ភ្នំពេញៈ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ណែនាំ​ឲ្យ​មន្ត្រី​រៀបចំ​ប្លង់​មេ​សម្រាប់​គ្រប់គ្រង​ដីធ្លី​ទូទាំង​ប្រទេស​ដែល​ពិសេស​នោះ​តំបន់​ប៉ូល​សេដ្ឋកិច្ច ដោយ​លោក​បារម្ភ​ថា អាច​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ពេល​អនាគត ជាពិសេស​ជម្លោះ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​។

ការណែនាំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​ ១ និង​ទិសដៅ​ការងារ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២០ កាលពី​ថ្ងៃ​អង្គារ​។ ខណៈ​នោះ​លោក​ណែនាំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ត្រូវ​រៀបចំ​ប្លង់គោល​ឲ្យ​បាន​ច្បាស់លាស់​នៅ​កន្លែង​មួយ​ចំនួន​ចៀសវាង​មាន​ផលវិបាក​ទៅ​ថ្ងៃ​អនាគត​។

លោក​បាន​បញ្ជាក់ថា​៖​ «​មាន​តំបន់​ខ្លះ​ខាង​នគរូបនីយកម្ម ការរៀបចំ​ប្លង់គោល ប្លង់​អី​នៅ​កន្លែង​មួយចំនួន​ដែល​ជា​ប៉ូល​អភិវឌ្ឍន៍​អីហ្នឹង បើ​យើង​មិន​គិតពី​ឥឡូវនេះ​គឺ​ច្របូកច្របល់​អស់​ហើយ ហើយ​ទៅមុខ​គឺ​មិន​ងាយ​កែ​តែម្តង​។ ករណី​នេះ ខ្ញុំ​លើក​ឧទាហរណ៍​ដូចជា​ខេត្ត​កំពង់សោម ដែល​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច យើង​កែ​បាន​បណ្តើរៗ​ហើយ និង​មណ្ឌលគិរី​ក៏​ជា​តំបន់​ប៉ូល​ដែរ ឥឡូវ​នាំគ្នា​ទៅ​ចាប់​យក​ដី ហើយ​កំពុង​មានរឿង​មិនទាន់​ដោះស្រាយ​ផង​! ហើយ​សុទ្ធតែ​អ្នកធំ​។ ធំ​ប៉ុនណា​ខ្ញុំ​មិនដឹង​ទេ តែ​ដឹង​តែ​ធំ​»​។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​អះអាង​ដែរ​ថា មកដល់​ពេល​នេះ​គឺ​លោក​គ្មាន​ដី​សូម្បីតែ​ ១ ​តឹក​ ឬ​កន្លះ​តឹក​នៅ​ខេត្ត​មណ្ឌលគិរី​ស្រប​ពេល​ដែល​ខេត្ត​នេះ​មាន​អ្នក​មាន​បុណ្យ​ស័ក្តិធំៗ បាន​ដណ្តើម​គ្នា​កាន់កាប់​រហូត​ក្លាយ​ទៅ​ជា​ជម្លោះ ដីធ្លី ដែល​ពិបាក​ដោះស្រាយ​។

លោក ស ខេង មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​ឥឡូវ​មាន​អ្នក​ទៅ​ប្រជែង​គ្នា​ចាប់​ [​ដី​] ហើយ​ខ្ញុំ​ជា​អ្នក​រង​បញ្ហា ខ្ញុំ​ជា​អ្នក​រងកម្ម​ទេ​។ និយាយ​ឲ្យ​មែនទែន​ទៅ ដោះស្រាយ​រឿង​ដី​ហ្នឹង គឺ​រងកម្ម រង់ចាំ​ដោះ​ឲ្យ​។ អានេះ​គឺជា​បញ្ហា​ដែរ​»​។

បន្ទាប់ពី​លើក​ឡើង​យ៉ាង​ដូច្នេះ កាលពី​ថ្ងៃ​ពុធ​លោក ស ខេង បាន​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់​ផ្ញើ​ជូនទៅ​អភិបាលខេត្ត​ទូទាំង​ប្រទេស​ឲ្យ​ជំរុញ​ការទប់ស្កាត់​ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅតាម​ខេត្ត​នានា​។

ក្នុង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​សរសេរ​ថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មាន​ការរុករាន​ទន្ទ្រាន​ដី​ដោយ​ខុសច្បាប់​បន្តទៀត ដើម្បី​បង្ការ​កុំ​ឲ្យ​ក្លាយ​ជា​សង្គ្រាម​ដីធ្លី ខណៈ​ក្រសួង​បាន​ណែនាំ​នូវ​វិធានការ​ជាច្រើន​ចំណុច​ផងដែរ​។

