ភ្នំពេញៈ លោក​ កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​បាន​ស្នើឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​ក្នុង​ការផ្អាក​នីតិវិធី​តុលាការ​លើ​វិវាទ​ដីធ្លី​ជិត​ ១ ​ហិកតា ​របស់​ប្រជាពលរដ្ឋ​ចំនួន​ ១៦៣ ​គ្រួសារ​ដែល​មាន​ទីតាំង​នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី​ (​បច្ចុប្បន្ន​ស្ថិតក្នុង​សង្កាត់​គោកឃ្លាង​) ខណ្ឌ​សែនសុខ ដើម្បី​រង់ចាំ​ក្រុម​អធិការកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​វិវាទ​នេះ​។

តាមរយៈ​លិខិត​ចុះហត្ថលេខា​ដោយ​លោក កើត រិទ្ធ ចុះ​ថ្ងៃទី​ ១៧ ខែ​កក្កដា បាន​ឲ្យ​ដឹងថា​ការសម្រេច​នេះ​គឺ​ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​អ្នកស្រី ជា សារ៉ុម តំណាង​ប្រជាពលរដ្ឋ​ ១៦៣ ​គ្រួសារ ​ដែល​ប្ដឹង​សុំ​ឲ្យ​មន្ដ្រី​ជំនាញ​ចុះ​ធ្វើ​អធិការកិច្ច​លើ​ទីតាំង​ដី​វិវាទ​មាន​ទំហំ ៩ ៩៩២ ​ម៉ែត្រការ៉េ​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី​។

លិខិត​បន្តថា​៖ «​ក្រោយពី​បាន​ពិនិត្យ​ពាក្យបណ្ដឹង និង​ឯកសារ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ឃើញ​ថា មាន​ភាព​ស្មុគស្មាញ​លើ​ចំណុច​វិវាទ​ដែល​មិនអាច​ដោះស្រាយ​ភ្លាមៗ​លើ​ការបញ្ជាក់​អំពី​ទឡ្ហីករណ៍​ជាក់លាក់​ប្រាកដប្រជា​ជូន​ភាគី​មាន​វិវាទ​បាន​ឆាប់ៗ​ឡើយ​»​។

លិខិតបញ្ជាក់​យ៉ាង​ដូច្នេះ​ថា អាស្រ័យ​ដូចនេះ​ក្រសួង​យុត្តិធម៌​សូម​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ព្រះរាជអាជ្ញា​ពិនិត្យ​លទ្ធភាព​តាមផ្លូវ​ច្បាប់​ផ្អាក​នីតិវិធីតុលាការ​លើ​វិវាទ​នេះ ដើម្បី​រង់ចាំ​ក្រុម​អធិការកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ចប់សព្វគ្រប់​ជាមុនសិន​។

តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ជា សារ៉ុម តំណាង​ប្រជាជន​ចំនួន ១៦៣ ​គ្រួសារ​ដែល​បានដាក់​ពាក្យ​ប្តឹង​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អះអាង​ថា សំណុំ​រឿងនេះ​ត្រូវ​បាន​តុលាការ​កំពូល​កាត់ក្តី​ឲ្យ​ពលរដ្ឋ ១៦៣ ​គ្រួសារ​ឈ្នះក្តី​កាលពី​ឆ្នាំ ២០១១ ក្នុង​វិវាទ​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​មាន​ឈ្មោះ​ ព្រឹង សុជាតិ ឈ្មោះ ហួយ តារាវី និង​ឈ្មោះ អ៊ឹង សៀងប៉ាង​។

ប៉ុន្តែ​ក្រោយមក​ឈ្មោះ គីម កៅ ដែល​បាន​ទិញ​ដី​បន្ត​ពី​បុគ្គល​ ៣ ​នាក់​ខាងលើ​បាន​ប្តឹង​តវ៉ា​ទៅ​សាលាដំបូង​រាជធានី​ហើយ​តុលាការ​នេះ​ក៏​សម្រេច​ច្រាន​ចាល​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នៅ​ឆ្នាំ​ ២០១៥​។

