ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុងពេល​ ៩ ​ខែ​ ដើម​ឆ្នាំ​ ២០២០ ​នេះ​ដែលមាន​អត្រា​ថយចុះ​ទាំង​ករណី​គ្រោះថ្នាក់​ស្លាប់ និង​រងរបួស ប៉ុន្តែ​មន្ត្រី​អង្គការ​ខាង​សុវត្ថិភាព​ចរាចរណ៍ ថា​ករណី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​ច្រើន​ដដែល​។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៩ ​ខែ​ ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ​២ ៤៣០ ​ករណី​ ដែល​បង្ក​ឱ្យ​មាន​អ្នកស្លាប់​ ១ ២៥៧ ​នាក់ និង​រងរបួស ៣ ៦៦៣ ​នាក់​។

របាយការណ៍​បន្តថា ករណីនេះ​មាន​ការថយចុះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩ ដែល​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ ៧២៩ ​លើក ស្មើ​ ២៣,០៧ ​ភាគរយ ដែល​ឆ្នាំមុន​មាន ៣ ១៥៩ ​លើក​។ ចំណែក​អ្នកស្លាប់​ថយចុះ​ចំនួន​ ២៦៤ ​នាក់ ស្មើ​ ១៧,២៥ ​ភាគរយ ​ដែល​ឆ្នាំមុន​មាន​អ្នកស្លាប់​ចំនួន​ ១ ៥២១ ​នាក់​។ រីឯ​អ្នករងរបួស​មាន​ការថយចុះ​ចំនួន​ ១ ០៥៨ ​នាក់ ស្មើ ​២២,៤១ ​ភាគរយ ​ដែល​ឆ្នាំមុន​មាន​អ្នករងរបួស​ចំនួន​ ៤ ៧២១ ​នាក់​។

នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស ខេង កាលពី​ចុង​សប្តាហ៍​មុន​ដែរនោះ លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​ ៩ ​ខែ​។ អត្រា​គ្រោះថ្នាក់​ស្លាប់ និង​រងរបួស​មាន​ការថយចុះ​គួរឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

លោក​ថ្លែងថា​៖ «​ផ្អែកលើ​លទ្ធផល​នេះ ខ្ញុំ​សុំ​កោតសរសើរ​ខ្ពស់ ចំពោះ​ស្មារតី​យកចិត្ត​ទុកដាក់​បំពេញ​ភារកិច្ច​ដឹកនាំ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ទាំងយប់ ទាំង​ថ្ងៃ ដោយ​គ្មាន​ការនឿយហត់​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​កងកម្លាំង​នគរបាល​គ្រប់លំដាប់​ថ្នាក់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត និង​អ្នក​បញ្ជា​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ​ទាំងអស់​ដែល​បាន​ចូលរួម គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ខ្ជាប់ខ្ជួន និង​គ្រប់ពេល​ធ្វើដំណើរ​ធ្វើ​ឱ្យ​អត្រា​គ្រោះថ្នាក់​ចំនួន​អ្នកស្លាប់ និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​គួរឱ្យ​កត់សម្គាល់​ជា​បន្តបន្ទាប់​»​។

លោក ស ខេង បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ អ្នកបញ្ជា យានយន្ត​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកបរ​ដោយ​ការគោរព​ច្បាប់​ចរាចរណ៍ និង​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​។ លោក​ក៏​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​សមត្ថកិច្ច​គ្រប់ លំដាប់ថ្នាក់​បន្ត​បំពេញភារកិច្ច​ក្នុង​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ និង​បន្ត​ផ្តល់​ការលើក​ទឹកចិត្ត​ដល់​មន្ត្រី​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក គង់ រតនៈ សាទរ​ចំពោះ​ការថយចុះ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ប៉ុន្តែ​លោក​នៅតែ​មាន​ការបារម្ភ​ដោយសារ​ចំនួន​នៃ​អ្នកស្លាប់​ក្នុង​ ១ ​ថ្ងៃៗ​នៅតែមាន​ចំនួន​ច្រើន​ដដែល​។

លោក​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ «​ប្រសិនបើ​យើង​ក្រឡេក​មើល​ឱ្យ​ស៊ីជម្រៅ​បន្តទៅទៀត យើង​ឃើញ​ថា វា​គ្រាន់តែ​ថយ​ទៅតាម​ភាគរយ​ទេ​។ ប៉ុន្តែ​បើ​យើង​ធ្វើការ​ចែក​ជា​មធ្យមភាគ គឺ​អ្នក​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចន្លោះ​ពី​ ៣ ទៅ​ ៤ ​នាក់​ដដែល​ក្នុង​ ១ ​ថ្ងៃ​។ ដូចនេះ​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​ចំនួន​ច្រើន​ដដែល​»​។

លោក​ គង់ រតនៈ មាន​ការសាទរ​សម្រាប់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ ក៏​ដូចជា ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅក្នុង​ឆ្នាំនេះ​។ ប៉ុន្តែ​លោក​នៅ​តែ​លើកទឹកចិត្ត​មន្ត្រី​មាន​សមត្ថកិច្ច​បន្ត​ការងារ​នេះ​បន្ថែមទៀត ដោយសារ​អ្វី​ដែល​លោក​ចង់ឃើញ​គឺ​មិន​ត្រឹមតែ​ការថយចុះ​ទេ​គឺ​លោក​មិន​ចង់ឱ្យ​មាន​អ្នកស្លាប់​ ឬ​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង​។

នាយក​វិទ្យាស្ថាន​រូបនេះ​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា បញ្ហា​ចរាចរណ៍​មិនមែន​ជា​រឿង​របស់​សមត្ថកិច្ច ឬ​របស់​រាជរដ្ឋាភិបាល​តែម្នាក់ឯង​នោះ​ទេ គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​។ ជាពិសេស​អ្នកបើកបរ​ដែល​មាន​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ​ដល់​ ៤០ ​ឆ្នាំ​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​អនុវត្ត​ច្បាប់​នេះ​ផងដែរ​»៕

វីដេអូ៖