The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​រ៉ែ​ និង​ថាមពល​ចេញ​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​សន្និធិ​ឧស្ម័ន




រដ្ឋមន្ត្រី​រ៉ែ​ និង​ថាមពល​ចេញ​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​សន្និធិ​ឧស្ម័ន

Content image - Phnom Penh Post
ផ្ទះ​លក់​ហ្គាស​មួយ​នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ ហេង ជីវ័ន

រដ្ឋមន្ត្រី​រ៉ែ​ និង​ថាមពល​ចេញ​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​សន្និធិ​ឧស្ម័ន

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក​ ស៊ុយ សែម ​បាន​ចេញ​ប្រកាស​ស្តីពី​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​សន្និធិ​ឧស្ម័ន​អិលភីជី (​ហ្គាស​) ក្នុង​កំប៉ុង ឬ​ធុង​ដើម្បី​លក់ និង​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​សន្និធិ​ប្រេងរំអិល​ក្នុង​កំប៉ុង និង​ធុង​ដើម្បី​លក់ និង​ប្តូរ​ដល់​យានយន្ត​កាលពី​ថ្ងៃទី​ ១២ ខែសីហា​។

នៅក្នុង​ប្រកាស​ដែលមាន​ ៧ ​ទំព័រ និង​ចុះហត្ថលេខា​ដោយ​លោក​ ស៊ុយ សែម បាន​លើកឡើង​ថា ប្រកាស​នេះ​មាន​គោលបំណង​លើកកម្ពស់​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការធ្វើ​សន្និធិ (​ស្តុក​) នូវ​ប្រេងរំអិល​ក្នុង​កំប៉ុង​ ឬ​ធុង​ដើម្បី​លក់​ និង​ប្តូរ​ដល់​យានយន្ត និង​ឧស្ម័ន​អិលភីជី (LPG) (​ហ្គាស​) ក្នុង​កំប៉ុង ឬ​ធុង​ដើម្បី​លក់​ ប៉ុន្តែ​មិន​អនុវត្ត​ទៅលើ​ការលក់​ឧស្ម័ន​អិលភីជី​ចាក់​ឱ្យ​យានយន្ត​ ឬ​ស្ថានីយ​ចាក់​ឧស្ម័ន​អិលភីជី ការបញ្ចូល​ឧស្ម័ន អិលភីជី​ចូល​ក្នុង​ធុង និង​ក្នុង​កំប៉ុង ទីតាំង​ត្រួតពិនិត្យ​រូប​លក្ខណៈ និង​សាក​សម្ពាធ​ធុង​ឧស្ម័ន​អិលភីជី និង​ទីតាំង​អាជីវកម្ម​លក់​ឧស្ម័ន​ប្រភេទ​ផ្សេងទៀត ក្រៅពី​ឧស្ម័ន​អិលភីជី​។

ប្រកាស​នេះ​បញ្ជាក់ថា រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ដែល​ធ្វើ​សកម្មភាព​លក់​ហ្គាស​ក្នុង​កំប៉ុង​ ឬ​ធុង​ត្រូវគោរព​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​សន្និធិ ដោយ​សម្បក​កំប៉ុង​ផ្ទុក​ឧស្ម័ន​អិលភីជី​យក​មក​លក់​ត្រូវធ្វើ​ពី​លោហធាតុ​ដែល​អាច​ធន់​នឹង​សម្ពាធ​ហើយ​មាន​ចំណុះ​ចាប់ពី​ ៣០០ ​ក្រាម​ចុះក្រោម​។ សម្បក​ធុង​ដែល​ផ្ទុក​ឧស្ម័ន​នេះ​ត្រូវ​មាន​ចំណុះ​ចាប់ពី​ ៤៨ ​គីឡូក្រាម​ចុះក្រោម​។

