ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ពី​ម្សិលមិញ​បាន​ប្រាប់​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​កុំ​ឲ្យ​ប្រើប្រាស់​ការធ្វើ​ទារុណកម្ម​ដើម្បី​យក​ចម្លើយ​ពី​ជន​ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​សេរីភាព​ពីព្រោះ​ទង្វើ​បែបនេះ​រំលោភសិទ្ធិ​មនុស្ស និង​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក ស ខេង មាន​ប្រសាសន៍​ថា ព័ត៌មាន​ចេញពី​ជន​ដែល​ត្រូវ​បាន​ដកហូត​សេរីភាព​មាន​សារៈសំខាន់​ក្នុង​ការស្វែងរក​យុត្តិធម៌ ការរៀបចំ​អប់រំ​កែប្រែ និង​ធ្វើ​សមាហរណកម្ម​ពួកគេ​ទៅក្នុង​សង្គមជាតិ​វិញ​។ ប៉ុន្តែ​ព័ត៌មាន​ដែល​សមស្រប​មិនមែន​ជា​ព័ត៌មាន​បាន​មកពី​ចម្លើយ ដែល​បាន​ពី​ការធ្វើ​ទារុណកម្ម​នោះទេ​។ ការធ្វើ​ទារុណកម្ម និង​ប្រព្រឹត្តកម្ម​មិន​គប្បី​ដែល​ឃោរឃៅ អមនុស្សធម៌ និង​បន្ទាបបន្ថោក មិនមែន​ជា​វិធានការ​ចាំបាច់​ដែល​ត្រូវ​យក​មក​អនុវត្ត​ចំពោះ​ជន​ទាំងនោះ​ឡើយ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ផ្ទុយ​ទៅវិញ​ការធ្វើ​បែប​នេះ​គឺជា​អំពើ​ខុសច្បាប់ និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិនអាច​ទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​ដូច​យើង​ចង់បាន​នោះទេ​។ វា​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​ប៉ះពាល់​ដល់​ការឈឺចាប់​ដល់​ជន​នោះ ហើយ​អាច​នឹង​បង្កើតឡើង​នូវ​គំនុំគុំកួន​គ្នា​មិនចេះ​ចប់​មិនចេះហើយ​»​។

លោក​បាន​រំឭកថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បាន​ចុះ​ទៅ​កន្លែង​ឃុំឃាំង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ប៉ុន្តែ​អាជ្ញាធរ​ដែល​គ្រប់គ្រង​កន្លែង​ឃុំឃាំង​មួយចំនួន​តូច​មិនទាន់​បាន​សហការ ឬ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រតិភូ​នៃ​គណៈកម្មាធិការ​នេះឡើយ​។ ជាពិសេស​ចំពោះ​ករណី​ដែលមាន​បាតុភាព​ជាក់ស្ដែង​កើតឡើង​។ លោក​ប្រាប់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​កិច្ចសហការ បើទោះបី​ជា​គណៈកម្មាធិការ​នេះ​ចុះ​ត្រួតពិនិត្យ​ដោយ​មាន​ការជូនដំណឹង​មុន ឬ​គ្មាន​ការជូន​ដំណឹង​ក៏ដោយ​។

លោក ស ខេង បញ្ជាក់​ថា គណៈកម្មាធិការ​នេះ​ជា​គណៈកម្មាធិការ​ឯករាជ្យ​មិន​ស្ថិតក្រោម​រដ្ឋាភិបាល ហើយ​បំពេញ​ការងារ​ដោយ​មិន​ខ្លាច​ញញើត និង​មិន​ស្ថិតក្រោម​សម្ពាធ​ណាមួយ​របស់​រដ្ឋាភិបាល​ទេ​។ ក៏ប៉ុន្តែ​ក៏​មិន​ត្រូវ​ប្រើ​អំណាច​ទៅ​ដាក់​សម្ពាធ​ដល់​មន្ត្រី​នៅ​តាម​មណ្ឌល​ឃុំឃាំង​ទេ​។

