ភ្នំពេញៈ ក្រុមគ្រួសារ​លោក Douglas Latchford ដែល​ល្បីល្បាញ​រឿង​ប្រមូល និង​រក្សាទុក​វត្ថុ​បុរាណ​ខ្មែរ​បាន​សម្រេច​ប្រគល់​វត្ថុ​បុរាណ​ជាង ១០០ រូប​ ធ្វើ​ពី​ថ្ម​ និង​សំរឹទ្ធ​ និង​សម្បត្តិ​វប្បធម៌​ខ្មែរ​ជាច្រើន​ទៀត​មក​កម្ពុជា​វិញ បន្ទាប់ពី​ការចរចា​អស់​រយៈពេល​ ៣ ​ឆ្នាំ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កាលពី​ថ្ងៃទី​ ២៩ មករា​។

ការសម្រេច​ប្រគល់​វត្ថុ​បុរាណ​ទាំងនេះ​មក​កម្ពុជា​វិញ​ធ្វើឡើង​តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោយ​ភាគី​ចរចា និង​ក្រុមគ្រួសារ​លោក Latchford កាលពី​ថ្ងៃទី​ ១៨ ខែ កញ្ញា ឆ្នាំ​ ២០២០ ​មិន​ដល់​ ១ ​ខែ​ បន្ទាប់ពី​លោក Latchford បាន​ទទួល​មរណភាព​នៅ​គេហដ្ឋាន​ដែលមាន​តាំង​លម្អ​ទៅដោយ​វត្ថុ​បុរាណ​ខ្មែរ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

បើតាម​ក្រសួង​វប្បធម៌ វត្ថុ​បុរាណ​ទាំងនោះ​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី​៦ រហូតដល់​សម័យ​ក្រោយ​អង្គរ រួមទាំង​រតនវត្ថុ​ដ៏ល្អ​ឯក​ពី​អតីត​រាជធានី​កោះកេរ និង​តំបន់​អង្គរ​។ នៅពេល​មកដល់​កម្ពុជា វត្ថុ​បុរាណ​ទាំងនេះ​នឹងត្រូវ​ដាក់តាំង​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ ការបញ្ជូន​ត្រឡប់មកវិញ​វត្ថុ​បុរាណ​ទាំងនេះ​នឹងត្រូវ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ដោយ​ដំណាក់កាល​ដំបូង វត្ថុ​បុរាណ​ចំនួន​ ៥ ​នឹងត្រូវ​បញ្ជូនមក​មុនគេ រួមមាន​បដិមា​ព្រះឥសូរ និង​ព្រះស្កន្ទ​ធ្វើ​ពី​ថ្មភក់​មាន​ប្រភព​ពី​រមណីយដ្ឋាន​កោះកេរ និង​កន្សៃទូក​ធ្វើ​ពី​សំរឹទ្ធ​។

លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កិច្ចការ​ដ៏ស្មុគស្មាញ​នេះ​អាច​សម្រេច​ទៅបាន​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការសម្របសម្រួល​ពី​ក្រសួង​ពាក់ព័ន្ធ និង​ឥស្សរជន​ជាច្រើន​រូប​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន រួមមាន​លោក Bradley James Gordon លោក Steven Andrew Heimberg និង លោក Charles Webb​។

លោកស្រី​មានប្រសាសន៍​ថា​៖ «​ការបញ្ជូន​ត្រឡប់មក​កម្ពុជា វិញ​នូវ​រូបចម្លាក់​ទាំងនេះ​សរបញ្ជាក់​ពី​ការប្ដជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទាមទារ​យកមក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​បាន​បាត់បង់ ហើយ​ការបញ្ជូន​ត្រឡប់មកវិញ​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា និង​ពិភពលោក​»​។ លោកស្រី​បន្តថា ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​គ្រួសារ​របស់លោក Latchford និង​អ្នកប្រមូល​វត្ថុ​បុរាណ​ខ្មែរ​ផ្សេងទៀត​នៅ​លើ​ពិភពលោក ដើម្បី​ការពារ​ និង​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ​។

