
មន្ត្រីនគរបាលដែលរងការចោទថា បង្ខាំងមនុស្សជំរិតទារប្រាក់ $៣០ ម៉ឺន។ រូប FB
តាកែវៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចាត់ឱ្យមន្ត្រី ស៊ើបអង្កេត និងស្រាវជ្រាវ ករណីលោក ហ៊ិន សុខខេង ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបក្ខពួក បង្ខាំងមនុស្សជំរិតទារប្រាក់ ៣០ ម៉ឺនដុល្លារអាមេរិក និងធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តលើសមត្ថកិច្ចនៅក្នុងខេត្តតាកែវ។
តាមលិខិតបង្គាប់ដែលចុះហត្ថលេខាដោយលោក អ៊ីវ លាង អគារធិការនៃក្រសួងមហាផ្ទៃពីថ្ងៃទី ១៤ មករា ឆ្នាំ ២០២១ និងតាមចំណាររបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់លោក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល និងសហការី ៥ រូបចុះបំពេញបេសកកម្មនៅស្នងការរដ្ឋាននគរបាលខេត្តតាកែវរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៩ មករា ឆ្នាំ ២០២១។
ការចុះបំពេញបេសកកម្មនេះដើម្បីអង្កេតស្រាវជ្រាវពាក្យបណ្តឹង ចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង អត្តលេខ ៣០២៦៦៨ ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
លោក អ៊ីវ លាង អគារធិការនៃក្រសួងមហាផ្ទៃនាថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ បានផ្ញើលិខិត ១ ច្បាប់ទៅលោក ស ខេង ដើម្បីស្នើសុំការអនុញ្ញាតចុះអង្កេតស្រាវជ្រាវករណីនេះ។ សំណើចុះអង្កេតនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងចុះថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២០ របស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវដែលបានសុំមិនបញ្ចេញឈ្មោះចោទប្រកាន់លោក ហ៊ិន សុខខេង ថា បានធ្វើឱ្យពលរដ្ឋគ្មានទំនុកចិត្ត ភ័យខ្លាច និងប្រព្រឹត្តបទល្មើសមួយចំនួនដោយផ្ទាល់ខ្លួន។
ខ្លឹមសារនៃបណ្តឹងបញ្ជាក់ថាចាប់តាំងពីថ្ងៃចូលកាន់តំណែងនៅដើមឆ្នាំ ២០១៩ លោក ហ៊ិន សុខខេង ពុំដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាងបង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោម គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅចុងឆ្នាំ ២០១៩ លោក ហ៊ិន សុខខេង និងបក្ខពួកបានចាប់បង្ខាំងជនរងគ្រោះជំរិតយកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ លោក ហ៊ិន សុខខេង និងលោក សាក់ ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជាជនជាតិវៀតណាមចំនួន ៣ នាក់ និងជនជាតិខ្មែរ ២ នាក់ ជំរិតយកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ អាមេរិកបានដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រពីជនរងគ្រោះមានលោក រស់ សេន នាយរង ការិយាល័យបុគ្គលិកជាអ្នកបកប្រែ។
នៅថ្ងៃទី ១ មករា ឆ្នាំ ២០២០ មានតំណាងរបស់ជនរងគ្រោះចំនួន ២ នាក់បានមកប្តឹងតវ៉ាដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារនៅអគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិក្នុងគោលបំណងទាមទារឱ្យអនុវត្តច្បាប់លើមន្ត្រីនគរបាលរូបនេះ និងទាមទារយកសម្ភារដែលបានដកហូតពីជនរងគ្រោះជាអ្នកវិនិយោគិនជនជាតិវៀតណាមត្រឡប់មកវិញ។
ក្រោយមានការតវ៉ាក៏មានស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ១ រូប (មិនស្គាល់ឈ្មោះ) បានយកសម្ភារទៅប្រគល់ជូនជនរងគ្រោះវិញដល់រាជធានីភ្នំពេញ។ ករណីនេះតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង សាកសួររឿងបង្ខាំង មនុស្សខុសច្បាប់ម្តងរួចហើយ។
ម្យ៉ាងទៀតលោក ហ៊ិន សុខខេង បានធ្វើឱ្យពលរដ្ឋក្នុងខេត្តតាកែវ ភ័យខ្លាច និងបាត់ទំនុកចិត្តមកលើសមត្ថកិច្ចដែលជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ពិសេសការកើតមានបទល្មើសជាបន្តបន្ទាប់ក្នុងមូលដ្ឋានខេត្តតាកែវ លោក ហ៊ិន សុខខេង រង់ចាំតែ ហៃអើជាមួយបទល្មើសដោយពុំមានចំណាត់ការជាក់ស្តែងឡើយ។
លោក លឹម សុខន អ្នកនាំពាក្យតុលាការខេត្តតាកែវឱ្យដឹងពីម្សិលមិញថា លោកក៏ធ្លាប់ទទួលបានព័ត៌មានករណីនេះដែរ បន្ទាប់ពីមានការប្រាប់ពីប្រធានតុលាការខេត្តកាលពីអាទិត្យមុន។ ប៉ុន្តែមិនមែនជាផ្លូវការនោះទេ ហើយករណីនេះស្ថិតក្នុងដៃអយ្យការក្នុងការធ្វើកិច្ចការនេះ។
បើតាមលោក លឹម សុខន នៅពេលមានការចោទប្រកាន់រួច ហើយបានបញ្ជូនមកកាន់តុលាការទើបលោកទទួលបានព័ត៌មានលម្អិត។ លោកថ្លែងថា៖ «តាមការសង្កេតបឋមគឺនៅខាងអយ្យការទេ មិនទាន់ដាក់មកតុលាការទេ។ ខ្ញុំធ្លាប់ឮប៉ុន្តែក្រៅផ្លូវការដោយសារយើងមិនទាន់ទទួលបានឯកសារណាច្បាស់លាស់ពីតំណាងអយ្យការ គាត់បានបញ្ជូនមក»។
នៅពេលទាក់ទងទៅលោក ជីវ ច័ន្ទតារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវពីម្សិលមិញ លោកឆ្លើយថា កំពុងជាប់រវល់មិនមានពេលឆ្លើយនោះទេ។
ចំណែកលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវក៏បដិសេធធ្វើអត្ថាធិប្បាយដែរ ដោយថាលោកកំពុងជាប់រវល់៕