លោក​ក៏បាន​ផ្ដល់នូវ​អនុសាសន៍​ឲ្យ​គណៈកម្មាធិការ​នេះ​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ អនុសញ្ញា​ស្ដីពី​ការប្រឆាំង​ការធ្វើ​ទារុណកម្ម​ និង​ពិធីសារ​បន្ថែម​នៅ​តាម​ទីកន្លែង​ឃុំឃាំង​នានា​ក៏ដូចជា​ដល់​អ្នក​ដែល​ជាប់ឃុំ​។ គណៈកម្មាធិការ​ថ្មី​នេះ​ក៏ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ផងដែរ​។ លោក​ថា អង្គការ​សហប្រជាជាតិ​ទាមទារ​ឲ្យ​កម្ពុជា​បង្កើត​ច្បាប់​ប្រឆាំង​ការធ្វើ​ទារុណកម្ម ប៉ុន្តែ​ទោះបី​ជា​កម្ពុជា​មិនទាន់​មាន​ច្បាប់​នេះ​ក្ដី កម្ពុជា​មាន​ព្រះរាជក្រឹត្យ​គ្រប់គ្រង​បញ្ហា​នេះហើយ​។

លោក​ នុត សាអាន ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បាន​ថ្លែងថា គណៈកម្មាធិការ​នេះ​សម្រេច​បាន​ការងារ​ជាច្រើន ប៉ុន្តែ​ក៏បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​រួមមាន​ការមិន​សហការ​ល្អ​ពី​មន្ត្រី​ពន្ធនាគារ​មួយចំនួន​។ ជាពិសេស​នៅ​កន្លែង​ដែល​កើតមាន​ភាពមិន​ប្រក្រតី​។ គណៈកម្មាធិការ​នេះ​ក៏​នៅ​ខ្វះខាត​បន្ទប់​ការិយាល័យ​ និង​សម្ភារ​សមស្រប មិនមាន​មធ្យោបាយ​ធ្វើដំណើរ​របស់​អង្គភាព រថយន្ត​សម្រាប់​ចុះ​បំពេញ​ការងារ​តាម​គោលដៅ​រាជធានី​ខេត្ត​។

លោក​បន្តថា គណៈកម្មាធិការ​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ដើម្បី​ចុះ​ពិនិត្យ​តាម​ទីកន្លែង​ឃុំឃាំង និង​ចុះ​ត្រួតពិនិត្យ​ភាពមិន​ប្រក្រតី​ដែល​ពាក់ព័ន្ធ​នឹង​ទារុណកម្ម​។ គណៈកម្មាធិការ​ក៏​នឹង​បន្ត​រៀបចំ​ចងក្រង​សៀវភៅ​មេរៀន​បណ្ដុះបណ្ដាល អប់រំ ផ្សព្វផ្សាយ​អំពី​ការប្រឆាំង​ការធ្វើ​ទារុណកម្ម​ផងដែរ​។

មន្ត្រី​ជាន់ខ្ពស់​រូបនេះ​ថ្លែងថា​៖ «​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីកន្លែង​ឃុំឃាំង និង​បាន​ចុះ​ពិនិត្យ​ភាពមិន​ប្រក្រតី​ដែល​ពាក់ព័ន្ធ​នឹង​ទារុណកម្ម​បាន​រកឃើញ​បញ្ហា​ប្រឈម​នានា​ និង​បានផ្ដល់​អនុសាសន៍​កែលម្អ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ​»​។

លោក​បន្តថា​៖ «​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បាន​បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ និង​ផ្ដល់​អនុសាសន៍​កន្លងមក​យើង​សង្កេត​ឃើញ​ថា ពិតជា​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការប្រព្រឹត្ត​ និង​ការគោរព​សិទ្ធិ​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ទារុណកម្ម​តាម​ទីកន្លែង​ឃុំឃាំង​ជន​ដែល​ត្រូវ​បាន​ដកហូត​សេរីភាព​នៅ​ទូទាំង​ប្រទេស​»​។

បើ​តាម​ក្រសួង​មហាផ្ទៃ​គិត​ត្រឹម​ថ្ងៃទី​ ១០ កក្កដា ២០២០ មាន​អ្នក​ជាប់ឃុំឃាំង​ចំនួន​សរុប​ ៣៩ ៣១៦ ​នាក់​នៅក្នុង​ពន្ធនាគារ​ទាំង ២៨ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ស្ដ្រី​ចំនួន​ ២ ៥៧១ ​នាក់​។ ក្នុង​ចំនួន​នេះ​ជន​ត្រូវ​ចោទ​មាន​ចំនួន​ ៨ ៩០០ ​នាក់​ជនជាប់ចោទ​ចំនួន​ ៤ ៦៤៩ ​នាក់ ពិរុទ្ធជន​ ១៤ ៨១៧ ​នាក់ និង​ទណ្ឌិត​ ១០ ៩៥០ ​នាក់​។

