងចំនួន ៣ បានរួមគ្នាស្នើឱ្យវិស័យឯកជនបង្កើនការគាំទ្រដល់សហគមន៍ ដោយជំរុញឱ្យមានការរៀបចំនូវកញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍ដែលអាចឱ្យប្រជាសហគមន៍បានទទួលផលប្រយោជន៍សេដ្ឋកិច្ច ហើយបញ្ឈប់ប្រកបមុខរបរខុសច្បាប់ ឬអាជីវកម្មដែលបំផ្លាញធនធានធម្មជាតិ។
ការជំរុញ និងស្នើឡើងឱ្យមានសកម្មភាពទេសចរណ៍នៅតាមសហគមន៍នេះត្រូវបានធ្វើឡើងក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី ២ នាថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ កន្លងមកនេះក្នុងខេត្តសៀមរាប។ វេទិកានេះធ្វើឡើង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក ថោង ខុន បានថ្លែងក្នុងវេទិកានោះថា កម្ពុជាសម្បូរទៅដោយសក្តានុពលធម្មជាតិ និងអេកូទេសចរណ៍នៅទូទាំងប្រទេសរាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិក «ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក» តំបន់ជួរភ្នំក្រវាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគឦសានដែលមានសត្វផ្សោតដ៏កម្រជាដើម។
លោក ថោង ខុន បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិតាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួនដោយផ្ទាល់។
គោលបំណងសំខាន់ក្នុងការជំរុញឱ្យមានការគាំទ្រដល់សហគមន៍នេះគឺដើម្បីឱ្យប្រជាសហគមន៍បានទទួលផលប្រយោជន៍សេដ្ឋកិច្ច ហើយឈប់ប្រកបមុខរបរខុសច្បាប់ ឬអាជីវកម្មដែលបំផ្លាញធនធានធម្មជាតិដោយឈប់បរបាញ់សត្វ កាប់បំផ្លាញព្រៃឈើ និងងាកមកធ្វើជាមគ្គុទ្ទេសក៍នាំភ្ញៀវ លក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ រត់ម៉ូតូដឹកភ្ញៀវ បើកផ្ទះស្នាក់ និងចូលរួមសកម្មភាពផ្សេងៗទៀត។
លោក សាយ សំអាល់ បានថ្លែងក្នុងវេទិកានេះដែរថា ក្រសួងបរិស្ថានបាននិងកំពុងធ្វើការងារពាក់ព័ន្ធនឹងវិស័យអេកូទេសចរណ៍ស្របទៅនឹងសសរស្តម្ភទាំង ៤ របស់ក្រសួងបរិស្ថានដែលរួមមាន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការរស់នៅប្រកបដោយចីរភាព និងការធ្វើទំនើបកម្មស្ថាប័ន។
លោក សាយ សំអាល់ បានថ្លែងឱ្យដឹងថា៖ «ដើម្បីឱ្យការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិទទួលបានជោគជ័យនោះគឺត្រូវមានការចូលរួមយ៉ាងសំខាន់ពីប្រជាពលរដ្ឋនៃសហគមន៍មូលដ្ឋាន ហើយដើម្បីឱ្យមានការចូលរួមទៅបានលុះត្រាតែប្រជាពលរដ្ឋទទួលបាននូវជម្រើសថ្មីក្នុងការរស់នៅ ចៀសវាងការពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង»។
លោក សាយ សំអាល់ ថ្លែងថា ជម្រើសថ្មីទាំងនោះរួមមាន មុខរបរ ដាំបន្លែ ឬចិញ្ចឹមសត្វជាដើម និងតម្រូវការជាក់ស្តែងរួមមាន អគ្គិសនី និងទឹកស្អាតជាដើម។ ក្នុងនោះដែរការរៀបចំសហគមន៍តំបន់ការពារធម្មជាតិគឺជាយន្តការចាំបាច់ដើម្បីអាចឱ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមការងារអភិរក្សជាមួយមន្ត្រីឧទ្យានុរក្ស។
ពាក់ព័ន្ធនឹងវិស័យអេកូទេសចរណ៍នេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានគូសបញ្ជាក់ផងដែរថា សក្តានុពលអេកូទេសចរណ៍ដែលស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្មដែលរួមមាន សហគមន៍នេសាទចំនួន ៥១១ (ក្នុងនោះ ១៣១ សហគមន៍ មានសក្តានុពលបង្កើតជាតំបន់អេកូទេសចរណ៍) សហគមន៍ព្រៃឈើចំនួន ៦៣៨ សហគមន៍ និងសហគមន៍កសិកម្មចំនួន ១១៩០ សហគមន៍។
លោករដ្ឋមន្ត្រីថ្លែងថា៖ «យើងសង្ឃឹម និងជឿជាក់ថា វេទិកាជាតិនេះនឹងផ្តល់ឱកាសជួបជុំគ្នាដើម្បីពិនិត្យតាមដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈម ព្រមទាំងរួមគ្នារិះរកវិធានការដោះស្រាយប្រកបដោយគំនិតច្នៃប្រឌិត និងការបំពេញភារកិច្ចតាមគន្លងថ្មីដើម្បីផលប្រយោជន៍រួម»។
លោករដ្ឋមន្ត្រីបានថ្លែងថា ការចូលរួមចំណែកពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងវិស័យកសិទេសចរណ៍រួមគ្នាជួយទ្រទ្រង់ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ និងការធានានូវចីរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
គួរបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោកក៏បានចាត់ទុកថាអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍រួមទាំងទេសចរណ៍ជនបទផងដែរ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោកដែលនៅតែមានសកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិកូវីដ១៩ ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន។
បើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ដោយសារតែជួបនូវវិបត្តិជំងឺកូវីដ១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១,៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០ ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៩ លាននាក់ ដោយមានការថយចុះ ២០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