ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ថ្លែង​ថា អង្គការ​សង្គមស៊ីវិល​មួយចំនួន​មាន​ចេតនា​មិនល្អ​ចំពោះ​រាជរដ្ឋាភិបាល​ដោយ​ចោទ​ខុសពី​ការពិត ថា​អាជ្ញាធរ​រឹតត្បិត​សិទ្ធិសេរីភាព​អំពី​ករណី​វិវាទ​ជាមួយ​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ​។ លោក​ស្នើ​ឲ្យ​ពួកគេ​សហការ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់ បើកចំហ និង​តម្លាភាព ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ប្រកបដោយ​ប្រសិទ្ធភាព​។

ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ទី​ ៤ ​ដែល​ត្រូវបាន​រៀបចំ​ឡើង​ពី​ម្សិលមិញ​ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ ប្រតិភូ​រាជរដ្ឋាភិបាល អាជ្ញាធរ​រាជធានី-ខេត្ត លោក ស ខេង ថ្លែងថា​ជា​រួម​ការធ្វើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​តាម​មូលដ្ឋាន​មាន​ភាពល្អប្រសើរ​ជាធម្មតា មិនមាន​ការរឹតត្បិត​ក្នុង​ការធ្វើ​សកម្មភាព​របស់​ពួកគេ​ជា​ដុំកំភួន​ឡើយ​។

លោក​ថា ក្នុង​អំឡុង​ឆមាស​ទី​ ២ ឆ្នាំ​ ២០១៩ ក្រសួង​បានទទួល​សេចក្តី​រាយការណ៍​ចំនួន​តែ​ ២ ​ករណី​ប៉ុណ្ណោះ គឺ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​ពាក់ព័ន្ធ​ការរារាំង​សកម្មភាព​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

លោក​បញ្ជាក់ថា​៖ «​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យឃើញ​ជាទូទៅ​ថា ការធ្វើ​សកម្មភាព​របស់​អង្គការ សង្គម​ស៊ីវិល​នៅ​តាម​មូលដ្ឋាន​មិន​មាន​ការរឹតត្បិត​នោះឡើយ​។ ជាមួយ​នេះ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មាន​ការយល់ដឹង​ច្រើន និង​ផ្តល់​កិច្ចសហប្រតិបតិ្តការ​កាន់តែ​ច្រើន​ឡើង​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​»​។

លោក​បន្តថា មាន​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ចោទ​ខុសពី​ការពិត​អំពី​ករណី​វិវាទ​ជាមួយ​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ​ថា អាជ្ញាធរ​រឹតត្បិត​សិទ្ធិ​សេរីភាព​រហូត​ដល់​រាប់រយ​ករណី​។ ប៉ុន្ដែ​ពុំ​បាន​បង្ហាញ​ភ័ស្ដុតាង​ជាក់លាក់​ណាមួយ​នោះទេ​ដែល​ការផ្សព្វផ្សាយ​ព័ត៌មាន​បែប​នេះ​គឺ​មាន​ចេតនា​មិនល្អ​ជាមួយ​រាជរដ្ឋាភិបាល​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​ស្នើថា ព័ត៌មាន​កុំ​លាក់​។ ឧបមាថា ឥឡូវ​មាន​បញ្ហា​នៅ​កន្លែង​ណា ព្រោះ​បើ​មិន​អ៊ីចឹង​យើង​មិនដឹង ដោះស្រាយ​យ៉ាងម៉េច ស្រាប់​តែ​គាត់ ​[​អង្គការ​សង្គម​ស៊ីវិល​] យកមក​បំផ្ទុះ​ព័ត៌មាន​ថា ឆ្នាំនេះ​មាន​ប៉ុន្មាន​រយ​ករណី​ដែល​អាជ្ញាធរ​គាបសង្កត់ គំរាមកំហែង ហើយ​សួរថា​នៅ​ណា​ព័ត៌មាន​ឲ្យ​គាត់​ផ្ដល់ព័ត៌មាន​ជាក់លាក់​មក​។ គាត់​អត់​ហ៊ាន​ផ្ដល់​ទេ អ៊ីចឹង​បានន័យថា គាត់​បំប៉ោង​ព័ត៌មាន ខ្ញុំ​អាច​និយាយ​អ៊ីចឹង​»​។

