ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បង្កើត​ក្រុម​ការងារ​ ១ ​មាន​ប្រធាន អនុប្រធាន និង​សមាជិក​ចំនួន​ ១១ ​នាក់ ដើម្បី​តាមដាន​អំពី​ការដោះស្រាយ​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​។ ប្រធាន​ក្រុម​ការងារ​នេះ គឺ​លោក​ ជា សុគន្ធា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន និង​ជា​នាយករង​ខុទ្ទកាល័យ​លោក​រដ្ឋមន្ត្រី​។

សេចក្ដី​សម្រេច​របស់​លោក​ ស ខេង ដែល​ក៏​ជា​ឧបនាយករដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​ ១៥ ​មិថុនា ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ការបង្កើត​ក្រុម​ការងារ​តាមដាន​អំពី​ការដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក (Facebook Page) ​របស់​លោក​ ស ខេង គឺ​មាន​លោកនាយ​ឧត្តមសេនីយ៍​ ជា សុគន្ធា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន និង​ជា​នាយករង​ខុទ្ទកាល័យ​លោក ស ខេង ធ្វើ​ជា​ប្រធាន​។ ក្រៅពីនេះ​មាន​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​រួមមាន​លោក​ សួស ប្រាថ្នា លោក​ គង់ ទីលីន លោក​ អាត់ បូនី លោក​ នូ ចន្ធី និង​លោក​ ឈាង ភារិទ្ធ ធ្វើជា​អនុប្រធាន និង​មាន​សមាជិក​ចំនួន​ ៥ ​នាក់​ផ្សេងទៀត​។

សេចក្ដី​សម្រេច​បន្តថា ក្រុម​ការងារ​នេះ​មាន ភារកិច្ច ដកស្រង់​មតិ យោបល់ ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ «​សម្ដេច ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​» ​ដើម្បី​ជម្រាបជូន​លោក ស ខេង ជ្រាប​ ឬ​ពិនិត្យ និង​ស្នើសុំ​មតិ​ដឹកនាំ​។ ចាត់​បញ្ជូន​ឯកសារ​តាម​ចំណារ​លោក ស ខេង ទៅ​បណ្ដា​អគ្គនាយកដ្ឋាន​នានា ឬ​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​តាម​សមត្ថកិច្ច​។

សេចក្ដី​សម្រេច​តម្រូវ​ឲ្យ​ក្រុម​ការងារ តាមដាន ឬ​ជំរុញ​ការដោះស្រាយ និង​ទទួល​របាយការណ៍​លទ្ធផល​ពី​បណ្ដា​អគ្គនាយកដ្ឋាន​នានា ឬ​អង្គភាព​ពាក់ព័ន្ធ​ត្រឡប់​មកវិញ ដើម្បី​ជម្រាប​លោក ស ខេង ជ្រាប ឬ​ពិនិត្យ និង​ស្នើសុំ​មតិយោបល់​។ ក្នុងករណី​ចាំបាច់ ក្រុម​ការងារ​អាច​សហការ​ជាមួយ​បណ្ដា​អគ្គនាយកដ្ឋាន​នានា ឬ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ និង​ដោះស្រាយ​លើ​ករណី​នោះ រួច​រាយការណ៍​ជូន​លោក ស ខេង ជ្រាប និង​ពិនិត្យ​ព្រម​ទាំង​បូកសរុប​របាយការណ៍​ដោះស្រាយ​បញ្ហា​ក្នុង​ ១ ​ខែ​ម្ដងៗ​ដើម្បី​ជម្រាប​ជូន​លោក ស ខេង បាន​ជ្រាប​។

លោក​ ជា សុគន្ធា ដែល​ទើបតែ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​ការងារ​នេះ​ថ្លែង​ពី​ម្សិលមិញ​ថា​លោក​ទទួល​យក​ការតែងតាំង​របស់​លោក​ ស ខេង ដោយ​ក្ដី​រីករាយ​។ លោក​ថា​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​គោរព​តាម​អនុសាសន៍​នានា​របស់​លោក​ ស ខេង​។