ក្នុងចំណោម​ជន​ជាប់ឃុំ​ទាំងអស់ បទល្មើស​គ្រឿងញៀន​មាន​ជាង​ ៥៨ ​ភាគរយ បទល្មើស​លួច​ (​ប្លន់​) ​មាន​ទម្ងន់ទោស​ជិត​ ១០ ​ភាគរយ បទល្មើស​លួច​ជាង​ ៧ ​ភាគរយ បទល្មើស​រំលោភ​សេពសន្ថវៈ​ជិត ៦ ​ភាគរយ បទល្មើស​ឃាតកម្ម​ជាង ៥ ​ភាគរយ និង​បទល្មើស​ផ្សេងៗ​ ១៣,១០ ​ភាគរយ​។

អ្នកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​បាន​អនុម័ត​អនុសញ្ញា​ប្រឆាំង​នឹង​ការធ្វើ​ទារុណកម្ម និង​ការប្រព្រឹត្ត ឬ​ការធ្វើ​ទោសទណ្ឌ​ដែល​ឃោរឃៅ អមនុស្សធម៌ និង​បន្ទាបបន្ថោក​។ អនុសញ្ញា​នេះ​ហាម​មិន​ឲ្យ​មាន​ការធ្វើ​ទារុណកម្ម​ដោយ​អាជ្ញាធរ​រដ្ឋ ហើយ​រដ្ឋ​មាន​កាតព្វកិច្ច​ចាត់​វិធានការ​ផ្លូវច្បាប់ រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការធ្វើ​ទារុណកម្ម​នៅ​គ្រប់កន្លែង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ សេរីភាព​ពី​ការធ្វើ​ទារុណកម្ម​ក៏មាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផងដែរ​នៅ​មាត្រា​ ៣៨​។

អ្នកស្រី​ថ្លែងថា​៖ «​ទោះបី​ជា​មាន​ការការពារ​ដោយ​ផ្លូវច្បាប់​ក៏ដោយ ក៏​ការធ្វើ​ទារុណកម្ម នៅតែ​កើត​មាន​នៅ​មណ្ឌល​ឃុំឃាំង​នៅ​កម្ពុជា និង​វិធានការ​បន្ថែម​ត្រូវតែ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​វា​។ ពីថ្ងៃ​ទី​ ១ វិច្ឆិកា ២០១៩ ដល់​ថ្ងៃទី​ ៣១ កក្កដា ២០២០ CCHR បាន​កត់ត្រា​ក្នុង​ការឃ្លាំមើល​ជនជាប់ចោទ​ ១៤៨ ​នាក់​នៅក្នុង​ការជម្រះ​ក្ដី​នៅ​សាលាឧទ្ធរណ៍​។ ក្នុង​ចំនួន​នេះ​មាន ៥,៤ ភាគរយ​នៃ​ពួកគេ​បាន​អះអាង​ថា មាន​អំពើហិង្សា​ និង​ការធ្វើ​ទារុណកម្ម​លើ​ពួកគេ ដើម្បី​យក​ចម្លើយ​ក្នុង​ពេល​ការស៊ើបអង្កេត​ដែល​ធ្វើឡើង​ដោយ​នគរបាល​យុត្តិធម៌​»​។

អ្នកស្រី​ថា ការលើកឡើង​ដោយ​លោក ស ខេង ដែល​ថា​ការធ្វើ​ទារុណកម្ម​ត្រូវតែ​ចៀសវាស​នោះ​មិនទាន់​គ្រប់គ្រាន់​ទេ​។ រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ​ជាក់លាក់ ដើម្បី​ធានា​ថា ការធ្វើ​ទារុណកម្ម​ត្រូវ​បាន​លុបបំបាត់​នៅ​ស្ថាប័នរដ្ឋ ហើយ​ការលើកឡើង​ពី​ការធ្វើ​ទារុណកម្ម​ត្រូវតែ​ស៊ើបអង្កេត​ដោយ​អ្នកប្រព្រឹត្ត​ត្រូវតែ​ទទួល​ខុសត្រូវ​។ អ្នកស្រី​បន្តថា ចម្លើយ​ដែល​ទទួល​បាន​ពី​ការធ្វើ​ទារុណកម្ម​មិនត្រូវ​ប្រើ​ជា​ភ័ស្តុតាង​ដាក់​កំហុស​ទេ​ក្នុង​តុលាការ​កម្ពុជា​៕