ស្វាយរៀងៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើជាអធិបតីក្នុងកម្មវិធីដុតបំផ្លាញគ្រឿងញៀនជិត ៣៧ គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងខេត្តចំនួន ៤ នៅថ្ងៃទី ៤ ខែសីហា ដោយលោកជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងត្រូវទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
គ្រឿងញៀនដែលត្រូវដុតបំផ្លាញទាំងនេះគឺមានដូចជា ប្រភេទមេតំហ្វេតាមីន ប្រភេទអិចស្តាស៊ី កញ្ឆាក្រៀម និងសារធាតុគីមីផ្សំដែលត្រូវបាននគរបាលយុត្តិធម៌បង្ក្រាបបាននៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញ ១ ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។
លោក កើត រិទ្ធ ថ្លែងនៅក្នុងពិធីនេះថា មន្ត្រីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងត្រូវទទួលខុសត្រូវខ្ពស់ក្នុងការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងដើម្បីសង្គមជាតិទាំងមូល។
លោកថា៖ «អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះពិតប្រាកដត្រូវបានយកចិត្តទុកដាក់ដោះស្រាយ និងជួយសង្គ្រោះឱ្យបានសមស្រប ប៉ុន្តែឧក្រិដ្ឋជន និងជនលើ្មសពាក់ព័ន្ធនឹងការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់ គឺត្រូវតែបានផ្តទ្ទាទោសយ៉ាងតឹងរ៉ឹងទៅតាមនីតិវិធីនៃច្បាប់»។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងក៏បានថ្លែងដែរថា ពិធីដុតបំផ្លាញគ្រឿងញៀននៅពេលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលដ៏ជោគជ័យក្នុងការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
លោកថា៖ «ទន្ទឹមនេះក៏បានបង្ហាញឲ្យប្រជាពលរដ្ឋ និងសាធារណជនបានឃើញយ៉ាងច្បាស់ថា រាល់វត្ថុតាងគ្រឿងញៀនដែលកងកម្លាំងមានសមត្ថកិច្ចបង្ក្រាបបានគឺមិនត្រូវបានយកទៅប្រើប្រាស់មុខសញ្ញាផ្សេងនោះឡើយគឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីធ្វើពិធីដុតបំផ្លាញដូចអ្វីដែលបានឃើញ និងដុតបំផ្លាញចោលនៅថ្ងៃនេះ»។
រដ្ឋាភិបាលបានអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាលើកដំបូងនៅឆ្នាំ ២០១៧។ គិតត្រឹមដើមខែសីហា ឆ្នាំ ២០២០ នេះមានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២ ២០៥ ករណី ត្រូវបានបង្ក្រាបក្នុងនោះជនសង្ស័យចំនួនជាង ៦ ម៉ឺន ៧ ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ២ ៣០០ គីឡូក្រាមត្រូវបានដកហូត។
កាលពីខែមីនាកន្លងទៅលោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចេញលិខិតមួយបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ នេះរដ្ឋាភិបាលបានជ្រើសរើសខេត្ត-ក្រុងចំនួន ៦ សម្រាប់ធ្វើពិធីដុតបំផ្លាញគ្រឿងញៀនក្នុងនោះមានដូចជា រាជធានីភ្នំពេញ បាត់ដំបង ស្វាយរៀង ព្រះសីហនុ ស្ទឹងត្រែង និងបន្ទាយមានជ័យ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា មកទល់ពេលនេះរដ្ឋាភិបាលបានធ្វើពិធីដុតបំផ្លាញគ្រឿងញៀនបានចំនួន ៥ ខេត្តហើយ ហើយការដុតលើកចុងក្រោយនឹងធ្វើឡើងនៅខេត្តបន្ទាយមានជ័យនាថ្ងៃទី ១៨ ខែសីហា ខាងមុខ៕