លោក​បន្តថា លោក​នឹង​ដឹកនាំ​ក្រុមការងារ​នេះ​ក្នុង​ការតាមដាន​មតិ យោបល់ និង​សំណូមពរ​របស់​មហាជន​ដែល​បាន​សរសេរ​លើ​គេហទំព័រ​ហ្វេសប៊ុក​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​នានា​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​។ ក្នុង​នោះ​ក្រុមការងារ​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន ឬ​អង្គភាព​នានា​ចំណុះ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស៊ើបអង្កេត​ និង​ដោះស្រាយ​បញ្ហា ឬ​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ​។

លោក​ ជា សុគន្ធា បញ្ជាក់​ថា​៖ «​កន្លងមក​ធ្លាប់​មាន​បងប្អូន​យើង​គាត់ Comment [​អធិប្បាយ​] លើ​ហ្វេសប៊ុក​សម្ដេច​ក្រឡាហោម​ [​ស ខេង​] ​ច្រើន​ពី​បញ្ហា​ផ្សេងៗ ហើយ​មន្ត្រី​ជំនាញ​យើង​ក៏​ជួយ​ដោះស្រាយ​បាន​ច្រើន​ដែរ​។ ប៉ុន្ដែ​ពេលនេះ​សម្ដេច​ក្រឡាហោម​លោក​ចង់​ជំរុញ​ការដោះស្រាយ​បញ្ហា​ទាំងនេះ ឲ្យ​កាន់តែ​ច្រើន​ថែមទៀត​ និង​ធ្វើ​របាយការណ៍​ជាក់លាក់​ជូន​ទៅ​សម្ដេច​ក្រឡាហោម​»​។

មន្ត្រីជាន់ខ្ពស់​រូបនេះ​បន្ថែម​ថា​៖ «​បញ្ហា​ដែល​បងប្អូន Comment កន្លង​មក​គឺ បញ្ហា​ភាព​អសកម្ម​របស់​មន្ត្រី​មួយចំនួន​តូច​ដែល​បំពេញ​ការងារ​ចន្លោះប្រហោង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​»​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (ADHOC) ​គាំទ្រ​ការផ្ដួចផ្ដើម​ឲ្យ​មាន​ក្រុមការងារ​នេះ ដោយសារ​កន្លង​មក​មាន​ប្រជាពលរដ្ឋ ឬ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ភាគច្រើន​តែងតែ Comment លើ​គេហទំព័រ​ហ្វេសប៊ុក​ថ្នាក់ដឹកនាំ នៅពេល​ពួកគាត់​បាន​ជួប​បញ្ហា​អយុត្តិធម៌​ណាមួយ​។

លោក​ថា ប្រសិនបើ​ពួកគាត់ Comment ប្រាប់​ពី​បញ្ហា​របស់​ពួកគាត់​បែប​នេះ ថ្នាក់ដឹកនាំ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ប្រញាប់​ដោះស្រាយ​ជូន​ពួកគាត់​។ ម្យ៉ាងទៀត​ដោយសារ​ពួកគាត់​ជួប​រឿង​អយុត្តិធម៌ តែ​គ្មាន​អ្នកពឹងពាក់​ជួយ​ដោះស្រាយ​ទើប​បាន​ជា​គាត់​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូលៗ​ជួយ​អន្តរាគមន៍​។

លោក​ សែន ​ករុណា បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ប្រសិន​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​អយុត្តិធម៌​អ្វីមួយ​ពី​ពលរដ្ឋ គួរ​តែ​ប្រញាប់​ជួយ​ដោះស្រាយ​គាត់ ព្រោះ​មុន​នឹង​គាត់​សម្រេចចិត្ត Comment លើ​ហ្វេសប៊ុក​ថ្នាក់ដឹកនាំ​បែបនេះ​គឺ​ប្រហែល​ជា​ពួកគាត់​ជួប​ការលំបាក​ខ្លាំង​រួច​មក​ហើយ​។ ខ្ញុំ​មិនទាន់​ដឹងថា ក្រុម​ការងារ​នេះ​មាន​ប្រសិទ្ធភាព​ឬ​យ៉ាងណា​ទេ​។ យើង​រង់ចាំ​មើល​តាមដាន​ការអនុវត្ត​របស់​មន្ត្រី​យើង​ទាំងអស់​គ្នា​»៕