ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​អភិបាល​គ្រប់ រាជធានី-ខេត្ត​ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​កិច្ចការ​ចាំបាច់​មួយចំនួន ដើម្បី​លើកកម្ពស់​ការផ្ដល់សេវា​ស្នាក់​កម្សាន្ត ការពារ​សន្ដិសុខ និង​ការទប់ស្កាត់​ការចម្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ២១ សីហា​ ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ឈប់សម្រាក​សង​ចូលឆ្នាំ​។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ២៧ កក្កដា របស់​លោក​ ស ខេង បញ្ជាក់​ថា​កិច្ចការ​ចាំបាច់​ទាំងនោះ ដូចជា ពង្រឹង​សន្ដិសុខ​សណ្ដាប់ធ្នាប់​ និង​ការផ្ដល់សេវា​ចាំបាច់​នានា​ឱ្យបាន​ល្អប្រសើរ ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ព្រម​ទាំង​ណែនាំ​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន​ជាដើម​ឱ្យ​រៀបចំ​ទឹក​អាល់កុល​ ឬ​ជែល​សម្រាប់​លាងដៃ និង​វាស់​កម្ដៅ​ភ្ញៀវ​ទាំងអស់​នៅ​តាម​ច្រកចេញចូល និង​ត្រូវ​ឱ្យ​មាន​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម​។

លិខិត​សរសេរ​ថា​៖ «​ចំពោះ​ផ្សារ​ទំនើប ផ្សារ​រដ្ឋ ឬ​ផ្សារ​ឯកជន​ត្រូវ​ណែនាំ​ឱ្យ​ម្ចាស់​ និង​អ្នកគ្រប់គ្រង​រៀបចំ​ទឹក​អាល់កុល និង​ជែល​សម្រាប់​លាងដៃ​នៅតាម​ច្រក-ចេញចូល និង​ចាត់តាំង​បុគ្គលិក​ឱ្យ​វាស់​កម្ដៅ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ចូល​ទៅក្នុង​ផ្សារ​»​។

ក្រៅពីនេះ គ្រប់​រាជធានី-ខេត្ត​ត្រូវ​បន្ត​ជំរុញ​ឱ្យ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​គោរព​ឱ្យបាន​ជាប់​ជាប្រចាំ​ក្នុង​ការរស់នៅ​បែប​ថ្មី ដូចជា សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ ពាក់​ម៉ាស់​ និង​ក្រមា​នៅពេល​កណ្ដាស់ ឬ​ក្អក និង​រក្សា​គម្លាត​សុវត្ថិភាព​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​យ៉ាងតិច​ ១,៥ ​ម៉ែត្រ​។

កាលពី​ថ្ងៃទី​ ២៧ កក្កដា លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក៏បាន​ចេញ​លិខិត​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​ទេសចរណ៍ និង​អភិបាល​គ្រប់​រាជធានី-ខេត្ត​ដើម្បី​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​អង្គភាព​ និង​អាជ្ញាធរ​មូលដ្ឋាន​របស់ខ្លួន​នូវ​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្ដីពី​ការការពារ​ការចម្លង​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ចំនួន​ ៥ ​ថ្ងៃ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ១៧ កក្កដា ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ត្រូវតែ​ជ្រើសរើស​ការជួបជុំ​គ្រួសារ និង​ធ្វើដំណើរ​កម្សាន្ត​ដែលមាន​សុវត្ថិភាព​ និង​មិនមាន​ការចម្លង​ដូចជា​ដំណើរ​លក្ខណៈ​គ្រួសារ​ដាច់​ដោយឡែក គ្មាន​ការជួបជុំ​ច្រើន ចៀសវាង​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ការបរិភោគ​អាហារ​ជាមួយ​គ្នា​ច្រើន​នៅ​ក្រៅផ្ទះ ការ​ជប់លៀង​ទ្រង់ទ្រាយ​ធំ​។

