បាត់ដំបងៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ថ្លែងថា ការបែកបាក់​សង្គម​កើតឡើង​ពី​សង្គម​ដែល​អយុត្តិធម៌ ព្រោះ​តាម​បទពិសោធ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ដែលមាន​ការបែកបាក់ គឺ​ដោយសារ​សង្គម​អយុត្តិធម៌ ហើយ​ថា​ការធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌ គឺជា​ការងារ​ដ៏សំខាន់​មួយ ខណៈ​មន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជាក់ថា ការធ្វើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ គឺ​ត្រូវ​ការចំណាយ​ពេលវេលា​យូរ និង​ទស្សនវិស័យ​វែងឆ្ងាយ​។

នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ៤១ ​នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​នៅឯ​ខេត្តបាត់ដំបង​ពី​ម្សិលមិញ លោក ស ខេង មាន​ប្រសាសន៍​ថា​៖ «​តាម​បទពិសោធ​ជា​ប្រវត្តិសាស្ដ្រ​មក​សង្គម​ដែល​បែកបាក់​នៅ​ស្រុក​ណាក៏ដោយ គឺ​ (​ដោយសារ​) ​អយុត្តិធម៌​។ អ៊ីចឹង​រឿងនេះ​គឺជា​កម្មវត្ថុ​ ១ ​យ៉ាងសំខាន់ ដែល​យើង​ត្រូវតែ​ (​ធ្វើ​) ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នេះ​»​។

លោក​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ការងារ​ធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ រដ្ឋាភិបាល​ក៏​បាន​បង្កើត​ឱ្យ​មាន​ក្រុមការងារ​ដើម្បី​ចុះ​ដោះស្រាយ​វិវាទ​នៅតាម​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ចាប់ពី​ឆ្នាំ​ ២០២០ ​ទៅ​។ លោក​បញ្ជាក់​ដែរ​ថា ប្រភេទ​វិវាទ​ល្មមៗ​នៅតាម​មូលដ្ឋាន គឺ​មិនចាំបាច់​ត្រូវ​បញ្ជូន​ទៅ​ដោះស្រាយ​នៅ​តុលាការ​នោះឡើយ​។

កាលពី​ឆ្នាំ​ ២០១៩ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ (World Justice Project) បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ថា​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ខ្សោយ​ជាងគេ​នៅក្នុង​ប្រទេស​ទាំង​ ១២៦ ខណៈ​ប្រទេស​កម្ពុជា​បាន​ឈរ​លេខរៀង​ទី ១២៥ រីឯ​ប្រទេស​វេណេស៊ុយ អេឡាឈរ​នៅ​លេខ​រៀង​ចុងក្រោយ​ទី​ ១២៦​។ ប៉ុន្តែ​ការចាត់​ចំណាត់​នោះ​ត្រូវបាន​លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ចាត់ទុក​ថា ជាការ​វាយតម្លៃ​ខុសពី​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រទេស​កម្ពុជា ដោយសារ​បាន​ភ្ជាប់​ទៅនឹង​រឿង​នយោបាយ​។

លោក​ ជិន ម៉ាលីន ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា យុត្តិធម៌​នៅក្នុង​សង្គម គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើឱ្យ​សង្គម​មួយ​ទទួល​បាន​សុខដុមរមនា និង​មាន​ភាពសុខសាន្ត​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​បាន​យល់​ពី​សារៈសំខាន់​ហ្នឹង​។ អ៊ីចឹង​! ក្រសួង​បាន​ផ្ដោតលើ​ការយកចិត្ត​ទុកដាក់​ទៅលើ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​នេះ​។ កន្លងមក​ក្រសួង​ធ្វើបាន​ច្រើន​តាមរយៈ​ការរៀបចំ​ធនធាន​មនុស្ស រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ និង​គោលនយោបាយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​រូបវន្ត​របស់​តុលាការ និង​យន្តការ​អធិការកិច្ច​តាមដាន​ត្រួតពិនិត្យ​ជា​ហូរហែ​កន្លងមក​។ ប៉ុន្តែ​ការងារ​នេះ​គឺ​ត្រូវការ​រយៈពេល​វែង និង​ទស្សនវិស័យ​វែងឆ្ងាយ និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ប៉ុន្តែ​ការងារ​នេះ​មិនមែន​ជា​ការងារ​មួយ​ដែល​ធ្វើ​ចប់​តែ​ ១ ​ថ្ងៃ ១ ​ខែ ឬ​ ១ ​ឆ្នាំ​នោះទេ​»​។

លោក​ ម៉ាលីន បាន​បន្ថែមថា ការលើកឡើង​របស់​លោក​ ស ខេង ថា​មាន​ការបង្កើត​ក្រុម​ការងារ​ចុះ​ដោះស្រាយ​វិវាទ​តាម​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ចាប់ពី​ឆ្នាំ​ ២០២០ ​នេះ​ទៅនោះ​គឺ​លោក​យល់ឃើញ​ថា លោក ស ខេង ប្រហែល​សំដៅ​ទៅលើ​ការរៀបចំ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ខេត្ត​ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវមាន​ការិយាល័យ​សម្រាប់​ដោះស្រាយ វិវាទ​នៅតាម​មូលដ្ឋាន​តាមរយៈ ការសម្រប​សម្រួល ការផ្ដល់​យោបល់ និង​ការប្រឹក្សា​ជាដើម​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ឯកភាព ចំពោះ​ការលើកឡើង​របស់​លោក​ ស ខេង ដែលថា អយុត្តិធម៌​ធ្វើឱ្យ​មាន​ការបែកបាក់​សង្គម​នោះ​។ លោក​បាន​បន្តថា​ គេ​គ្រប់គ្នា​កំពុង​រង់ចាំ​មើល​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​របស់​រដ្ឋាភិបាល ថា​តើ​ការធ្វើ​កំណែទម្រង់​នោះ​អាច​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ និង​គ្រប់​គណបក្សនយោបាយ​ឡើងវិញ​ដែ​ឬទេ​។ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ពលរដ្ឋ​ជាច្រើន​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​ចាប់តាំងពី​មន្ត្រី​នគរបាល​យុត្តិធម៌​រហូត​ដល់​តុលាការ​ជាន់​ទាប និង​ជាន់ខ្ពស់​។

លោក​និយាយថា​៖ «​ប្រព័ន្ធយុត្តិធម៌​នៅតែ​មាន​ការបាត់បង់​ជំនឿ​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណជន និង​អន្តរជាតិ​ដដែល​។ ប៉ុន្តែ​យើង​រង់ចាំ​មើល​ និង​តាមដាន​មើល​ថា​តើ​មាន​អ្វី​ថ្មី​បន្ទាប់ពី​មាន​ការ​លើកឡើង​ (​ពី​លោក ស ខេង​) ​នេះ​ថា​តើ​មាន​វិធីសាស្ដ្រ​របៀប​ម៉េច ដើម្បី​ធ្វើកំណែទម្រង់​ទទួល​បាន​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​ទទួល​បាន​ទំនុកចិត្ត​ឡើងវិញ​»​។

ក្រៅពី​ការលើកឡើង​អំពី​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​លោក ស ខេង ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅតាម​ឃុំ​សង្កាត់​ដែរ ដូចជា​ការកសាង​ធនធាន​មនុស្ស និង​ការបង្កើត​ថវិកា ដើម្បីឱ្យ​ការផ្ដល់សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​។ លោក​បញ្ជាក់ថា​ នៅក្នុង​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ចំនួន​ ៧ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឃុំ-សង្កាត់ ដែល​ចំនួន​នេះ​កើនឡើង​ ២ ​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩៕