ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​ ការ​លើក​ឡើង​នេះ ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​កង្វល់​របស់​លោក ​Kang​ និង​សារ​ដែល​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​។

លោក​រដ្ឋមន្ត្រី​ កើត ​រិទ្ធ​ បាន​ប្រាប់​លោក Kang ថា ​សិទ្ធិ​សេរីភាព​បុគ្គល​ត្រូវ​យក​មក​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ ហើយ​ការ​អនុវត្ត​សិទ្ធិ​ហួស​ព្រំដែន​ ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ ឬ​បំពាន​លើ​ច្បាប់​ត្រូវ​ប្រឈម​នឹង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ហើយ​នេះ​ពុំ​មែន​ជា​ការ​អនុ​វត្ត​សិទ្ធិ​សេរីភាព​បុគ្គល​ទេ​។

លោក​បន្ត​ថា ច្បាប់​នៃ​ប្រទេស​នីមួយៗ​មិន​ដូច​គ្នា​ទេ ​ដោយសារ​បរិបទ​សង្គម​ និង​ប្រវតិ្តសាស្រ្ត​របស់​ប្រទេស​នីមួយៗ​ខុស​ៗ​គ្នា។ ​ជា​ទិដ្ឋភាព​ប្រវតិ្តសាស្រ្ត ​បញ្ហា​ព្រំដែន ​គឺ​ជា​រឿង​ដ៏​រសើប​បំផុត​របស់​កម្ពុជា ​ហើយ​ការ​ញុះញង់ មួល​បង្កាច់​ការ​ពិត​លើ​បញ្ហា​ព្រំដែន ធ្លាប់​បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម ​ការ​បែកបាក់​ជាតិ​ និង​អស្ថិរភាព​សង្គម​អស់​ជិត ​៣ ​ទសវត្សរ៍​។

បើ​តាម​លោក​ កើត រិទ្ធ​ សម្រាប់​កម្ពុជា​ ការ​មួល​បង្កាច់ ​និង​ការ​បំភាន់​ការ​ពិត​លើ​បញ្ហា​ព្រំដែន​ក្នុង​ចេតនា​ញុះញង់​ឱ្យ​មាន​ចលាចល​សង្គម ​គឺ​ជា​អំពើ​ខុស​ច្បាប់​ បំផ្លាញ​សន្តិភាព​ និង​ស្ថិរភាព​ប្រទេស​ ហើយ​ពុំ​មែន​ជា​ការ​បញ្ចេញ​មតិ​ទ្បើយ​។​

លោក​រដ្ឋមន្ត្រី​​បញ្ជាក់​ថា៖ ​«កម្ពុជា​ប្រកាន់​យក​នូវ​របប​នីតិរដ្ឋ។ ហេតុ​នេះ​កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់ ដើម្បី​ធានា​ការពារ​សនិ្តសុខ​សង្គម​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ក៏​ដូច​ជា​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ។ ​នៅ​ក្នុង​សង្គម​នីតិរដ្ឋ​ ចំពោះ​បុគ្គល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ មាន​សិទ្ធិ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ការពារ​ខ្លួន​ ឬ​ពឹងពាក់​មេធាវី​ល្អៗ​ ដើម្បី​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ»។

ទន្ទឹម​នឹង​នេះ លោក ​កើត រិទ្ធ​ បាន​ពន្យ​ល់​ថា ​ការ​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​ផ្លូវ ​ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​បុគ្គល​ណា​មួយ​ គឺ​ជា​ការ​ដាក់​សម្ពាធ​លើ​តុលាការ​ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ​ដែល​នេះ​ជា​ការ​ប្រាស​ចាក​ពី​គោលការណ៍​នៃ​នីតិរដ្ឋ​។

គិត​ចាប់​ពី​ចុង​ខែ​កក្កដា មក​ មនុស្ស​ចំនួន​ ​១៤ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​​ការ​លើក​ឡើង​ថា​ កម្ពុជា​បាត់ដី​​ទៅ​វៀតណាម​តាម​ការ​បោះ​បង្គោល​​ព្រំដែន​ប្រទេស​ទាំង ​២​ ក្នុង​នោះ​​​មាន​​លោក ​រ៉ុង ឈុន និង​លោក ​សួង​ សុភ័ណ្ឌ និង​អ្នក​គាំទ្រ​ឱ្យ​មាន​ការ​ដោះ​លែង​រូប​លោក​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ​ឆាយ​ គឹម​ខឿន​ អ្នក​នាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។

