ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ណែនាំ​ឲ្យ​មន្ដ្រី​របស់​ក្រសួងមហាផ្ទៃ​ត្រូវ​ប្រមូល​រឿង និង​ចងក្រង​ជា​បញ្ជី​បញ្ហា ដើម្បី​ដោះស្រាយ​រឿង ឬ​បញ្ហា​ឲ្យ​អស់​នូវ​រាល់​រឿង​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ក្រសួងមហាផ្ទៃ ទោះបី​រឿង​នោះ​មាន​ប្រភព​មកពីណា​ក៏ដោយ​គឺ​មិន​ត្រូវ​ទុក​ឲ្យ​សេសសល់​ឡើយ​។

លោក​ថ្លែង​បែបនេះ​ក្នុង​ពេល​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ ២០២០ របស់​អគ្គាធិការដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ ទី​ ៩ ​មិថុនា​។ កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក​លោកស្រី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គស្នងការរង និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

លោក ស ខេង ថ្លែងថា​៖ «​ការប្រមូល​រឿង​គឺ​ប្រកាន់​គោលការណ៍​ប្រមូល​រឿង​ឱ្យអស់ ហើយ​ត្រូវ​ដោះស្រាយ​ឱ្យអស់ ពោល​គឺ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​មហាផ្ទៃ​គឺ​យើង​ត្រូវខិតខំ​ប្រមូល​ឱ្យ​អស់ហើយ​ដោះស្រាយ​ឱ្យអស់ ទោះបី​តាម​ប្រភព​ណាក៏ដោយ គឺ​មិន​ត្រូវ​ទុកឱ្យ​រឿង​ទាំងនោះ​នៅ​សេសសល់​ឡើយ​»​។

ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​អំពី​ដំណើរការ​ប្រមូល និង​ដោះស្រាយ​បណ្ដឹង​នានា​ទាំង​នៅ​ថ្នាក់​ក្រសួង​នៅ​អង្គភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​អង្គភាព​កងកម្លាំង​នគរបាល​ជាតិ​ពាក់ព័ន្ធ​នឹង​ភាពមិន​ប្រក្រតី​ក្នុង​ការងារ​គ្រប់គ្រង ឬ​ចាត់ចែង​នានា​ដោយ​លោក​លើកឡើង​ថា ក្រសួង​មាន​យន្តការ​ ២ ក្នុង​ការដោះស្រាយ​បញ្ហា​។ ក្នុងនោះ​គឺ​ដោះស្រាយ​ដោយ​អគ្គាធិការ និង​ដោះស្រាយ​ដោយ​មាន​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​ដែលមាន​ការពាក់ព័ន្ធ​។

លោក​បញ្ជាក់​ថា​៖ «​ពេលនេះ យើង​អាច​ប្រមូល​ព័ត៌មាន​បាន​មួយផ្នែក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​។ ព័ត៌មាន​ពី​ប្រភព​ទាំងនេះ​ក៏​មាន​ខ្លះ​ជា​ព័ត៌មាន​ពិត ដែល​យើង​មិន​ត្រូវ​មើលរំលង​ឡើយ​»​។ លោក​ឲ្យ​ដឹងថា ជាក់ស្ដែង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ធ្វើឱ្យ​លោក​ទទួល​ព័ត៌មាន​ជាច្រើន​ពី​មហាជន​តាមរយៈ​ប្រអប់​សារ​ និង​ប្រអប់​បញ្ចេញមតិ​ដែល​ត្រូវបាន​ប្រមូល​ចងក្រង​ដោយ​ក្រុម​ការងារ​ហ្វេសប៊ុក​។

លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ថា កន្លងមក​បន្ទាប់ពី​ក្រុម​ការងារ​ហ្វេសប៊ុក​បាន​បញ្ជូន​ព័ត៌មាន​ស្ដីអំពី​បញ្ហា​ប្រឈម​ ឬ​ភាព​អសកម្ម​នានា​មក​មាន​បញ្ហា​ខ្លះ​ក៏​ត្រូវបាន​ដោះស្រាយ​។ ប៉ុន្តែ​បញ្ហា​ខ្លះទៀត​បាន​បញ្ជូន​ឱ្យ​អង្គភាព​ពាក់ព័ន្ធ តែ​នោះ​នៅ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ ដោយសារ​អាច​មិនទាន់​មាន​យន្តការ​ជាក់លាក់​។ ដូច្នេះ​ត្រូវ​មាន​ក្រុមការងារ​ច្បាស់លាស់​មួយ​ដើម្បី​តាមដាន និង​ដោះស្រាយ​បញ្ហា​ដែល​ប្រមូលបាន និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ស្រង់​ជា​បញ្ជី​បញ្ហា​។