សម្រាប់​ទីតាំង​ឃ្លាំង​ ឬ​ស្តង់​ស្តុក​ទុក​ធុង​ឧស្ម័ន​នេះ​ត្រូវ​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​រាបស្មើ ស្ងួត រឹងមាំ ខ្ពស់ជាង ឬ​ស្មើនឹង​ទីតាំងនៅ​ជុំវិញ​ទីតាំង​ ឬ​ឃ្លាំង​ត្រូវមាន​សសរ និង​ជញ្ជាំង​ធ្វើ​ពី​ធាតុ​មិន​ងាយ​ឆេះ​មាន​កម្ពស់​យ៉ាងតិច​ ១,៨០ ​ម៉ែត្រ​មាន​ដំបូល​ដែល​ធ្វើ​ពី​ធាតុ​មិន​ងាយ​ឆេះ និង​មាន​ប្រព័ន្ធ​រន្ធ​ខ្យល់​ចេញចូល​ផ្នែក​ខាងលើ និង​ខាងក្រោម ទីតាំង​ដែល​ជា​ផ្ទះល្វែង​ ១ ​ល្វែង​ស្ថិត​នៅ​ជាប់ៗ​គ្នា​មិន​អនុញ្ញាត​ឱ្យ​មាន​ការស្តុក​ទុក​ឧស្ម័ន​អិលភីជី ក្នុង​កំប៉ុង​ឬ​ធុង ដើម្បី​លក់​លើសពី ៥០០ ​គីឡូក្រាម​។

លើសពីនេះ​ត្រូវ​បំពាក់​ឧបករណ៍​ចាប់​ការលេច​ធ្លាយ​ឧស្ម័ន​នៅ​ខាងក្នុង​ឃ្លាំង​ ឬ​ស្តង់​ត្រូវ​មាន​មធ្យោបាយ​លើកដាក់​ធុង​ឧស្ម័ន​គ្រប់គ្រាន់ មិន​ត្រូវ​ទាញ​អូស​ប្រមៀល​ចុះ ឬ​ទម្លាក់​ធុង​ឧស្ម័ន​ត្រូវ​មាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​បញ្ចូល​ឧស្ម័ន​ហ្គាស​នេះ​ក្នុង​កំប៉ុង ឬ​ធុង​នៅ​ទីតាំង​ឃ្លាំង​ ឬ​ស្តង់​លក់​ឡើយ​។

ប្រកាស​នេះ​ចេញ​ឱ្យ​អនុវត្ត​ក្រោយពី​មាន​ករណី​ផ្ទុះ​ធុងហ្គាស​នៅ​ហាង​លក់​ហ្គាស​កាលពី​ថ្ងៃទី​ ១៨ ខែ​កក្កដា ​កន្លង​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​៣ រាជធានី​ភ្នំពេញ​ដែល​បណ្តាល​ឲ្យ​មនុស្ស ៤ ​នាក់​ស្លាប់ និង​ ៥ ​នាក់​ផ្សេងទៀត​រងរបួស​។ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រាប់ថា មូលហេតុ​នៃ​ការផ្ទុះ​នេះ ដោយសារ​តែ​ការផ្សារ​ធុងហ្គាស​ខុស​បច្ចេកទេស​បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស ហើយ​បង្កើតជា​អគ្គិភ័យ​តែម្ដង​។

គួរបញ្ជាក់​ផងដែរ​ថា អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង កាលពី​ថ្ងៃទី​ ៦ ខែ​សីហា ឆ្នាំនេះ​បាន​ណែនាំ​ដល់​មន្ទីរជំនាញ​ត្រូវ​ណែនាំ​ ឬ​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ គ្មាន​លក្ខណៈ​បច្ចេកទេស​ស្តង់ដា​ត្រឹមត្រូវ​ឲ្យ​អស់​ក្នុង​ភូមិសាស្ត្រ​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ទៅ​ដល់​ប្រជាពលរដ្ឋ ដោយ​ប្រការ​ណាមួយ​ដែល​អាច​កើតមាន​ឡើង​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។