ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រក​សេវា​ប្តូរ​បណ្ណ​បើកបរ និង​សេវា​ផ្សេងៗ​ទៀត​ដោយផ្ទាល់ ដើម្បី​កាត់បន្ថយ​ការចំណាយ​ជា​ជាង​ពឹង​អ្នកគួកជេ ខណៈ​ដែល​ក្រសួង​ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា​ឱ្យ​ជិត​ដល់ដៃ​ពលរដ្ឋ​។

ការជំរុញ​នេះ​ធ្វើឡើង ខណៈ​លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ជាច្រើនរូប ដើម្បី​ទស្សនកិច្ច និង​បង្ហាញ​អគារ​ទីស្តីការក្រសួង និង​អគារ​វិទ្យាស្ថាន​ «​តេជោសែន សាធារណការ​ និង​ដឹកជញ្ជូន​» ​កាលពី​ថ្ងៃទី​ ៣០ ខែមករា​។

លោក​ថ្លែងថា​៖ «​សូម​អញ្ជើញ​ទៅ​ប្តូរ​បណ្ណ​បើកបរ ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប អ៊ីអន​ទី​១ អ៊ីអន​ទី​២ ណូរ៉ូម៉ល​នៅ​ក្រសួង​សាធារណការ កុំ​ពឹង​គេ​អ្នក​រត់ការ​ឱ្យសោះ​។ យើងខ្ញុំ​បម្រើ ប្រជារាស្ត្រ​ដោយ​ឥតគិតថ្លៃ​»​។

លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​មាន​បញ្ហា​ពាក់ព័ន្ធ​ការកាត់ឈ្មោះ បាត់​កាត​គ្រី បាត់​ពែកមី ចង់​ពន្យារ​បណ្ណ​បើកបរ ធ្វើ​បណ្ណ​បើកបរ​ឆ្លង​ប្រទេស ក្រសួង​ចេញ​ឱ្យ​ដោយ​ក្រសួង​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ពឹងពាក់​អ្នក​រត់ការ​អ្នក​គួកជេ​មក​ធ្វើ​បណ្ណ​បើកបរ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំឭក​ដល់​មន្ត្រី​ក្រសួង​សាធារណការ​ត្រូវ​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ដោយ​យកចិត្ត​ទុកដាក់ និង​រហ័ស ហើយ​ក្នុងករណី​ដែល​មន្ត្រី​ផ្តល់​សេវា​ណាមួយ ប្រើ​កាយវិការ​ឆ្គាំឆ្គង ឬ​ទារក​ម្រៃ​សេវា​លើស​ពលរដ្ឋ​អាច​ទូរស័ព្ទ​រាយការណ៍​ពី​ករណី​មិន​ប្រក្រតី​នេះ​ភ្លាមៗ​តែម្តង​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ បាន​ថ្លែងថា ការជំរុញ​នេះ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​ដើម្បី​ឱ្យ​ការអនុវត្ត​មាន​ប្រសិទ្ធភាព ក៏​ដូចជា​យន្តការ​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​ត្រូវ​លុបបំបាត់​អ្នករត់ការ (​អ្នក​គួកជេ​) ​នៅតាម​ការិយាល័យ​ផ្តល់​សេវា ដោយ​ដាក់​ជំនួស​មកវិញ​នូវ​មន្ត្រី​ជំនាញ​នៅ​ទីនោះ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ដែល​ទៅ​រក​សេវា​ផ្សេងៗ​។

លោក​ថា​៖ «​ត្រូវមាន​មន្ត្រី​ផ្តល់ព័ត៌មាន ឬ​ជួយ​ពលរដ្ឋ​ក្នុង​ការបំពេញ​ឯកសារ​មួយចំនួន ពីព្រោះ​ប្រសិន​បើ​ពលរដ្ឋ​ទៅរក​សេវា​ហើយ​អត់​មាន​អ្នកផ្តល់​ព័ត៌មាន​លម្អិត​ជូន​គាត់ ហើយ​គាត់​ខ្វះ​ព័ត៌មាន​មួយចំនួន​អ៊ីចឹង​គាត់​នៅតែ​ពឹង​គេ​ពឹង​ឯង​នៅក្បែរនោះ​ហើយ​បើសិន​មាន​អ្នក​រត់ការ​នៅក្បែរនោះ វា​ជាការ​ទាក់ទាញ​ក្នុង​ការពឹង​អ្នក​គួកជេ ដូច្នេះ​ត្រូវតែ​បិទ​ច្រក​អ្នក​រត់ការ តែ​ជំនួស​មកវិញ​នូវ​អ្នកជំនាញ​ពិតប្រាកដ​»​។

អគារ​ទីស្តីការ​ក្រសួង និង​អគារ​វិទ្យាស្ថាន «​តេជោសែន សាធារណការ និង​ដឹកជញ្ជូន​» ក៏​បាន​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ផ្តល់​សេវាសាធារណៈ​ទំនើប​ផងដែរ រួមមាន សេវា​ចុះបញ្ជី​យានយន្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ធ្វើ​បណ្ណ​បើកបរ ការស្នើសុំ​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ​ និង​ការសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ក្នុង​ប្រទេស​តាមផ្លូវ​គោក​ជាដើម​។

លោក ស៊ុន ចាន់ថុល ចាត់ទុក​ការផ្តល់​សេវា​លឿន​រហ័ស និង​មាន​តម្លាភាព​ជូន​ប្រជាពលរដ្ឋ គឺជា​គោលបំណង​ដ៏ធំ​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ផ្តល់​ទំនុកចិត្ត ក៏ដូចជា​ភាពជឿជាក់​របស់​ប្រជាពលរដ្ឋ​លើ​មន្ត្រី​រាជរដ្ឋាភិបាល​៕

វីដេអូ៖