បន្ទាប់ពី​ការសម្រេច​របស់​តុលាការ​ដំបូង​នេះ ភាគី​ចាញ់ក្តី​ក៏​បាន​ប្តឹង​ទាស់​ទៅ​ឧទ្ធរណ៍ ហើយ​នៅ​ឆ្នាំ ២០១៨ ប្រធាន​សាលាឧទ្ធរណ៍​ក៏​បាន​សម្រេច​ធ្វើការ​លុបចោល​រូបមន្ត ដែល​បាន​កាត់ក្តី​ឲ្យ​ភាគី​ឈ្មោះ គីម កៅ ឈ្នះក្តី និង​ការធ្វើ​លិខិត​បញ្ជាក់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នោះ​ទុក​ជា​អសារ​បង់​វិញ​ក៏​ព្រោះតែ​ផ្ទៃដី​នេះ​កំពុង​ស្ថិត​ក្នុង​វិវាទ​មិនទាន់​ដាច់ស្រេច​។ នេះ​បើ​តាម​អ្នកស្រី ជា សារ៉ុម​។

ចំណែក​លោក ញ៉ាត សាម៉េត ចៅសង្កាត់​គោកឃ្លាង​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ដោយ​អះអាង​ថា​លោក​មិនដឹង​រឿង​ខណៈ​ភ្នំពេញ​-ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​នៃ​ភាគី​ជម្លោះ​ម្ខាង​ទៀត​ដើម្បី​សុំការ​បញ្ជាក់​បាន​។

បើ​តាម​ដីកា​សន្និដ្ឋាន​បញ្ចូន​រឿង​ឲ្យ​ស៊ើបសួរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី ២៥ ខែ​ មិថុនា ឆ្នាំ​ ២០២០ ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​ឈ្មោះ ម៉ុត ដារ៉ា បានសម្រេច​ធ្វើការ​ចោទប្រកាន់​បុគ្គល​ចំនួន ៦ ​រូប និង​បក្ខពួក​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ វិវាទ​ដីធ្លី​ទំហំ​ជិត ១ ​ហិកតា​នេះ​ ពី​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ពី​បទ​លួច​លក់​អចលនវត្ថុ​របស់​អ្នកដទៃ និង​សមគំនិត​កាលពី​អំឡុង​ឆ្នាំ​ ២០១៨​។

ដីកា​សន្និដ្ឋាន​ដដែល​នោះ​ក៏​បាន​សម្រេច​ដាក់​ឲ្យ​ពួកគេ​ទាំង ៦ ​នាក់​ ស្ថិត​នៅ​ក្រោម​ការឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បង្ការ​បទល្មើស ឬ​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើតឡើង​ជាថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ ចាត់វិធានការ​ទៅតាម​នីតិវិធី​។

ជន​ត្រូវ​ចោទ​ខាងលើ​មាន​ឈ្មោះ ព្រីង សុជាតិ ឈ្មោះ​ អ៊ឹង សៀងប៉ាង ឈ្មោះ ហួយ តារាវី ឈ្មោះ​ បាញ់ អ៊ុយតា ឈ្មោះ គីម ស៊ូប៊ុត និង​ឈ្មោះ RYU DONGYUN ។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ថា មាន​ពាក់ព័ន្ធ​ក្នុង​ការឃុបឃិត​គ្នា​លួច​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ចុះ​ថ្ងៃទី​ ៥ ខែ​តុលា ឆ្នាំ ២០១៨ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី​មិន​ប្រក្រតី​ឲ្យ​ទៅ​ឈ្មោះ​ ព្រីង សុជាតិ ពីព្រោះ​ដី​វិវាទ​ខាងលើ​កំពុង​តែ​មាន​ទំនាស់​នៅឡើយ ហើយ​ស្រាប់តែ​មាន​ក្រុមហ៊ុន អាយអេស ប៊ី យូ​ (​ខេមបូឌា​) មក​ធ្វើ​សកម្មភាព​ចាក់ដី​ឈូសឆាយដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រុម​អធិការកិច្ច​កំពុង​តែ​ធ្វើការ​លើ​ករណី​នេះ ដូច្នេះ​ព័ត៌មាន​លម្អិត​មិនទាន់​អាច​ផ្តល់ជូន​បាន​ទេ​ដោយ​លោក​បញ្ជាក់​ថា ព្រោះ​ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ការសម្ងាត់​នៃ​ការងារ​អធិការកិច្ច​។

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ឲ្យ​ដឹងថា ចៅក្រម​កំពុង​ពិនិត្យ​លើ​សំណើ​​របស់​ក្រសួង​យុត្តិធម៌​ដោយ​មិនអាច​បកស្រាយ​អ្វី​បាន​ទេ ខណៈ​លោក​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​នេះ​តុលាការ​នៅ​តែ​បន្ត​ដំណើរការ​លើ​សំណុំ​រឿងនេះ​ដដែល​ដោយ​មិនទាន់​មាន​អ្វី​ផ្លាស់ប្តូរ​នោះទេ​៕