ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​យុត្ដិធម៌ លោក កើត រិទ្ធ ក្រើនរំឭក​ដល់​មន្ត្រី​តុលាការ​ទាំងអស់​នៃ​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ ដើម្បី​ធានា​ឱ្យ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។

លោក​ កើត រិទ្ធ ក្រើនរំឭក​បែបនេះ ពេល​លោក​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​របស់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រធាន​សាលា​ដំបូង​ខេត្តព្រៃវែង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រៃវែង​នៅ​ក្រសួង​យុត្ដិធម៌​កាលពី​ថ្ងៃទី​ ១៩ ខែឧសភា​។

លោក​រដ្ឋមន្ដ្រី​បាន​ណែនាំ​ដល់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ប្រធាន​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី ឱ្យ​ខិតខំ​យកចិត្ត​ទុកដាក់​ក្នុង​ការដឹកនាំ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធានា​ឱ្យបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ព្រមទាំង​កិច្ចសហការ​កាន់តែ​ល្អប្រសើរ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ដើម្បី​ធានា​ឱ្យ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ធ្វើឡើង​បាន​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ និង​ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​»​។

ជាងនេះទៀត លោក​ជំរុញ​ឲ្យ​ប្រធាន​សាលាជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី​ត្រូវ​ពង្រឹង​នូវ​វិន័យ​ការងារ​ប្រចាំថ្ងៃ​របស់​ចៅក្រម ព្រះរាជអាជ្ញា​ដែល​បម្រើការ​ក្នុង​ស្ថាប័ន​ក្រោម​សមត្ថកិច្ច​របស់ខ្លួន​។ ជាពិសេស​ការគ្រប់គ្រង​វត្តមាន​ប្រចាំថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវ​ចាត់​វិធានការ​នានា​ស្របតាម​ច្បាប់​ចំពោះ​អ្នក​ដែល​មិន​គោរព​វិន័យ​ការងារ​។ ជាពិសេស​ត្រូវអនុវត្ត​វិធានការ​ដែល​មានចែង​ក្នុង​មាត្រា​ ៥២ នៃ​ច្បាប់​ស្តីពី​លក្ខន្តិក​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​។

សមាសភាព​ដែល​ត្រូវបាន​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​មន្ដ្រី​សាលាឧទ្ធរណ៍​ និង​សាលាដំបូង​នេះ រួមមាន​លោក ​សេង ស៊ីវុត្ថា អតីត​អនុប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ជំនួស​លោក​ យូ ប៊ុនឡេង ដែល​ត្រូវ​បានតែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​។

លោក គុជ គីមឡុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​ជំនួស​លោក​ ប៊ូ ប៊ុនហាង ដែល​ត្រូវបាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​ជាដើម​។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្ដិធម៌​បាន​ថ្លែងថា ការតែងតាំង និង​ការផ្ទេរ​មន្ដ្រី​នៅ​ស្ថាប័ន​តុលាការ គឺ​វា​ជា​វិធាន និង​បែបបទ​រដ្ឋបាល​ធម្មតា ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​របស់​ស្ថាប័ន​។

លោក​ថ្លែងថា​៖ «​ការផ្ទេរ​នេះ​ក៏ដោយ​សារ​មាន​មន្ដ្រី​នៅក្នុង​ស្ថាប័ន​តុលាការ​ខ្លះ ពួកគាត់​ដល់ពេល​ត្រូវ​ចូលនិវត្តន៍​។ ដូច្នេះ​ត្រូវមាន​ការតែងតាំង​មន្ដ្រី​ថ្មី​មក​ជំនួស និង​មន្ដ្រី​ខ្លះទៀត​ដល់ពេល​ត្រូវ​ផ្ទេរ​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ ដែល​យើង​ធ្វើ​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ម្ដង​។ ការចល័ត​ចៅក្រម​នេះ​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​របស់​ស្ថាប័ន តម្លាភាព និង​គណនេយ្យភាព​»​។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស (​លីកាដូ​) លោក​ អំ សំអាត លើកឡើង​ថា កន្លងមក ប្រព័ន្ធ​យុត្ដិធម៌​នៅ​ប្រទេស​កម្ពុជា រងការរិះគន់​ពី​មជ្ឈដ្ឋាន​ជាច្រើន​។ ក្នុង​នោះ​ក៏មាន​ការផ្ដល់​អនុសាសន៍​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើ​ការធ្វើកំណែទម្រង់ ទាំង​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធ​យុតិ្ដធម៌ និង​ប្រព័ន្ធ​តុលាការ ដើម្បីឱ្យ​តុលាការ​របស់​កម្ពុជា​ក្លាយទៅ​ជា​តុលាការ​ឯករាជ្យ​ជា​ទំនុក​ចិត្ដ​សម្រាប់​ប្រជាពលរដ្ឋ និង​ធានា​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​រវាង​ជនរងគ្រោះ និង​ភាគី​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​កន្លងមក មាន​ការរិះគន់​ច្រើន​លើ​ប្រព័ន្ធ​យុត្ដិធម៌​កម្ពុជា ទាំង​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អង្គការ​ជាតិ និង​អន្តរជាតិ ជាដើម ពិសេស​ពាក់ព័ន្ធ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នេះ​»​។

លោក​ អំ សំអាត ចាត់ទុក​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្ដិធម៌ និង​ប្រព័ន្ធ​តុលាការ គឺជា​រឿង​សំខាន់ ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ដ​សម្រាប់​ពលរដ្ឋ​។ បង្កើន​នូវ​ការធានា​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​យុត្ដិធម៌​នៅក្នុង​សង្គម ដើម្បី​ធានា​លុបបំបាត់​នូវ​និទ្ទណ្ឌភាព​។

បើតាម​លោក​ អំ សំអាត លោក​សង្កេតឃើញ​រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌ លោក កើត រិទ្ធ ​តាំងពី​ឡើង​កាន់តំណែង​រហូត​មក គឺ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​ជា​បន្តបន្ទាប់​ទៅលើ​ប្រព័ន្ធតុលាការ​។ ប៉ុន្ដែ​ចំណុច​នេះ​លោក​បញ្ជាក់ថា គឺ​នៅ​មិនទាន់​ឆ្លើយតប​ចំពោះ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​ឱ្យមាន​ឯករាជភាព​នៅឡើយ​ទេ​។

លោក​ សំអាត បាន​ថ្លែងថា​៖ «​ការផ្ដល់​អនុសាសន៍ ឬ​ការព្រមាន​ទៅលើ​មន្ដ្រី​តុលាការ​ឱ្យ​ពង្រឹង​នូវ​តួនាទី​របស់ខ្លួន ដូចជា​ការអនុវត្ដ​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកាន់ខ្ជាប់​ទៅលើ​ច្បាប់ វា​ជា​រឿង​សំខាន់​ហើយ ដើម្បី​ធ្វើកំណែទម្រង់​ប្រព័ន្ធ​តុលាការ​។ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​មន្ដ្រី​ទាំងអស់​សកម្ម​ចំពោះ​ការងារ​របស់ខ្លួន ដើម្បី​កុំឱ្យ​មាន​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​បន្តទៀត​»៕