លោក​ ព្រុំ សុខា ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​ដាស់តឿន​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់​កុំឲ្យ​គេចវេស​ពី​ការងារ​ក្នុង​ដំណាក់កាល​នេះ ​ដោយ​យកលេស​ Lock down [ថា​គេ​ចាក់​សោ​ខ្លួន] ​ដើម្បី​បង្ការ​ការពារ​ជំងឺ​កូវីដ​​ ១៩​ នោះ​ទេ ​ហើយ​ត្រូវ​បង្កើត​ប្រសិទ្ធ​ភាព​ការងារ​ ក្នុង​ការទទួល​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ថែម​ទៀត។

ការថ្លែង​យ៉ាង​ដូច្នេះ​របស់​លោក​រដ្ឋមន្ត្រី​ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខ​តំណែង​ថ្នាក់​ដឹកនាំ ​និង​មន្ត្រី​រាជការ​ក្រសួង​មុខងារ​សាធារណៈ ​កាលពី​ថ្ងៃទី ៣ ​ខែមិថុនា ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល។ នេះ​បើតាម​ការចុះផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​អង្គភាព ​Fresh News។

Fresh News បាន​ដកស្រង​សម្តី​របស់​លោក ​ព្រុំ សុខា ​យ៉ាង​ដូច្នេះ​ថា ​ក្នុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូវីដ ១៩ ​ដែលមាន​កាលៈ​ទេសៈ​ខ្លះ​មិនអាច​ចេញ​ធ្វើ​ដំណើរ​ ឬ ​Lock down នោះ ​ក៏​មិនមែន​មន្ត្រី​ទាំងឡាយ​ត្រូវនៅ​ធ្វើការ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា​នោះ​ដែរ ​ពីព្រោះ​មន្ត្រី​ខ្លះ​ត្រូវ​ផ្ដល់​សេវា​សាធារណៈ​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ដូច្នេះថា​៖ «មិនអាច​មាន​លេសថា​កើត​កូវីដ​ គេ​ Lock down ​ខ្ញុំ​មិនអាច​ចេញ​ទៅ​ធ្វើការ​បាននោះ​ឡើយ។ អ្វី​ដែល​ចាំបាច់​ត្រូវ​ការពារ​ខ្លួន​ឯង​ផង​ ការពារ​កុំឱ្យ​អ្នកដទៃ​មក​ចម្លង​យើង​ផង ​ហើយ​ផ្ដល់​សេវា​បាន​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន។ នេះ​ជាការងារ​គំរូ​របស់​មន្ត្រី​រាជការ​សាធារណៈ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន»។

ក្រៅ​ពីនេះ​ លោក​ព្រំ សុខា ​បានដាស់​តឿន​មន្ត្រី​មុខងារ​សាធារណៈ​គ្រប់​រូប​ ត្រូវ​បន្ត​ពង្រឹង​គុណភាព ​ប្រសិទ្ធភាព ​និង​ប្រសិទ្ធផល​ការងារ​ទាំងឡាយ​ទាំងពួង​ជូន​ក្រសួង​ ស្ថាប័ន​របស់​ខ្លួន។ ពិសេស​ប្រជាជាតិ​ទាំង​មូល ​ហើយ​ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព​ទៅ​តាម​ការរីក​ចម្រើន​ប្រព័ន្ធ​ឌីជីថល​ ឬ​បដិវត្ត​ឧស្សាហកម្ម​ ៤.០ ​ដែល​ពោរពេញ​ទៅដោយ​ការប្រើ​ប្រាស់​បច្ចេក​​វិទ្យា​ទំនើបៗ។

លោក​ឈឿន ប៊ុណ្ណារត្ន័ ​អនុរដ្ឋ​លេខាធិការ ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​នោះ ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​មិន​ត្រឹមតែ​ដាស់​ឲ្យ​មន្ត្រី​ទាំងអស់​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ថែមទាំង​បានណែនាំ​ឲ្យ​មន្ត្រី​មុខងារ​សាធារណៈ​គ្រប់ជាន់​ថ្នាក់​ គោរព​ឲ្យបាន​នូវ​គោលការណ៍​រក្សា​គម្លាត ​និង​អនាម័យ ​ដើម្បី​ការពារការ​ឆ្លង​រីករាលដាល​នៃជំងឺ​នេះ​ផង​ដែរ។

លោក​បញ្ជាក់ថា​៖ «តាម​ពិត​ទៅ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​[ដាស់តឿន]​មន្ត្រី​ទាំងអស់​រក្សា​នូវ​ចរន្ត​ការងារ​បច្ចុប្បន្ន ​ក្នុង​ការ​បម្រើ​ការងារ​ ជាពិសេស​ក្នុង​ការបើក​ផ្តល់​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​ជាប្រចាំ។ ប៉ុន្តែ​ក្នុងន័យ​ឲ្យ​យើង​គោរព​តាម​បទដ្ឋាន​នៃ​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដោយ​ពាក់ម៉ាស់ ​និង​រក្សា​ចម្ងាយ​ពី​គ្នា ​ចំពោះ​មន្ត្រី​ដែល​កំពុង​បំពេញ​ការងារ»។

បើ​តាម​លោក​ ឈឿន ប៊ុណ្ណារត្ន័ ​បានឲ្យ​ដឹងថា ​បើ​ទោះបី​បច្ចុប្បន្ន​ ពិភព​លោក ​ក៏ដូច​ជា​កម្ពុជា ​កំពុង​ប្រឈម​ជំងឺ​កូវីដ ១៩​ ក៏​មន្ត្រី​រាជការ​សាធារណៈ​ក្រោម​ក្របខ័ណ្ឌ​ក្រសួង​មុខងារ​សាធារណៈ ​នៅតែ​បន្ត​បំពេញ​ការងារ​ជាធម្មតា ​ខណៈ​មន្ត្រីរាជ​ការ​សារធាណៈ​នៅតាម​ក្រសួង​នានា​មាន​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលបន្ត​បំពេញ​ការងារ​នៅតាម​ផ្ទះ​តាមរយៈ​អន​ឡាញ៕