ក្រៅ​ពី​​នេះ ​លោក​ កើត​ រិទ្ធ និង​លោក Kang ក៏​បាន​ពិភាក្សា​គ្នា​លើ​ការ​ផ្ដល់​ជំនួយ​របស់​អូស្ត្រាលី​ដល់​កម្ពុជា​ផង​ដែរ ​ដោយ​លោក​ កើត​ រិទ្ធ បាន​​អរគុណ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​​បាន​ចូលរួម​ចំណែក​ស្ទើរ​គ្រប់​វិស័យ​នៅ​​កម្ពុជា រួម​មាន​​ជំនួយ​ក្នុង​វិស័យ​សុខា​ភិបាល​ និង​វិស័យ​កសិកម្ម។​ជំនួយ​​បច្ចេកទេស​រៀបចំ​កសាង​លិខិត​បទដ្ឋាន​គតិយុត្ត​នា​ពេល​កន្លង​មក ដូច​ជា​ច្បាប់​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​​ជា​ដើម។ នេះ​បើតាម​គេហទំព័រ​ក្រសួង​យុត្តិធម៌។

បើ​តាម​ក្រសួង​យុត្តិធម៌​ លោក​ Kang បាន​​សរសើរ​​ចំពោះ​​កិច្ច​សហប្រតិបត្តិការ​ល្អ​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ជាពិសេស​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​​សម្អាត​ប្រាក់​អាជីវកម្ម​លើ​កុមារ ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ហើយ​​លោក​ក៏​បាន​សាទរ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​យុត្តិធម៌​ ក្នុង​យុទ្ធនា​ការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជ​ធានី​-ខេត្ត​។

ស្ថានទូត​អូស្ត្រាលី​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ​តាម​អ៊ីមែល​ថា ​លោក ​Kang ពិត​ជា​បាន​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​លើ​បញ្ហា​ជា​ច្រើន​ជាមួយ​លោក កើត​ រិទ្ធ​។ ប៉ុន្តែ​ស្ថានទូត​មិន​អាច​ផ្ដល់​សេចក្ដី​លម្អិត​ពី​ការ​ពិភាក្សា​នោះ​បាន​ទេ​ដោយ​គ្រាន់​តែ​ថា​ លោក Kang បាន​កោត​សរសើរ​ដល់​ការ​អនុម័ត​ច្បាប់​​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហាប្រល័យ​ និង​ការ​សម្របសម្រួល​ការ​ជួយ​គ្នា​ក្នុង​វិស័យ​ព្រហ្មទណ្ឌ។ ស្ថានទូត​បញ្ជាក់​ថា៖​ «អូស្ត្រាលី​ត្រៀម​ខ្លួន​រួច​រាល់ ​ដើម្បី​គាំទ្រ​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​ទាំង​នេះ​រួម​មាន​ ​ទាំង​ការ​ជួយ​ក្រសួង​យុត្តិធម៌​បើក​សិក្ខាសាលា​នៅ​ខែ​ក្រោយ ​ដើម្បី​បណ្ដុះ​មន្ត្រី​អំពី​ច្បាប់​ថ្មី​ស្ដីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ»​។

ស្ថានទូត​នេះ​បាន​​ឱ្យ​ដឹង​ថា ប្រសិន​បើ​មាន​ការ​ស្នើ​សុំ ​អូស្ត្រាលី​នឹង​​ផ្ដល់​ជំនួយ​បច្ចេកទេស​គាំទ្រ​ដល់​ក្រសួង​យុត្តិធម៌​​ក្នុង​ការ​រៀបចំ​អនុក្រឹត្យ​ពាក់ព័ន្ធ​ស្ថិត​នៅ​ក្រោម​ច្បាប់​​ស្តីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ​។

កាល​ពី​ថ្ងៃ​ពុធ ទី ​២៣​ កញ្ញា ​លោក Kang បាន​សរសេរ​លើ​ទំព័រ​ធ្វីធើរ​របស់​លោក​​ថា៖ «ខ្ញុំ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​យុត្តិធម៌​លោក កើត ​រិទ្ធ ពី​ម្សិល​មិញ។​ ខ្ញុំ​បាន​លើក​ឡើង​យ៉ាង​ច្រើន​អំពី​ក្ដី​បារម្ភ​របស់​យើង​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្តបន្ទាប់​ និង​បាន​បង្ហាញ​ការ​ប្ដេជ្ញា​របស់​អូស្ត្រាលី​ក្នុង​ការ​បន្ត​ជួយ​ដល់​ការ​អនុវត្ត​ច្បាប់​ថ្មី ​គឺ​ច្បាប់​​​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ និង​ច្បាប់​​ស្តីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​​ប្រទេស​ទាំង ​២»៕