ភ្នំពេញៈ លោក​ អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​កាលពី​ថ្ងៃទី​ ២៤ ខែមីនា បាន​ស្នើ​ទៅ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​កំពង់ចាម​ឲ្យ​ប្ដូរ​សមត្ថកិច្ច​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ចោទប្រកាន់​លោកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី ឈ្មោះ អ៊ូ ជាលី ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​ស្លាប់​អ្នកដទៃ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ធានា​ដំណើរការ​ល្អ​នៃ​យុត្ដិធម៌​តុលាការ​។

សំណើ​ប្ដូរ​នេះ​ធ្វើឡើង​ក្រោយពី​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​ទទួល​បាន​ពាក្យស្នើសុំ​ប្ដូរ​សមត្ថកិច្ច​ចុះ​ថ្ងៃទី​ ១០ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ របស់​មេធាវី តំណាង​ឈ្មោះ អ៊ូ ជាលី និង​យោង​មាត្រា​ ១៩ នៃ​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ​ឆ្នាំ​ ២០១៤​។ សំណើ​ដដែល​នេះ​បញ្ជាក់​ថា ក្រសួង​យុត្ដិធម៌​បាន​ទទួល​លិខិត​ពី​មេធាវី​តំណាង​ដោយ​អាណត្ដិ​របស់​ឈ្មោះ អ៊ូ ជាលី ដែល​ស្នើសុំ​ប្ដូរ​សមត្ថកិច្ច​ជំនុំជម្រះ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ៤៩៩ ចុះ​ថ្ងៃទី​ ១៧ ខែ​សីហា ឆ្នាំ​ ២០១៩ ​របស់​សាលាដំបូង​ខេត្ដ​កំពង់ចាម​មក​សាលា​ដំបូង​ភ្នំពេញ​វិញ​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ក្នុងភូមិ​អង្គរ​បាន​ទី​ ៩ ឃុំ​អង្គរបាន​ស្រុក​កងមាស​។

លិខិត​ថា​៖ «​សាលាដំបូង​ខេត្ដ​កំពង់ចាម​បាន​ចោទប្រកាន់​ពីបទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាលឱ្យ​ស្លាប់​អ្នកដទៃ​»​។

បើតាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្ដិធម៌​ឈ្មោះ អ៊ូ ជាលី លើកឡើង​ថា នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​កោសល្យ​វិច័យ​ហើយ​បញ្ជាក់ថា​ឈ្មោះ អ៊ូ ជាលី មិន​មាន​ការពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ទេ ប៉ុន្ដែ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ចាម​នៅតែ​ចោទប្រកាន់​ឈ្មោះ អ៊ូ ជាលី ដដែល​។ «​ដោយ​មិន​ជឿជាក់​លើ​សមត្ថកិច្ច​សាលា​ដំបូង​ខេត្ដ​កំពង់ចាម និង​ (​អ៊ូ ជាលី​) មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភ្នំពេញ ពិបាក​ធ្វើ​ដំណើរ​ទៅមក​ដើម្បី​អនុវត្ដ​នីតិវិធី​របស់​តុលាការ​កំពង់ចាម អ៊ូ ជាលី បាន​សុំ​មក​ក្រសួង​យុត្ដិធម៌ ដើម្បី​ប្ដូរ​សមត្ថកិច្ច​ជំនុំជម្រះ​ពី​សាលា​ដំបូង​ខេត្ដ​កំពង់ចាម​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ​»​។

លោក​ វង្សវឌ្ឍានា ​បញ្ជាក់ថា ដើម្បី​ធានា​ដំណើរការ​ល្អ​នៃ​យុត្ដិធម៌​តុលាការ​តាម​មាត្រា​ ១៩ នៃ​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ ក្រសួង​យុត្ដិធម៌​សូម​ចាត់​បញ្ជូន​ពាក្យស្នើសុំ​ប្ដូរ​សមត្ថកិច្ច​តុលាការ​ខាងលើ និង​ឯកសារ​ពាក់ព័ន្ធ​ជូន​លោក​ប្រធាន​សាលាដំបូង និង​លោក​ព្រះរាជអាជ្ញា​ពិនិត្យ​ចាត់ចែង​ផ្ទេរ​សមត្ថកិច្ច​សំណុំរឿង​ខាងលើ​ពី​សាលា​ដំបូង​ខេត្តកំពង់ចាម​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​។

កាលពី​ថ្ងៃទី​ ៩ ខែមីនា បុគ្គលិក​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ចំនួន​ ១០០ ​នាក់​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្ដិធម៌​ដល់​ឈ្មោះ អ៊ូ ជាលី​។ បន្ទាប់មក​នៅ​ថ្ងៃទី​ ២៣ ខែ​មីនា​លោក​ ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ដ្រី​បានចេញ​ដីកា​បញ្ជូន​សំណើ​កិច្ច​សុំ​អន្តរាគមន៍​នេះ​ជូន​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​ពិនិត្យ​។

