ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថានឹងបង្កើតក្រុមការងារពិសេសមួយ សម្រាប់ចុះត្រួតពិនិត្យនៅតាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ស្របពេលដែលឆ្នាំ ២០២០ នេះគ្រប់ឃុំ-សង្កាត់ជាង ១ ៦០០ នៅទូទាំងប្រទេសនឹងទទួលកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍជាលើកដំបូងជាង ១១ ម៉ឺនដុល្លារ។
ការប្រកាសពីការបង្កើតក្រុមការងារពិសេសនេះធ្វើឡើងពីថ្ងៃម្សិលមិញ ស្របពេលដែលលោក ស ខេង ចុះទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងខេត្តព្រៃវែង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ក្នុងសន្និបាតក្រសួងមហាផ្ទៃក៏បានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមជាតិពង្រឹងជាថ្មីចំពោះគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនេះដែរ។
លោក ស ខេង ថ្លែងថា៖ «ខ្ញុំកំពុងតែរៀបចំឲ្យមានក្រុមការងារពិសេសមួយ តែមិនមែនចុះតែ ១ កន្លែងទេ គឺទៅគ្រប់កន្លែង គ្រប់ខេត្ត ដើម្បីជួយត្រួតពិនិត្យលើកិច្ចការមួយចំនួនដែលក្នុងនោះមានការត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ទី ២ ធ្វើការត្រួតពិនិត្យប៉ុស្តិ៍នគរបាល មើលថាមានចំនួនក្របខ័ណ្ឌ សកម្មភាពការងារបានជាប់លាប់ទេ ហើយ [មន្ត្រី] បានបណ្តុះបណ្តាលគ្រប់គ្រាន់ ឬទេមុននឹងមកធ្វើការនេះ។ តើមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការទេ? [ក្រុមការងារពិសេស] គឺសិក្សាពីរឿងនេះ»។
បន្ថែមពីនេះលោករដ្ឋមន្ត្រីមហាផ្ទៃក៏បានអះអាងដែរថា ក្រុមការងារពិសេស ដែលគ្រោងនឹងបង្កើតនេះក៏មានភារកិច្ចចុះត្រួតពិនិត្យលើប្រសិទ្ធភាពការងាររបស់ឃុំនីមួយៗផងដែរ។ ព្រោះថាក្នុងពេលខាងមុខ រាជរដ្ឋាភិបាលនឹងទម្លាក់លុយជាង ១១ ម៉ឺនដុល្លារអាមេរិកក្នុង ១ ឃុំសម្រាប់ធ្វើការអភិវឌ្ឍ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលនឹងទម្លាក់លុយច្រើនណាស់ដែលថវិកាអភិវឌ្ឍន៍ទទួលបាន ៧៥០០០ ដុល្លារក្នុងឆ្នាំ ២០២០ បូកទាំងលុយផ្សេងៗទៀតនឹងទទួលបានជាង ១១ ម៉ឺនដុល្លារ ហើយឆ្នាំ ២០២១ និង ២០២២ នឹងបន្តកើនឡើងបន្ថែមទៀត។ ក្នុងប្រវត្តិសាស្ត្រ ឃុំ មិនដែលទទួលបានថវិកាច្រើនបែបនេះទេ ដែលយើងគិតមើលថាក្នុង ១ ស្រុកខ្មែរមានឃុំចំនួន ១ ៦៤៦ ឃុំ ទូទាំងប្រទេសគុណទៅ។ យើងគ្រាន់តែចំណាយមកលើឃុំខ្លួនឯង វាអស់ប៉ុន្មានហើយ ថវិការដ្ឋហ្នឹង»។
លោក អៀង សុខុម មេឃុំអំពិលក្រៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បញ្ហាពង្រឹងសន្តិសុខនេះ នៅតែជាបញ្ហាប្រឈមរបស់ឃុំ ព្រោះតែកម្លាំងប្រជាការពារឃុំមានមិនគ្រប់គ្រាន់។ ម្យ៉ាងនៅខ្វះខាតថវិកា និងការចាយវាយ។ បន្ថែមពីនេះលោកថា ការចុះបង្ក្រាបបទល្មើសមួយចំនួនតែងតែមានឧបសគ្គ ដោយទាមទារឲ្យមានការចូលរួមពីកម្លាំងសមត្ថកិច្ចផងដែរ ព្រោះឃុំខ្លួនឯងផ្ទាល់មិនអាចធ្វើអ្វីតែម្នាក់ឯងនោះទេ។