លោក​បន្ថែមថា ជាបឋម​អង្គភាព​នីមួយៗ​ត្រូវ​គ្រប់គ្រង​សភាពការណ៍​ផ្ទាល់​របស់ខ្លួន​ដូចជា ការរិះគន់ ឬ​ការ​ប្រតិកម្ម​នានា ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឱ្យបាន​ជាក់លាក់ និង​ទាន់​ពេលវេលា​។ ចំពោះ​ក្រុមការងារ​អធិការកិច្ច និង​សវនកម្ម មន្ត្រី​ទាំង​ ២ ​ក្រុម​នេះ​ត្រូវ​ប្រកាន់​នូវ​យុត្តិធម៌ និង​ភាពមិន​លម្អៀង​ពីព្រោះ​ការស្រាវជ្រាវ​ទាំងឡាយ​ណា​ដែល​មាន​ភាពលម្អៀង​នឹង​មិន​អាច​រក​យុត្តិធម៌​ឃើញ​ឡើយ ហើយ​បញ្ហា​អយុត្តិធម៌​នេះ​គឺ​មិនអាច​មើលស្រាល​បានឡើយ ទោះ​ក្នុង​សង្គម​ណាក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​មន្ត្រី​ទទួល​បាន​ប្រាក់ខែ​រដ្ឋ ឬ​អាច​ហៅថា បាន​ប្រាក់ខែ​ពី​ប្រជាជន​ត្រូវ​ប្រកាន់​គោលការណ៍​បម្រើ​ប្រជាជន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ទើប​អាច​បញ្ចៀស​ភាពអសកម្ម ភាព​មិនប្រក្រតី និង​អយុត្តិធម៌​បាន​»​។

កាលពី​ថ្ងៃទី​ ១០ ​មិថុនា​លោក ស ខេង ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២០ របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក អគ្គនាយករង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។

លោក​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា​៖ «​កិច្ចប្រជុំ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​ដែល​ជា​អង្គភាព​រដ្ឋបាល​ថ្នាក់កណ្ដាល​ដ៏មាន​សារៈសំខាន់​។ ថ្វីដ្បិត​ជា​លើក​ទី​ ១ ដែល​ក្រសួង​បានរៀបចំ​ឱ្យមាន​ការរៀបចំ​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ​របស់​អង្គភាព​នីមួយៗ ដែល​ផែនការ​ដំបូង​នេះ​អាច​នឹង​រៀបចំ​មិន​បាន​ល្អ​ ១០០ ​ភាគរយ​ក៏ដោយ ប៉ុន្តែ​ផែនការ​នេះ​នឹង​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​ការរៀបចំ​ផែនការ​សកម្មភាព​នា​ឆ្នាំ​បន្តបន្ទាប់​ទៀត​»​។

លោក អំ សំអាត នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ (​លីកាដូ​) ​ស្វាគមន៍​ចំពោះ​ការយកចិត្ដ​ទុកដាក់​ដល់​ប្រជាពលរដ្ឋ និង​ការដាក់ចេញ​វិធានការ​បែបនេះ​របស់​លោក​ ស ខេង​។

លោក​ថ្លែងថា​៖ «​កន្លងមក​យើង​ឃើញ​មាន​ការដោះស្រាយ​ខ្លះ​លើ​សំណុំរឿង និង​បញ្ហា​ដែល​ពលរដ្ឋ​បាន​ដាក់​មក​ក្រសួង ប៉ុន្ដែ​រឿង​មួយ​ចំនួន​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​មិន​ចេញ​។ ជួនកាល​ពួកគាត់​អត់​បាន​ស្វែងរក​វិធី ឬ​ធ្វើ​របាយការណ៍​ដាក់​មក​ថ្នាក់លើ​ ដើម្បី​ដោះស្រាយ​បញ្ហា​នោះទេ ហើយ​បញ្ហា​សំណុំរឿង​នោះ​ចេះ​តែ​នៅ​កប់​ចោល​ ឬ​កកស្ទះ​ដែល​នាំឲ្យ​ពលរដ្ឋ​មាន​ការអាក់អន់ចិត្ដ និង​ខឹងសម្បា​»​។

មន្ត្រី​ជាន់ខ្ពស់​សិទ្ធិមនុស្ស​រូបនេះ​បន្ថែម​ថា​៖ «​កន្លងមក​យើង​ឃើញ​ពលរដ្ឋ​មាន​ការតវ៉ា​ទាមទារ ព្រោះតែ​ដំណោះស្រាយ​នៅ​មូលដ្ឋាន​មិនបាន​ដោះស្រាយ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​»៕