ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសធ្វើកំណែទម្រង់លែងឱ្យមានមន្ត្រីប៉ូលិស ដែលមិនចេះអក្សរនៅក្នុងក្របខ័ណ្ឌបន្តទៀតហើយ ខណៈលោកអំពាវនាវឱ្យមន្ត្រីថ្នាក់ក្រោមជាតិ បម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងគុណតម្លៃ។
ការប្រកាសយ៉ាងដូច្នេះ បានធ្វើឡើងអំឡុងពេលលោកអញ្ជើញជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក កាលពីថ្ងៃទី ១២ ខែកុម្ភៈ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រីផងនោះ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងកំពុងតែរៀបចំ ដើម្បីកែទម្រង់បន្តទៀត នូវកងកម្លាំងនគរបាលជាតិ។ មានរឿងច្រើនណាស់ ហើយពីមុនយើងក៏ធ្លាប់កែទម្រង់ច្រើនដែរហើយ ដែលខ្ញុំធ្លាប់បាននិយាយថា ប៉ូលិសយើងវាមិនដែលមានទេ លើសកលលោកប៉ូលិសមិនចេះអក្សរ ប៉ុន្តែយើងវាមាន»។
មូលហេតុដែលបណ្តាលឱ្យមន្ត្រីប៉ូលិសមិនចេះអក្សរអាចបម្រើការក្នុងវិស័យនេះ បានលោក ស ខេង បញ្ជាក់ថា៖ «វាមានដោយសារអី គឺដោយសារតែសង្គ្រាម ព្រោះសម័យសង្គ្រាម យើងទៅរកប៉ូលិស ដែលរៀនបានបាក់ឌុប ឌីប្លូមពីណាមកធ្វើប៉ូលិសបាន។ គឺឱ្យតែចេះកាច់កៃកាំភ្លើង យកទៅហើយ គឺយកទៅច្បាំងសិន។ ដល់ពេលចប់សង្គ្រាម មិនយកគាត់មកធ្វើប៉ូលិស [ដដែល]! រឿងប៉ូលិសមិនចេះអក្សរ ធ្វើម៉េចកើតប្រជាជនមកប្តឹង កត់ត្រារបៀបម៉េច»។
បើតាមលោក ស ខេង មានមន្ត្រីប៉ូលិសមិនចេះអក្សរជិត ៤ ០០០ នាក់ ដែលបាននិងកំពុងបំពេញការងារទូទាំងប្រទេស ដោយពួកគេនៅតែអាចបន្តការងាររហូតដល់ចូលនិវត្តន៍។ លោកអះអាងថា ចំពោះមន្ត្រីដែលចូលបម្រើការងារថ្មី គឺត្រូវចេះអក្សរ និងត្រូវធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកប៉ូលិស ទើបអាចអនុញ្ញាតឱ្យចូលបម្រើការងារក្នុងវិស័យនេះបាន។
ក្រៅពីថ្លែងយ៉ាងដូច្នេះ លោក ស ខេង ក៏បានអំពាវនាវដល់មន្ត្រីនៅមូលដ្ឋាន ដែលមានដូចជាមេភូមិ មេឃុំ ស្មៀន មន្ត្រីប៉ូលិសដែលចាត់ទុកជាតួអង្គដ៏សំខាន់ក្នុងការកែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន គឺត្រូវបម្រើសេវារដ្ឋបាលជូនពលរដ្ឋឱ្យមានគុណភាព និងគុណតម្លៃ។
លោកបញ្ជាក់ថា៖ «បើតួអង្គទាំងប៉ុន្មានហ្នឹង មិននាំគ្នាធ្វើឱ្យល្អទេ គឺជះឥទ្ធិពលដល់រដ្ឋាភិបាល ដែលនាំឱ្យគេថា រដ្ឋាភិបាលមិនកើតទេ។ (បញ្ហានេះ) នាំឱ្យគេជេរដល់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទៀត។ តាមពិត ស្មៀនភូមិ មេភូមិ...សោះ ដែលធ្វើមិនល្អ ដែលនេះ គឺបញ្ហាដែលយើងសុំត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទូទៅឱ្យបានល្អ ទាំងការធ្វើផ្លូវ ធ្វើសាលារៀន មន្ទីរពេទ្យ។ ការជីកអណ្តូង ដោះស្រាយបញ្ហាទឹក ភ្លើង ឬបញ្ហាផ្សេងៗដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ»។
អស់រយៈពេល ១០ ឆ្នាំមកហើយ ដែលក្រសួងមហាផ្ទៃបានដាក់ចេញ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រកបជោគជ័យ។ នៅឆ្នាំនេះគោលនយោបាយ នេះ ក៏ត្រូវបានរាជរដ្ឋាភិបាល ប្រកាសដាក់ចេញជាគោលនយោបាយថ្នាក់ជាតិដោយមានគោលដៅ កែទម្រង់ចំនួន ៧ ចំណុចសំខាន់ៗ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តឱ្យបានជោគជ័យ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ការធ្វើកំណែទម្រង់មន្ត្រីប៉ូលិសមិនចេះអក្សរ គឺជារឿងមួយតូចប៉ុណ្ណោះ។ លោកបន្តថា ចំពោះឆន្ទៈពិតប្រាកដ គឺរដ្ឋាភិបាលអាចពិចារណាដាក់អ្នកជំនាញនៅតាមរដ្ឋបាលនីមួយៗ ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេអាចបំពេញការងារផ្នែករដ្ឋបាលឱ្យបានទូលំទូលាយក្នុងការឆ្លើយតបជូនប្រជាពលរដ្ឋតាមតម្រូវការ។
លោកបញ្ជាក់ថា៖ «យើងទទួលស្គាល់ថា មានការលំបាកដែរ នៅពេលដែលពលរដ្ឋទៅស្វែងរកសេវាផ្នែកអត្តសញ្ញាណកម្ម ហើយត្រូវទៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ បើសិនជាទៅជួបប៉ូលិស ដែលមិនសូវចេះអក្សរ ឬមិនអាចបំពេញការងាររដ្ឋបាលបាន នោះគឺធ្វើឱ្យពលរដ្ឋជួបការលំបាក និងបង្ខំចិត្តក្នុងការចំណាយលុយ»៕
វីដេអូ៖