លោកស្រី​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Nawapan Kriangsak កូនស្រី​របស់លោក Latchford ដែល​បាន​ផ្ដើមគំនិត និង​មាន​សុច្ឆន្ទៈ​ក្នុង​ការរួមចំណែក​លើក​ស្ទួយ​វប្បធម៌​ខ្មែរ និង​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង​ក្នុង​ការចរចា​យក​វត្ថុ​បុរាណ​ទាំងនេះ​មកវិញ​។

លោកស្រី​លើកឡើងថា កិច្ចការ​នេះ​ក៏មាន​ការរួមវិភាគទាន​ពី​ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ភាគខាងត្បូង​ទីក្រុង​ញូវយ៉ក ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​។ កិច្ចខិតខំ​រួមគ្នា​នេះ​គឺជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​ដ៏ល្អ​រវាង​ប្រទេស​ទាំង​ ២ ស្របពេល​នៃ​ការ​រំឭក​ខួប​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង​ ២​។

ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ តាមរយៈ​អ៊ីមែល​ពី​ម្សិលមិញ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​មានប្រសាសន៍​ថា​៖ «​យើង​សូម​ផ្ញើ​សារ​ទៅដល់​អ្នកប្រមូល​វត្ថុ​បុរាណ សារមន្ទីរ និង​គ្រប់​ប្រទេស​ទាំងអស់​ថា គោលបំណង​របស់​យើង​គឺ​យើង​ចង់​មានលទ្ធភាព​ប្រាប់​ពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​។ អ្នក​ទាំងអស់​គ្នា​អាចជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​នៃ​វប្បធម៌​ខ្មែរ និង​វត្ថុ​បុរាណ​ខ្មែរ​។ សម្រាប់​វត្ថុ​បុរាណ​ដែល​បញ្ជូន​មកវិញ​នេះ យើង​អាច​សរសេរ​នូវ​ជំពូក​ប្រវត្តិសាស្ត្រ​កម្ពុជា​ថ្មី​ជាមួយគ្នា ហើយ​អ្នកអាច​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​តាមរយៈ​ការប្រគល់​ត្រឡប់​នូវ​រូបចម្លាក់ និង​សម្បត្តិ​វប្បធម៌​ខ្មែរ​ផ្សេងៗ​ទៀត​»​។

លោក Bradley James Gordon ឥស្សរជន​ម្នាក់​ដែល​ចូលរួម​ក្នុង​ការចរចា​យក​វត្ថុ​បុរាណ​មក​កម្ពុជា​ថ្លែង​ថា ការចរចា​រយៈពេល​ ៣ ​ឆ្នាំ​ធ្វើឡើង​ជាទូទៅ​ជាមួយ​អ្នកស្រី Kriangsak ដោយសារ​តែ​លោក Latchford ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ បច្ចុប្បន្ននេះ ក្រុម​ការងារ​ពាក់ព័ន្ធ​កំពុងធ្វើការ​លើ​គម្រោង​មួយចំនួន​ទៀត និង​រំពឹងថា​នឹង​អាច​បង្ហាញ​នូវ​លទ្ធផល​វិជ្ជមាន​ដល់​សាធារណជន​ក្នុង​ពេល​អនាគត​។

លោក​ថ្លែងថា​៖ «​យើង​លើកទឹកចិត្ត​ឱ្យ​អ្នកប្រមូល​វត្ថុ​បុរាណ និង​សារមន្ទីរ​ទូទាំង​ពិភពលោក​ឱ្យ​ទាក់ទង​ពួកយើង​ដើម្បី​ពិភាក្សា​គ្នា​អំពី​សម្បត្តិ​វប្បធម៌​ខ្មែរ ចែករំលែក​ព័ត៌មាន​ និង​ធ្វើការ​សម្រេចចិត្ត​ដូច​ក្រុមគ្រួសារ​នេះ​។ ការសម្រេចចិត្ត​របស់​អ្នកស្រី Nawapan គឺជា​រឿង​ដ៏អស្ចារ្យ​សម្រាប់​កម្ពុជា​ និង​ជា​ឧទាហរណ៍​សម្រាប់​ពិភពលោក​។ យើង​សូម​ស្វាគមន៍​ដល់​បណ្ដុំ​វត្ថុ​បុរាណ​ទាំងនេះ​ត្រឡប់មកផ្ទះ​វិញ​»​។

លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​ដែល​ជា​អ្នកពាក់ព័ន្ធ​នឹង​ការចរចា​យក​វត្ថុបុរាណ​ខ្មែរ​ទាំងនេះ​មកវិញ បាន​ថ្លែង​ថា នៅពេល​ដែល​ការពិភាក្សា​កាន់តែ​ច្រើន​ធ្វើឱ្យ​លោក​យល់ថា តម្លៃ​នៃ​វត្ថុ​បុរាណ​ដែល​បាត់បង់​ទៅ​នោះ​មានតម្លៃ​មិនអាច​វាស់​បាន ហើយ​វា​ចាំបាច់​មាន​កន្លែង​ថ្មី​ និង​ធំ​សម្រាប់​ដាក់​វត្ថុបុរាណ​ដែល​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​។

លោក​មានប្រសាសន៍​ថា​៖ «​វា​មិនមែន​ជា​សំណួរ​ទេ បើ​យើង​សួរ​ពី​តម្លៃ​នៃ​វត្ថុ​បុរាណ​វប្បធម៌​ខ្មែរ​របស់​យើង ពីព្រោះ​សម្រាប់​យើង​វត្ថុ​បុរាណ​ទាំងនេះ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានទេ​។ វា​ជា​គោលដៅ​របស់​យើង​ក្នុងការ​ការពារ​ និង​ស្រាវជ្រាវ​រក​ឡើងវិញ នូវ​ប្រវត្តិសាស្ត្រ​របស់​យើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នាពេល​អនាគត​»​។

លោក​បន្តថា បច្ចុប្បន្ននេះ​ក្រុមការងារ​កំពុង​នាំ​បុរាណវត្ថុវិទូ និង​អ្នកជំនាញ​ផ្សេងទៀត​មកកាន់​ប្រាសាទ​ដែលជា​កន្លែង​វត្ថុ​បុរាណ​ទាំងនោះ​ត្រូវបាន​លួច​យកចេញ​។ លើសពីនេះ​ទៀត​មាន​មនុស្ស​កាន់តែ​ច្រើន​ចង់​ក្លាយជា​អ្នកថែរក្សា​ និង​ជួយ​ជួសជុល​ប្រាសាទ​របស់​ខ្មែរ​ និង​ជួយ​បញ្ជូន​វត្ថុ​បុរាណ​វប្បធម៌​ខ្មែរ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​។

កាលពី​កន្លងទៅ​លោក Latchford ធ្លាប់បាន​បញ្ជូន​វត្ថុ​បុរាណ​មក​កម្ពុជា​មួយចំនួន​រួចហើយ​។ ប៉ុន្តែ​កាលពី​ចុងឆ្នាំ ២០១៩ លោក​ត្រូវបាន​រដ្ឋអាជ្ញា​នៅ​តំបន់​ភាគ​ខាងត្បូង​ទីក្រុង​ញូវយ៉ក​ចោទប្រកាន់​ជាច្រើន​បទល្មើស​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​វត្ថុ​បុរាណ​ដែល​គេ​លួច​យក​ចេញពី​កម្ពុជា​។ លោក​បានទទួល​មរណភាព​នៅ​ទីក្រុង​បាងកក​កាលពី​ខែសីហា​ឆ្នាំ ២០២០​។

យោងតាម​កាសែត​ញូវយ៉កថាម៍ លោក Latchford បាន​ប្រមូល​ទិញ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១២៥ រូប​ដែល​បណ្ដុំ​វត្ថុ​បុរាណ​ខ្មែរ​នេះ​គឺជា​បណ្ដុំ​វត្ថុ​បុរាណ​ឯកជន​ធំជាងគេ​។ កន្លងមក​វត្ថុ​បុរាណ​ចំនួន​ ២៥ ​ត្រូវបាន​បញ្ជូន​ពី​ទីក្រុង​បាងកក​ទៅ​ប្រទេស​កម្ពុជា ​រួចហើយ​។ មេធាវី​របស់លោក​ស្រី Kriangsak ប៉ាន់ប្រមាណ​ថា វត្ថុ​បុរាណ​ទាំងនេះ​អាច​មាន​តម្លៃ​សរុប​ជាង ៥០ ​លាន​ដុល្លារ​៕

វីដេអូ៖