The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​ឲ្យ​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ និង​ ​កាមេរ៉ា​សុវត្ថិភាព ​តាម​ដងផ្លូវ

រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​ឲ្យ​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ និង​ ​កាមេរ៉ា​សុវត្ថិភាព ​តាម​ដងផ្លូវ

Content image - Phnom Penh Post
កាលពី​ម្សិលមិញ​ លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​បំពាក់​ស្លាក និង​ភ្លើង​សញ្ញាចរាចរណ៍ ព្រមទាំង​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី-ខេត្ត។​ ហ្វេសប៊ុក

រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​ឲ្យ​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ និង​ ​កាមេរ៉ា​សុវត្ថិភាព ​តាម​ដងផ្លូវ

បាត់ដំបងៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពី​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​បំពាក់​ស្លាក និង​ភ្លើង​សញ្ញាចរាចរណ៍ ព្រមទាំង​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី-ខេត្ត ដើម្បី​ជួយ​សម្រួល​ដល់​មន្ត្រី​នគរបាលចរាចរណ៍​ក្នុង​ការបំពេញ​តួនាទី អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​គណនេយ្យភាព​។

ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៩ និង​លើកទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០២០ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង លោក ស ខេង ថ្លែង​ថា​កន្លងមក​ការស្ដារ​ផ្លូវជាតិ ឬ​សាងសង់​ផ្លូវ​ថ្មី​ក្នុង​រាជធានី-ខេត្ត មិនបាន​រៀបចំ​បំពាក់​ស្លាក និង​ភ្លើង​សញ្ញា​ចរាចរណ៍​ និង​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ដងផ្លូវ​នោះ​ទេ​។ នេះ​ជា​ផ្នែក​មួយ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ហើយ​អ្នក​បំពាន​ច្បាប់​ចរាចរណ៍​អាច​គេចខ្លួន​ពី​ការផាកពិន័យ​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផងដែរ​។

លោក ស ខេង ថ្លែងថា​៖ «​យើង​មិនអាច​ពឹងផ្អែក​តែ​លើ​កម្លាំង​នគរបាល​ចរាចរណ៍​ក្នុង​ការត្រួតពិនិត្យ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ចរាចរណ៍​លើ​ដងផ្លូវ​បានទេ ព្រោះ​ផ្លូវ​មាន​ច្រើន​ខ្វាត់ខ្វែង និង​វែងឆ្ងាយ​។ ការបំពាក់​ស្លាក និង​ភ្លើងសញ្ញា​ចរាចរណ៍​រួមទាំង​កាមេរ៉ា​សុវត្ថិភាព​នៅលើ​ដងផ្លូវ​អាច​ជួយ​សម្រួល​ដល់​ការងារ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​យើង​ក្នុង​ការបំពេញ​តួនាទី​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព និង​គណនេយ្យភាព​»​។

លោក​ឲ្យ​ដឹង​ទៀតថា ឆ្នាំ​ ២០២០ ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅក្នុង​កម្រិត​ទាប​បំផុត ដើម្បី​ឈាន​ទៅ​ដល់​ការសម្រេច​គោលដៅ​សហស្សវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​ថា ឆ្នាំ​ ២០៣០ នឹង​គ្មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

ទោះយ៉ាងណា​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​អះអាង​ថា ការពង្រឹង​ការអនុវត្ត​ច្បាប់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ វា​មិនមែន​ជា​ «​រឿង​សាមញ្ញ​ពេក​នោះទេ​»​។ លោក​ថា អត្រា​ស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០១៩ បាន​កើនឡើង​យ៉ាងគំហុក​បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ​ហើយ​វា​នៅតែ​បន្ត​កើនឡើង​គួរឲ្យ​កត់សម្គាល់​ថែមទៀត​ក្នុង​ខែ​មករា ដើម​ឆ្នាំ​ ២០២០​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​មកដល់​ខែកុម្ភៈ ឆ្នាំ​ ២០២០ ​នេះ​អត្រា​ស្លាប់ និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ទៅវិញ គួរ​ឲ្យ​កត់សម្គាល់​គឺ​ធ្លាក់ចុះ​ជាង​ ៣០ ​ភាគរយ​ ឬ​ប្រមាណ​ជាង​ ៥០ ​នាក់​នៃ​ជនរងគ្រោះ បើ​ធៀប​ទៅនឹង​ខែមករា​»​។

បើតាម​លោក ស ខេង ពេលនេះ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ព្រមទាំង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​កំពុង​ពិភាក្សា​គ្នា​លើ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការផាកពិន័យ​ចំពោះ​អ្នក​បំពាន​ច្បាប់​ចរាចរណ៍​។ លោក​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​ជា​យន្តការ​មួយ​ឈាន​ទៅ​រក​ការកែប្រែ ឬ​ធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​ការផាកពិន័យ ដើម្បី​ឲ្យ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​មុន​។

ជាមួយ​គ្នា​នេះ​លោក​បានអំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​នៃ​ជីវិត​ទាំងអស់​គ្នា និង​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​សហគមន៍​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។

លោក គង់ រតនៈ នាយកវិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និយាយ​ថា ជា​ការពិត​ការបំពាក់​ស្លាក និង​ភ្លើង​សញ្ញាចរាចរណ៍ ព្រមទាំង​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ដង​ផ្លូវ និង​ការអប់រំ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ទៅដល់​ប្រជាពលរដ្ឋ​ដល់​ថ្នាក់មូលដ្ឋាន គឺជា​ភាពចាំបាច់​បំផុត ដើម្បី​ឈាន​ទៅ​រក​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​។

លោក​បាន​ថ្លែងថា​៖ «​បើ​គ្រាន់តែ​ដាក់​ស្លាក និង​ភ្លើង​សញ្ញា​ចរាចរណ៍ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ដងផ្លូវ​នោះ វា​មិន​គ្រប់គ្រាន់​ទេ បើ​ខ្វះ​ការផ្សព្វផ្សាយ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ដល់​ពលរដ្ឋ​នៅក្នុង​សហគមន៍​មូលដ្ឋាន ដើម្បី​ឲ្យ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា​ទេនោះ​»៕

អត្ថបទគួរចាប់អារម្មណ៍