The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​រិះគន់​អ្នក​ញុះញង់​ រឿង​ផ្ដល់​សំណង​យឺត​ដល់​គ្រួសារ​ទ័ព​មួក​ខៀវ

រដ្ឋមន្ត្រី​រិះគន់​អ្នក​ញុះញង់​ រឿង​ផ្ដល់​សំណង​យឺត​ដល់​គ្រួសារ​ទ័ព​មួក​ខៀវ

Content image - Phnom Penh Post
លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុង​ពិធី​ប្រគល់​សំណង​ដល់​គ្រួសារ​សព​កងទ័ព​មួក​ខៀវ​កម្ពុជា​ពី​ម្សិលមិញ​។ ហេង ជីវ័ន

រដ្ឋមន្ត្រី​រិះគន់​អ្នក​ញុះញង់​ រឿង​ផ្ដល់​សំណង​យឺត​ដល់​គ្រួសារ​ទ័ព​មួក​ខៀវ

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​សម្ដែង​​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ញុះញង់​ និង​ការប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពី​ករណី​យឺតយ៉ាវ​ក្នុង​ការផ្ដល់​សំណង​ដល់​គ្រួសារ​សព​កងទ័ព​មួក​ខៀវ​ម្នាក់​ដែល​បាន​ពលី​នៅ​ប្រទេស​សេណេហ្គាល់​ដោយ​ជំងឺ​គ្រុនចាញ់​កាលពី​ឆ្នាំ​ ២០១៥ ជា​អ្វី​ដែល​លោក​ថា​បណ្ដាល​មកពី​កំហុស​បច្ចេកទេស និង​រដ្ឋបាល​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សំណង​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ម្សិលមិញ​លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន បាន​រិះគន់​អ្នក​ដែល​ញុះញង់ និង​ប្តឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សំណង​​ទៅ​ក្រុម​គ្រួសារ​សព​លោក​ សួន សំបូរ ដែល​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​​គ្រុនចាញ់​ក្នុង​ពេល​បេសកកម្ម​សន្តិភាព​នៅ​ប្រទេស​សេណេហ្គាល់​។

លោក​បាន​ថ្លែង​ថា​៖ «​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ស្ដាយ ស្ដាយ​ដោយសារ​ថា គណៈកម្មាធិការ​ជាតិ មជ្ឈមណ្ឌល​សម្រប​សម្រួលការ​បញ្ជូន​កង​ទ័ព​យើង NPMEC នេះ​សម្រួល​នៅ​ពេល​ដែល​មិន​ទាន់​មាន​ការសម្រេច​ពី​ (​អ.ស.ប) ​ហើយ​សង ហើយ​ខំប្រឹង​តវ៉ា​ឲ្យ​គេ​សង តែ​បែរ​ជា​មាន​អ្នក​ញុះញង់ អ្នក​ញុះញង់​ដល់​ក្រុម​គ្រួសារ​នៃ​សព អ្នក​ញុះញង់​តាម​ហ្វេសប៊ុក អ្នក​ញុះញង់​រហូត​ដល់​ធ្វើ​ពាក្យ​ប្តឹង​ទៅ​អង្គភាព ACU​អំពី​​ករណី​សំណង​នេះ​ក្នុង​ពេល​យើង​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ទាមទារ​សំណង​មក​វិញ​»​។

លោក​បាន​បន្ត​ថា​៖ «​ករណី​លោក សួន សំបូរ បាន​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើការ​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ឡើង​វិញ​ជូន​ចំពោះ​ឯកឧត្តម អស់​លោក​ជូន​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​យើង​ទូទៅ​។ ទី​ ១ ប្រាក់ខែ ប្រាក់​សំណង សំណង​ខាង​ផ្នែក​សម្ភារ សំណង​ផ្សេងៗ​គឺជា​បន្ទុក អ.ស.ប ទាំង​ស្រុង​ព្រោះ​យើង​ជា​កម្លាំង​ទៅ​ប្រតិបត្តិការ​ក្រោម​ឆត្រ និង​ក្នុង​ក្របខ័ណ្ឌ អ.ស.ប និង​បាន​ទទួល​ប្រាក់ខែ​ពី​ អ.ស.ប សំណង​នានា​ពី​អ.ស.ប​។ កុំ​ច្រឡំ​ថា​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​។

យើង​ពាក់មួក​ខៀវ យើង​ស្ថិត​នៅ​ក្រោម​ការបង្គាប់​បញ្ជា​ការគ្រប់គ្រង និង​ការ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ពី អ.ស.ប​»​។

លោក​បញ្ជាក់​ថា​ករណី​របស់​លោក សួន សំបូរ មាន​ការ​យឺតយ៉ាវ​ដោយសារ​មាន​កំហុស​បច្ចេកទេស និង​រដ្ឋបាល​ហើយ​មាន​ភាព​មិន​ត្រូវរ៉ូវ​គ្នា​ទាក់ទង​នឹង​របាយការណ៍​ស្តីពី​ការធ្វើ​កោសល្យវិច័យ​លើ​សព​។ លោក​ថា​ខណៈ​ដែល​កម្ពុជា​ធ្វើ​កោសល្យវិច័យ​រកឃើញ​ថា​លោក សួន សំបូរ ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នោះ មន្ទីរពេទ្យ​ប្រទេស​សេណេហ្គាល់​អះអាង​ថា​ស្លាប់​ដោយសារ​ធម្មជាតិ​។

យោង​តាម​លោក សែម សុវណ្ណី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ឆ្នាំ​ ២០១៤ មក មាន​នាយទាហាន​ ៩ ​នាក់​បាន​ស្លាប់​ក្នុង​បេសកកម្ម​របស់​ អ.ស.ប​។ ក្នុង​ចំនួន​នេះ​មាន​ ៧ ​នាក់​បាន​ទទួល​សំណង​ចំនួន​ ៧ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​នាក់ ហើយ​ ២ ​នាក់​មិន​បាន​ទទួល​។ លោក ប្រាក់សុខុន ​ថ្លែង​ថា​ការ​មិន​បាន​ទទួល​សំណង​ដោយសារ​ «​កំហុស​ខាង​វិន័យ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ផ្ទាល់​»​។

លោក សែម សុវណ្ណី ថ្លែង​ថា​កងទ័ព​កម្ពុជា​បាន​ចូលរួម​រក្សា​សន្តិភាព​ជាមួយ អ.ស.ប សរុប ៥៤៨៦ ​នាក់​ក្នុង​ប្រទេស​ចំនួន​ ៨ ហើយ​បច្ចុប្បន្ន​នេះ​មាន​ ៨១៣ ​នាក់​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​ចំនួន​ ៥៕

អត្ថបទគួរចាប់អារម្មណ៍