លោក​បន្ថែម​ថា​៖ «​យើង​មាន​យន្តការ​វេទិកាសាធារណៈ​នៅ​ថ្នាក់ជាតិ​នេះ​ផង និង​ថ្នាក់ក្រោម​ជាតិ​ផង​។ អ៊ីចឹង​បើ​ពួកគាត់​លាក់​ព័ត៌មាន យើង​ក៏​មិនដឹង​ដោះស្រាយ​បញ្ហា​យ៉ាងម៉េច​ដែរ​។ តែបើ​គាត់​លាតត្រដាង​ព័ត៌មាន​ដោយ​ចំហ ដោយ​តម្លាភាព ហើយ​សមត្ថកិច្ច​មិន​ដោះស្រាយ​នោះ​ជា​កំហុស​របស់​មន្ត្រី​រដ្ឋាភិបាល​។ តែ​បើ​គាត់​លាក់​ព័ត៌មាន ហើយ​យក​ទៅ​ផ្សព្វផ្សាយ​ទាំង​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត អាហ្នឹង​អាច​ចាត់ទុក​ថា ជា​ចន្លោះ​ប្រហោង ឬ​ក៏​ស្មារតី​សហការ ការកសាង​ភាព​ជា​ដៃគូ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​រដ្ឋាភិបាល​មិនល្អ​»​។

លោក​បន្តថា អង្គការ​សង្គមស៊ីវិល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​កំណែទម្រង់​នានា​របស់​រដ្ឋ ដូចជា​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធាន​ធម្មជាតិ និង​បរិស្ថាន​ជាដើម​។ ទោះជា​យ៉ាងណា​ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​មាន​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការបន្ដ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យ៉ាងពិត​ប្រាកដ ជាមួយ​អង្គការ​សង្គមស៊ីវិល​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច នៅតាម​មូលដ្ឋាន​។

ជាមួយ​គ្នា​នេះ​លោក ស ខេង ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ចំនួន​ ៥.៥៦៤ ដែល​ក្នុងនោះ​មាន​សមាគម ២.២៤៨ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ៣.៣១៦​។

លោក​បន្តថា បន្ទាប់ពី​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល​ចូល​ជា​ធរមាន សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​សរុប​ ៩៦៦ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ស្របតាម​ច្បាប់​ក្នុង​នោះ​សមាគម​ ៤៧១ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៤៩៥​។ ដោយឡែក​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ដែរ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៣៨ ត្រូវបាន​លុបឈ្មោះ​ចេញ​តាម​សំណើ​របស់​សាមីសមាគម និង​អង្គការ​ស្របតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​។ ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​ចំនួន​នៃ​ការបង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ថ្មី​ប្រចាំខែ​នីមួយៗ​មិនមាន​ការថយចុះ​ឡើយ ដែល​ជា​មធ្យម​ក្នុង​ ១ ​ខែ​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ប្រហែល​ ២០​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ការពារ​របាយការណ៍​អង្គការ​របស់​លោក​ដោយ​អះអាង​ថា ជា​របាយការណ៍​ត្រឹមត្រូវ និង​ច្បាស់លាស់​ដែល​ខ្លួន​បាន​រកឃើញ​ថា មាន​ករណី​រឹតត្បិត​រាប់រយ​ករណី​។ ព្រោះ​របាយការណ៍​ត្រូវបាន​ធ្វើឡើង​ដោយ​ការចុះ​ទៅ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ផ្ទាល់​ដល់​កន្លែង​។

លោក​ថា​៖ «​យើង​មិនដែល​លាក់បាំង​ទិន្នន័យ ព័ត៌មាន​ជាមួយ​នឹង​ខាង​មហាផ្ទៃ ពីព្រោះ​នៅ​ថ្នាក់មូលដ្ឋាន​យើង​តែង​មាន​កិច្ចសហការ​ក្នុង​ការដោះស្រាយ​នៅពេល​ដែល​មាន​បញ្ហា​រឹតត្បិត​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​។ យើង​មិនមែន​ចេះតែ​លើក​ឡើង​នូវ​ទិន្នន័យ​ទាំងអស់​នេះ​ទេ​។ ទិន្នន័យ​ខុសគ្នា​នេះ​ខ្ញុំ​យល់ថា វិធីសាស្ត្រ​នៃ​ការទទួល​បាន​ព័ត៌មាន​នៃ​ការជួប​បញ្ហា​របស់​អង្គការ​សង្គម​ស៊ីវិល​»​។

លោក​បន្ថែមថា អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការលាក់បាំង​ករណី​រឹតត្បិត​ទៅ​លើ​សង្គម​ស៊ីវិល​ដោយសារ​ខ្លាច​ក្រសួង​ស្តីបន្ទោស​។ ពីព្រោះ​ខ្លួន​មិន​បាន​សហការ និង​គោរព​តាម​គោលការណ៍​ណែនាំ​របស់​មហាផ្ទៃ តែ​ទោះយ៉ាងណា​លោក​ស្វាគមន៍​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​៕