លិខិត​ដដែល​បញ្ជាក់ថា​៖ «​ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សភាពការណ៍​វិវត្ត​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ការពារ​ធម្មជាតិ​។ រាល់​ការរុករាន​ទន្ទ្រាន​កាន់កាប់​ថ្មី​នូវ​ដីព្រៃ ឬ​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ត្រូវ​ហាមឃាត់​ដាច់ខាត និង​ត្រូវ​ប្រើប្រាស់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​»​។

បន្ថែម​ពីនេះ ក្រសួង​មហាផ្ទៃ​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ត្រូវ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ និង​បកស្រាយ​បំភ្លឺ​រាល់​ស្ថានភាព​នៃ​ការដណ្តើម​កាន់កាប់​ដោយ​ប្រកាស​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រឹងប្រែង​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​មាន​កិច្ចសហការ​។ ចំណែក​មន្ត្រី​មូលដ្ឋាន​ខ្លួនឯង​វិញ​ត្រូវ​ធ្វើការ​បញ្ជាក់ ឬ​ចុះហត្ថលេខា​លើ​លិខិតស្នាម ឯកសារ​នានា​ពាក់ព័ន្ធ​ដីធ្លី​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​បែបបទ នីតិវិធី និង​គោលការណ៍​ជា​ធរមាន​។

ការសម្រេច​ណែនាំ​នេះ​ផ្អែក​តាម​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ៣ កក្កដា ដែល​បាន​ណែនាំ​ឲ្យ​ក្រសួង​ចំនួន​ ៣ និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​ត្រូវ​កាត់​ឆ្វៀល​ដី និង​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យផល​ជាក់ស្តែង​យូរ​ឆ្នាំ​មក​ហើយ​នៅលើ​ទីតាំង​ដែល​ស្ថិតក្នុង​ផែនទី​តំបន់​ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​។

លោក​ អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ មើលឃើញ​ថា ការដាក់ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជម្លោះដីធ្លី​នៅពេល​នេះ​គឺជា​រឿង​មួយ​ដែល​ល្អ​។ លោក​ថា ដូច​អ្វី​ដែល​ថ្នាក់ដឹកនាំ​លើកឡើង​គឺ​គ្មាន​ប្រជាពលរដ្ឋ​តូចតាច​ឯណា​មក​រំលោភ​យក​ដី​របស់​រដ្ឋ រាប់សិប​ហិកតា ក្រៅតែ​ពី​មន្ត្រី​មាន​អំណាច​នោះទេ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គាំទ្រ ប្រសាសន៍​របស់​សម្តេច​ហ្នឹង​។ បើ​យើង​អាច​កំណត់​នូវ​ប្លង់​មេ​បាន​នៅក្នុង​តំបន់​ទាំងអស់​ហ្នឹង​បាន ក៏​កាត់បន្ថយ​ទំនាស់​ដែរ​។ ព្រោះ​ភាគច្រើន​នៃ​ទំនាស់​ដីធ្លី​នេះ ប្រជាពលរដ្ឋ​ធម្មតា គាត់​មិន​មាន​លទ្ធភាព​ឯណា​ទៅ​កាប់​ទន្ទ្រាន​ដី​រាប់ពាន់​រាប់ម៉ឺន​ហិកតា​ដែរ លុះត្រាតែ​អ្នក​មាន​ឥទ្ធិពល​មាន​លុយ មានអំណាច ជា​អ្នក​ទន្ទ្រាន​»​។

ទោះ​យ៉ាងណា​លោក​ សំអាត និយាយថា ចំពោះ​វិធានការ​ដែល​បាន​ដាក់​ចេញ​នេះ គឺ​អាច​សម្រេច​ទៅ​បាន វា​អាស្រ័យ​លើ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ថ្នាក់ក្រោម​ថា តើ​ពួកគាត់​ហ៊ាន​ប្រឈមមុខ​តតាំង​ចំពោះ​អ្នកមាន​អំណាច មាន​បុណ្យ​ដែល​រំលោភបំពាន​ដី​រដ្ឋ​បាន​កម្រិត​ណា​? លោក​សង្កត់ធ្ងន់​ថា បើសិន​ជា​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​អាច​ធ្វើ​បាន ហើយ​ចាត់វិធានការ​មាន​ប្រសិទ្ធភាព នោះ​ការរុករាន​ដណ្តើម​កាន់កាប់​ដី​របស់​រដ្ឋ​នឹង​ត្រូវ​បាន​បញ្ចប់​៕

វីដេអូ៖