ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បង្ហាញក្ដីបារម្ភខ្លាចកម្ពុជាត្រូវបានដាក់ក្នុងបញ្ជីខ្មៅ នៃការលាងលុយកខ្វក់ បន្ទាប់ពីមានការចាប់បានការនាំប្រាក់ដុល្លារមិនមានប្រភពច្បាស់លាស់ចូលពីហុងកុងមកកម្ពុជា ដោយផ្ទាល់កាលពីពេលថ្មីៗ ដោយលោកប្រាប់ឲ្យសមត្ថកិច្ចស្រាវជ្រាវរកប្រភពនៃការនាំចូលលុយទាំងនោះ។
ការបង្ហាញក្តីបារម្ភបែបនេះ ខណៈដែលលោកចូលរួមធ្វើជាអធិបតីនៃពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញពីម្សិលមិញ។ លោក ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះថ្លែងថា៖ «គេចាត់ទុកថាឥឡូវកម្ពុជាយើងវាស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសប្រផេះ អ៊ីចឹងគេឃ្លាំមើលហើយ។ មួយជំហានទៀតវាទៅខ្មៅ នោះបើសិនណាជាយើងមិនបានយកចិត្តទុកដាក់បង្ក្រាប។ ខ្ញុំយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះបានផលប្រយោជន៍ ក៏ប៉ុន្តែបានតែមនុស្សមួយក្រុមហ្នឹងទេ យកមកទិញដីទិញធ្លីអ៊ីចឹងទៅ បានអ៊ីចឹងទៅ ឬក៏ទីផ្សារដីវាអាចឡើងថ្ងៃបន្តិច»។
រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បន្តថា៖ «ប៉ុន្តែវាងាប់ គឺងាប់ប្រទេសជាតិតែម្ដង។ ងាប់ប្រទេសជាតិត្រង់ណា ត្រង់ថាបើថ្ងៃណាមួយដល់កម្រិតមួយគេថា កម្ពុជាជាប្រទេសខ្មៅ ជាប្រទេសលាងលុយ ចប់! ចប់!។ ចរាចរណ៍លុយកាក់ពីធនាគារណាទាំងអស់ ខ្ញុំមិនហ៊ានថា ១០០ ភាគរយចប់ទេ ប៉ុន្តែវាពិតជាប្រឈមនឹងការលំបាកដ៏ធំហើយ។ នោះជាហានិភ័យដ៏ធំបំផុត»។
កាលពីចុងខែមេសា សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិន ៣ នាក់ ដែលនាំចូលប្រាក់ដុល្លារអាមេរិកចំនួន ៣,៥២ លានដុល្លារ ពីទីក្រុងហុងកុង ដោយមិនមានប្រភពច្បាស់លាស់។ ជនសង្ស័យនិយាយថាលុយនោះជាលុយឈ្នះល្បែង។ នៅចុងខែឧសភា សមត្ថកិច្ចក៏ចាប់បានការនាំចូលសាច់ប្រាក់ចំនួន ៨៥៥ ០០០ ដុល្លារ ពីទីក្រុងហុងកុងដូចគ្នា។
លោក ស ខេង និយាយថា សមត្ថកិច្ចបានយកលុយដែលនាំចូលស្រុកខ្មែរទាំងនោះហើយបានប្រគល់ទៅសមត្ថកិច្ចដែលពាក់ព័ន្ធ ប៉ុន្តែពួកគេមិនបានឆែកមើលថាតើលុយនេះមានប្រភពពីណាទេ។
លោកថ្លែងថា៖ «បើមានករណីអ៊ីចឹង ត្រូវរាយការណ៍មកខ្ញុំភ្លាម។ ឥឡូវ ៣ លានកន្លះ។ លុយនៅធនាគារទេឥឡូវ។ ប៉ុន្តែឲ្យសិក្សាស្រាវជ្រាវ ថាតើលុយហ្នឹងវាចេញពីណាមក។ ព្រោះសាមីខ្លួនថា ច្រើនតែលេងល្បែងឈ្នះយកមក។ តែអត់មានក្រដាសស្នាមអីទាំងអស់។ អ៊ីចឹងយើងធ្វើម៉េច? មិនតែប៉ុណ្ណោះ បើសិនជាលុយនោះជាលុយត្រឹមត្រូវ អត់នាំគ្នាចែកផ្លូវគ្នារត់ការទេ»។
លោកបន្តថា៖ «ចុះបើលុយខ្ញុំត្រឹមត្រូវ ចាំបាច់ឲ្យលោកឯង ១០ ឬ ២០ ភាគរយ ឬ ៤០ ភាគរយ ឬកន្លែងខ្លះ ៥០ ភាគរយ ជិត ៥០ ភាគរយ។ ចុះម៉េចក៏ចិត្តល្អម្ល៉េះ? បើថាលុយនោះយកបានទៅវិញ គឺគេសុខចិត្តឲ្យ ៥០ ភាគរយ គេទុក ៥០ ភាគរយ។ បើលុយល្អចាំបាច់ធ្វើអ៊ីចឹង។ ហ្នឹងបានន័យថា លុយហ្នឹងមិនល្អបាត់ទៅហើយ។ រឿងនេះមិនមែនស្រួលទេសម្រាប់អ្នកបានផលប្រយោជន៍ តែយើងធ្វើដើម្បីមុខមាត់កិត្តិយសសម្រាប់ជាតិយើង។ រឿងមិនធម្មតាទេ ហើយស្មុគស្មាញណាស់ វាមិនខុសអីពីគ្រឿងញៀនទេ»។
ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍កាលពីសប្ដាហ៍មុន លោកឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានថ្លែងថា សម្ទុះនៃបទល្មើសសម្អាតប្រាក់ចូលមកកម្ពុជាមានការកើន ឡើងដោយប្រទាក់ក្រឡាគ្នាស្មុគស្មាញតាមរយៈការនាំចូលលុយសុទ្ធ បច្ចេកវិទ្យាទំនើបហិរញ្ញវត្ថុនិងតាមរយៈធនាគារ។ លោកថា គិតត្រឹមឆមាសទី១ ឆ្នាំ ២០១៩ នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសសម្អាត ប្រាក់បានប្រមាណ ១៤ លានដុល្លារ ទាំងការនាំចូលដោយផ្ទាល់ តាមរយៈលំហូរចេញចូលនៃបច្ចេកវិទ្យា ឬតាមរយៈធនាគារ។
លោក ព្រាប កុល ប្រធានប្រតិបត្តិអង្គការតម្លាភាពកម្ពុជានិយាយថា អ្វីដែលជាក្តីបារម្ភរបស់ លោក ស ខេង ជារឿងត្រឹមត្រូវ ហើយថា បើទោះបីជាករណីបង្ក្រាបការលាងសម្អាតប្រាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីពេលថ្មីនេះ បញ្ជាក់ពីសមត្ថភាពរបស់សមត្ថកិច្ចក៏ដោយ ក៏ជាការរំឭកមួយអំពីបញ្ហាលាងសម្អាតប្រាក់នៅកម្ពុជា។
លោកថា ករណីទាំង ២ នេះវាគ្រាន់តែជាករណីមួយចំនួនក្នុងចំណោមករណីធំច្រើនទៀត។ លោកជំរុញឲ្យកំពង់ផែ និងច្រកឆ្លងកាត់ព្រំដែនផ្សេងៗទៀតក៏ត្រូវតែមានការត្រួតពិនិត្យឲ្យបានដិតដល់ផងដែរ៕