លោកប្រាប់ថា៖ «បើសិនជាមានក្រុមការងារពិសេសចុះមកពង្រឹងនៅឃុំរបស់ខ្ញុំ គឺមានការត្រេកអរណាស់ ព្រោះឃុំខ្ញុំហាក់មានការខ្វះខាតបន្តិចត្រង់ថា យើងអាចគ្រប់គ្រងបានតែកម្លាំងប្រជាការពារទេ ប៉ុន្តែប្រជាការពារនេះ វាខ្វះនូវការគាំទ្រ។ កន្លងទៅសូម្បីតែឯកសណ្ឋាននេះក៏ខ្ញុំសុំពីក្រុមការងារទម្រាំតែបាន។ ខ្ញុំនឹងស្វែងរកវិធីសាស្ត្រណាដែលអាចដោះស្រាយបាន ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួម»។
ទោះយ៉ាងណាចំពោះការអភិវឌ្ឍឃុំជាមួយនឹងកញ្ចប់ថវិកាដែលរដ្ឋផ្តល់ឲ្យ លោក សុខុម រំពឹងថាឃុំរបស់លោកនឹងទទួលបានការអភិវឌ្ឍល្អប្រសើរជាងមុនច្រើន បើធៀបទៅនឹងឆ្នាំមុនៗដែលទទួលបានកញ្ចប់ថវិកាបន្តិចបន្តួច។ ព្រោះថា កញ្ចប់ថវិកាទាំងនេះនឹងគ្រាប់គ្រាន់ឲ្យឃុំលោកធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំដែលកំពុងត្រូវការជាចាំបាច់។
តាមការស្ទង់មតិនៅឆ្នាំ ២០១៩ ដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៨៤ ភាគរយ បានបង្ហាញពីភាពជឿជាក់របស់ពួកគេមកលើកម្លាំងមានសមត្ថកិច្ច និងមានអារម្មណ៍ថាមានសុវត្ថិភាពនៅក្នុងភូមិសង្កាត់របស់ពួកគេក្នុងអត្រា ៨១,១ ភាគរយ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលើកឡើងថា រដ្ឋាភិបាលនៅតែបរាជ័យក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។ ព្រោះតែបច្ចុប្បន្ន បញ្ហាល្បែងស៊ីសង គ្រឿងញៀន ជនពាលាអាវាសែនៅតែបន្តកើតមានដែលនាំឲ្យប្រជាពលរដ្ឋនៅតែមានការភ័យខ្លាច។
ជាមួយនឹងការពង្រឹងជាថ្មីនូវគោលនយោបាយនេះលោកចង់ឃើញ ការដាក់ចេញសកម្មភាពដោយភាពរឹងមាំ ព្រោះថាបើរដ្ឋាភិបាលមិនបែងចែក និងដាក់ចេញនូវវិធានការឲ្យបានត្រឹមត្រូវនោះទេ រដ្ឋាភិបាលនៅតែទទួលបរាជ័យបន្តទៀត។
លោកបានបញ្ជាក់ថា៖ «គោលនយោបាយនេះមើលទៅមិនស៊ីគ្នាទាល់តែសោះ ឃុំហាក់មានតួនាទីច្រើន ប៉ុន្តែពួកគេមានតែអំណាចរដ្ឋបាលដែលមិនមានឥទ្ធិពលអ្វីច្រើនក្នុងការបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាននោះទេ។ ភាគច្រើនពេលដឹងរឿងបានត្រឹមតែរាយការណ៍។ នៅពេលមានបទល្មើសជាក់ស្តែងគឺសមត្ថកិច្ចរបស់ប៉ូលិសនៅតាមមូលដ្ឋាន [ជាអ្នកប្រឈម] ហើយនៅពេលរាយការណ៍ទៅ ២-៣ ថ្ងៃក្រោយបានចុះទៅ គឺវាយឺតមែនទែន»។
ចំពោះកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលទម្លាក់ទៅឲ្យឃុំ-សង្កាត់នីមួយៗធ្វើការអភិវឌ្ឍនោះលោក សន ជ័យ យល់ថាប្រសិនបើមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវចំពោះការដាក់ចេញគោលនយោបាយរបស់ឃុំទាំងអស់នោះទេ។ កញ្ចប់ថវិកាទាំងនោះនឹងត្រូវបានចាយវាយមិនចំគោលដៅ ហើយក៏អាចបង្កជាអំពើពុករលួយកាន់តែខ្លាំងនៅថ្នាក់ក្រោមជាតិផងដែរ៕