មិន​ត្រូវ​ជុំ​គ្នា​លេងល្បែង និង​ច្រៀង​រាំ ផឹកស៊ី​គគ្រឹកគគ្រេង​គ្មាន​គម្លាត​សុវត្ថិភាព ចៀសវាង​ទៅ​កម្សាន្ត​នៅ​ខារ៉ាអូខេ ក្លិប​កម្សាន្ត និង​ការធ្វើដំណើរ​តាម​រថយន្ត​សាធារណៈ​ដែល​ផ្ទុក​មនុស្ស​ច្រើន​។

លោក​ ឃាង ភារម្យ មន្ត្រី​នាំពាក្យ​ខេត្ត​ព្រះសីហនុ​លើកឡើង​ថា​រដ្ឋបាលខេត្ត​តែង​អនុវត្ត​ជា​ប្រចាំ​តាម​គោលការណ៍​ណែនាំ​ជា​បន្តបន្ទាប់​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួងមហាផ្ទៃ​ដូចជា​ការធ្វើ​ចត្តាឡីស័ក​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​នៅតាម​ច្រក​អន្តរជាតិ​សំខាន់ៗ​រួមមាន​ព្រលានយន្តហោះ និង​កំពង់ផែ​រួមទាំង​ការចុះ​អប់រំ​ពលរដ្ឋ​ឱ្យ​ធ្វើ​អនាម័យ និង​ពាក់​ម៉ាស់​ជាដើម​។

លោក​បន្តថា នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ខេត្ត​ព្រះសីហនុ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ និង​មាន​ទីកន្លែង​កម្សាន្ត​ច្រើន​ និង​ធំ​ទូលាយ​ជាង​មុន ដែល​ជួយ​ឱ្យ​ពលរដ្ឋ​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២១ ​សីហា​ ខាង​មុខ​នេះ ​អាច​រក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា​បាន ខណៈ​កន្លែង​កម្សាន្ត​ដូចជា​តំបន់ឆ្នេរ​ជាដើម ក៏​ត្រៀម​ដាក់ពង្រាយ​មន្ត្រី​ទេសចរណ៍​ និង​មន្ត្រី​សុខាភិបាល​អំពី​ការរក្សា​គម្លាត​សុវត្ថិភាព​។

លោក​ថា​៖ «​ពាក់ព័ន្ធ​នឹង​ការងារ​រៀបចំ​ផែនការ​ហ្នឹង យើង​លម្អិត​បន្ថែម​ទៀត បន្ទាប់ពី​មាន​កិច្ចប្រជុំ​ពេលខាងមុខ​»​។

កាលពី​ថ្ងៃទី​ ២៨ ​កក្កដា ក្រសួង​សុខាភិបាល​បាន​ប្រកាស​ករណី​នាំចូល​ជំងឺ​មួយ​ករណី​លើ​បុរស​ជនជាតិ​ឥណ្ឌា​ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ចម្រុះ​ជាតិសាសន៍​សរុប​ ៩០ ​នាក់​ ចេញ​ពី​ប្រទេស​ឥណ្ឌា តជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ២៦ កក្កដា​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​មាន​ករណី​ឆ្លង​សរុប​ ២៣៣ ​នាក់​ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ១៥៤ ​នាក់​។ ក្នុង​ខែកក្កដា​នេះ មន្ត្រី​ក្រសួង​សុខាភិបាល​បញ្ជាក់ថា ក្នុង​ខែ​កក្កដា ការនាំចូល​ករណី​ពី​ក្រៅ​ប្រទេស​ចូលមក​កម្ពុជា គឺ​បាន​កើនឡើង​យ៉ាង​គំហុក​ដែល​ភាគច្រើន​ចេញ​តាមរយៈ​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ជើងហោះហើរ​មកពី​ប្រទេស​ទាំង​ ២ ​នេះ​ចាប់ពី​ថ្ងៃទី ១ ខែសីហា ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ដោយ​កម្ពុជា​ត្រូវ​មាន​ថ្ងៃ​ឈប់សម្រាក​ច្រើន​ចាប់ពី​ខែ​សីហា​នេះ​ទៅ​៕