ភ្នំពេញៈ ក្រសួង​យុត្តិធម៌​នឹង​បើក​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃនេះ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ចំនួន​ ៥៤២ ​នាក់ ​ដែល​ត្រូវ​បាន​ស្នើសុំ​ឱ្យ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខ​។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា នៅ​រសៀល​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ តាម​ប្រព័ន្ធ ZOOM ​ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត ដែល​ត្រូវបាន​ស្នើសុំ​បន្ធូរបន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នៅក្នុង​ខែមេសា​ឆ្នាំ​ ២០២១​។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​តាម​សំណើសុំ​ពី​គណៈកម្មការ​រាជធានី-ខេត្ត​ដែលមាន​ពន្ធនាគារ​ចំនួន​ ២៣ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ (​មណ្ឌល​អប់រំ​កែប្រែ​ទាំង ៤) សរុប​មាន​ទណ្ឌិត​ចំនួន​ ៥៤២ ​នាក់ (​ស្រី ៦៨ នាក់​) ​ក្នុងនោះ​ស្នើសុំ​លើកលែង​ទោស​ចំនួន​ ៧០ ​នាក់ (​ស្រី ៩ ​នាក់​) និង​ស្នើសុំ​បន្ធូរបន្ថយទោស​ចំនួន ៤៧២ នាក់ (​ស្រី ៥៩ នាក់​) ។

លោក​បាន​គូសបញ្ជាក់​ថា ការបន្ធូរបន្ថយ និង​លើកលែង​ទោស​ក៏​អាច​ត្រូវបាន​អនុវត្ត​ផងដែរ​ក្នុង​ហេតុផល​មនុស្សធម៌ ចំពោះ​ទណ្ឌិត​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ​ទណ្ឌិត​ជា​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ ឬ​មួយ​មានកូន​នៅ​ជាមួយ​ទណ្ឌិត​ដែល​វិកលចរិត និង​ទណ្ឌិត​ដែល​មាន​ភាព​ចាស់ជរា​ជាដើម​។

ប៉ុន្តែ​លោក​ថា ទណ្ឌិត​ដែល​អាច​ទទួល​បាន​ការបន្ធូរបន្ថយ​ទោសបាន​លុះត្រាតែ​ទណ្ឌិត​នោះ បាន​អនុវត្ត​ទោស​ចំនួន​ ១/៣ ​នៃ​ទោស​ជាប់ពន្ធនាគារ​ដែល​តុលាការ​បានកំណត់​។ ទោះបីយ៉ាងណា គណៈកម្មការ​ថ្នាក់ជាតិ​នឹង​ពិនិត្យ​ទៅលើ​ព្យសនកម្ម​ដែល​ទណ្ឌិត​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ពេលធ្វើ​សកម្មភាព​ថា​គួរ​ ឬ​មិនគួរ​លើកលែង​ទោស​ និង​បន្ធូរ​បន្ថយទោស​។

លោក​ គឹម សន្តិភាព ​បាន​ថ្លែងថា​៖ «​ពាក់ព័ន្ធ​ស្ថានភាព​ទណ្ឌិត​មួយចំនួន គណៈកម្មការ​ថ្នាក់ជាតិ​នឹង​មិន​ផ្តល់​ការអនុគ្រោះ​ទេ​ឧទាហរណ៍​ថា មេខ្លោង​គ្រឿងញៀន ករណី​រំលោភ​សេពសន្ថវៈ ឧទាហរណ៍​ឪពុក​រំលោភ​កូនបង្កើត ជីតា​រំលោភ​ចៅ និង​អំពើ​ឃាតកម្ម​មួយចំនួន​ដែល​មាន​ភាពសាហាវ​យង់ឃ្នង ក្នុង​ការប្រព្រឹត្ត​បទល្មើស​»​។

ក្រោយពី​ការពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត ក្រសួង​យុត្តិធម៌​នឹង​រៀបចំ​លទ្ធផល​ដាក់ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ​ និង​សម្រេច​។ ប៉ុន្តែ​កាលបរិច្ឆេទ​ពិតប្រាកដ លោក​មិនទាន់​អាច​ជម្រាបជូន​បានទេ ដោយ​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​សិន ពីព្រោះ​ឯកសារ​ពាក់ព័ន្ធ​ទណ្ឌិត​មួយចំនួន​ដែល​បាន​ផ្ញើមក​នៅ​មិនទាន់​គ្រប់​នៅឡើយ​។

លោក អំ សំអាត នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែងថា ការបន្ធូរបន្ថយ និង​លើកលែង​ទោស​ទណ្ឌិត​មួយរយៈ​ចុងក្រោយ​នេះ​មាន​ការកាត់បន្ថយ ភាពមិនប្រក្រតី​ច្រើន​បើ​ប្រៀបធៀប​កាលពី​ពេលមុន ក្រោយពី​មាន​បទបញ្ជា​តឹងរ៉ឹង​ពី​លោកនាយក​រដ្ឋមន្ត្រី​ទាក់ទង​ករណីនេះ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​មាន​បទបញ្ជា និង​ទណ្ឌកម្ម​តឹងរ៉ឹង​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​កាលពី​ប៉ុន្មាន​ឆ្នាំមុន​យើង​ឃើញ​ថា មាន​ភាពល្អប្រសើរ បើ​ពី​មុនមក​ការស្នើសុំ​បន្ធូរបន្ថយ​លើកលែង​ទោស​ម្តងៗ​ច្រើនណាស់​រាប់រយ​រាប់ពាន់នាក់​។ ប៉ុន្តែ​នៅពេល​មាន​បទបញ្ជា ការបន្ធូរបន្ថយ​លើកលែង​ទោស​ធ្លាក់​មក​នៅ​កម្រិត​មួយ​តិច ដែល​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​»​។

ទោះជា​យ៉ាងណា​ក្នុង​នាម​សង្គម​ស៊ីវិល​លោក​នៅតែ​ទទូច​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​គួរ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌ ចំពោះ​ទណ្ឌិត​ផ្សេងទៀត​ដែល​ខិតខំ​កែប្រែ​ខ្លួន អំឡុងពេល​នៅក្នុង​ពន្ធនាគារ ដើម្បី​កុំឱ្យ​មានការ​រិះគន់​ពី​សាធារណជន​។

យោងតាម​ព្រះរាជក្រឹត្យ​ថ្មី​ដែល​មាន​ ៦ ​ជំពូក​ និង​ ១៩ ​មាត្រា​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ពិធីបុណ្យ​ដែល​អាច​ស្នើសុំ​ឱ្យមាន​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ចំពោះ​ទណ្ឌិត​គឺមាន​ចំនួន ៥ ដង​ក្នុង​ ១ ​ឆ្នាំ​។

ពិធីបុណ្យ​ទាំងនោះ​រួមមាន​ដូចជា ទិវា​ជ័យជម្នះ​៧​មករា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពិធីបុណ្យ​ពិសាខបូជា ពិធីបុណ្យ​ឯករាជ្យជាតិ និង​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះខែ​។

ព្រះរាជក្រឹត្យ​បញ្ជាក់ថា​៖ «​ការបន្ធូរ​បន្ថយទោស និង​ការលើកលែង​ទោស ចំពោះ​ទណ្ឌិត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ​ឱ្យ​ចូលទៅ​រួមរស់​ក្នុងសង្គម​វិញ ឬ​ក្នុង​គោលបំណង​ផ្នែក​មនុស្សធម៌ ហើយ​អាចអនុវត្ត​បាន​តែ​ចំពោះ​ទណ្ឌិត​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ដោយ​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ប៉ុណ្ណោះ​»៕