សំណើសុំ​អន្តរាគមន៍​របស់​គ្រូ និង​សិស្ស​នេះ​សរសេរ​ថា​៖ «​សូម​មេត្ដា​អនុញ្ញាត​គោរព​ជម្រាបជូន​សម្ដេច​តេជោ ដើម្បី​ស្នើសុំ សម្ដេច មេត្តាជួយ​អន្តរាគមន៍​ផ្ដល់​យុត្ដិធម៌​ជូន​លោកគ្រូ អ៊ូ ជាលី ដែល​ត្រូវបាន​ព្រះរាជអាជ្ញារង តុប ឈុនឡុង រួមជាមួយ​ចៅក្រម​ស៊ើបសួរ​ឈ្មោះ សម័យ លីនដា នៅ​សាលាដំបូង​ខេត្ដ​កំពង់ចាម​ធ្វើការ​ចោទប្រកាន់​ថា រថយន្ត​គាត់​បាន​បុក​មនុស្ស​ស្លាប់​យ៉ាង​អយុត្ដិធម៌​ទាំង​គ្មាន​ភ័ស្ដុតាង ហើយ​រក្សាទុក​ប្រាក់​ធានា​ខ្លួន​ចំនួន ១ ​ម៉ឺន​ដុល្លារ​អាមេរិក និង​រថយន្ត​មិន​ព្រម​ដោះលែង​។ ការចោទប្រកាន់​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ខ្វះ​វិជ្ជាជីវៈ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ឡើយ​»​។

យោងតាម​របាយការណ៍​ស្ដីពី​ការចុះ​ស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃទី​ ២ ខែ​មីនា បង្ហាញថា សំណុំរឿង និង​ចំណាត់ការ​នៃ​ករណីនេះ​មិន​បាន​គូស​ប្លង់​ដើម​នៃ​ទីតាំង​គ្រោះថ្នាក់​តាម​ទម្រង់​នីតិវិធី​ហើយ​មន្ដ្រី​ថ្នាក់ស្រុក​ខ្វះ​សមត្ថភាព​ក្នុង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។ នគរបាល​ខេត្ដ​កំពង់ចាម ទទួលបន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់​សាធារណៈ​កាលពី​ថ្ងៃទី​ ២៤ ខែ​មករា​បានចេញ​លិខិត​ស្នើសុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​ការធ្វេសប្រហែស​របស់​ខ្លួន​ក្នុង​ការកសាង​សំណុំរឿង​។

លោក អ៊ូ ជាលី បាន​ថ្លែង​ពី​ម្សិលមិញ​ថា តុលាការ​ខេត្ដ​កំពង់ចាម​បាន​កាត់សេចក្ដី​ដោយ​មិនបាន​យោង​ទៅ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នោះ​ទេ ហើយ​នៅតែ​បន្ត​ចោទប្រកាន់​មកលើ​រូបលោក​ដដែល​។

លោក​ថា​៖ «​ដូច្នេះ​មានន័យ​ថា​កាលណា​តុលាការ​នៅតែ​បញ្ជូន​ខ្ញុំ​មក​ជំនុំជម្រះ​នោះ​ខ្ញុំ​នឹង​ទៅ​ជា​ជនជាប់ចោទ ហើយ​កាលពី​ដំបូង​ឡើយ​គ្រាន់តែ​ជា​ជនសង្ស័យ​ប៉ុណ្ណោះ​។ កាលដែល​ខ្ញុំ​នៅ​ជា​ជនសង្ស័យ​តុលាការ​ខេត្ដ​កំពង់ចាម​គាត់​មិន​យក​របាយការណ៍​របស់​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃក្នុង​ការពិចារណា​ដើម្បី​ដោះបន្ទុក​ឱ្យ​ខ្ញុំ​ទេ គឺ​គាត់​នៅតែ​ដាក់បន្ទុក​ចេះតែ​ពាក្យ​ ២ ​ម៉ាត់​ចោទ​ហើយ​និង​លុយ​»​។ «​ខ្ញុំ​ជឿជាក់​ថា​តុលាការ​រាជធានី​ភ្នំពេញ​នឹង​ស្វែងរក​យុត្ដិធម៌​ឱ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​សាក្សី​ចំនួន ១៤ ​នាក់ និង​សំអាង​លើ​របាយការណ៍​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​»​។

យ៉ាងណាក្តី​លោក សួស ឡា ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ចាម​ថ្លែង​ពី​ម្សិលមិញ​ថា សំណុំរឿង​ខាងលើ​នេះ​ឈ្មោះ ជាលី បាន​ដាក់​ប្តឹង​ឧទ្ធរណ៍ ហើយ​បច្ចុប្បន្ន​លោក​កំពុង​អនុវត្ដ​តាម​លិខិត​របស់​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ ដើម្បី​ចាត់ចែង​ផ្ទេរ​សំណុំ​រឿងនេះ​ទៅ​សាលាដំបូង​ភ្នំពេញ​វិញ​។

លោក​បន្តថា​៖ «​កាល​មុន​យើង​ដាក់​សវនាការ​ម្ដង​រួចហើយ ប៉ុន្ដែ​គាត់​បាន​ដាក់​ប្តឹង​ឧទ្ធរណ៍ និង​ដីកា​ដំណោះស្រាយ​។ សវនាការ​ហ្នឹង​ត្រូវ​លើក​រង់ចាំ​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​សិន​។ ការចោទប្រកាន់​ហ្នឹង គាត់​មាន​មេធាវី​ដែរ គាត់​គួរ​យល់​ហើយ​ការចោទប្រកាន់​ហ្នឹង​មិន​ទាន់​មានទោស​ឯណា​។ អ្នក​ដែល​សន្មត​ថា មានទោស​លុះត្រាតែ​តុលាការ​សម្រេច​ចុងក្រោយ​ចេញ​ជា​សាលក្រម​ស្ថាពរ​ទៀត​ទើប​ចាត់ទុក​ថា​មានទោស​។ រហូតដល់​ដំណាក់កាល​ជំនុំជម្រះ​ក៏​នៅតែ​មិនទាន់​មាន​ទោស​ដែរ​»៕