ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង ចូលរួម​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​ ៧៣ រយៈពេល​ ៦ ​ថ្ងៃ​ជាថ្មីទៀត ដោយ​រំពឹង​ថា កិច្ចប្រជុំ​នេះ​នឹង​អនុម័ត​វិធាន​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ជា​សកល ដូចជា​ការថែទាំ​សុខភាព​បឋម ការប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង ការប្រយុទ្ធ​នឹង​ជំងឺឆ្លង ជាពិសេស​វ៉ាក់សាំង​កូវីដ ​១៩ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ឱ្យដឹង​កាលពី​ថ្ងៃទី​ ៩ វិច្ឆិកា​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១៤ វិច្ឆិកា ឆ្នាំ​ ២០២០​។ នេះ​ជា​កិច្ចប្រជុំ​បន្ត​ពី​កិច្ចប្រជុំ​មុន​ដែល​បាន​ធ្វើឡើង​កាលពី​ខែឧសភា​។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា កិច្ចប្រជុំ​បន្ត​ដែល​មាន​រយៈពេល​ ៦ ​ថ្ងៃនេះ​នឹង​ពិនិត្យ​ពិភាក្សា​ទៅលើ​បញ្ហា​សុខភាព​ជា​អាទិភាព​ជាច្រើន ដែល​គ្របដណ្តាប់​ទៅលើ​បញ្ហា​សុខភាព​ជា​សកល​។ ការថែទាំ​សុខភាព​បឋម ការប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង ការចាក់​ថ្នាំ​បង្ការ ជាពិសេស​វ៉ាក់សាំង​កូវីដ​ ១៩​ និង​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​។

បន្ថែម​ពីនេះ​បញ្ហា​សុខភាព​ភ្នែក​ដូចជា​ការការពារ​ភាពងងឹតភ្នែក ការអភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​វេជ្ជសាស្ត្រ កម្មវិធី​គាំពារ​មាតា កុមារ និង​ទារក​និង​កម្មវិធី​អាហារូបត្ថម្ភ​ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​។

បើតាម​លោក​ ម៉ម ប៊ុនហេង ក្រោយ​កិច្ចប្រជុំ មហាសន្និបាត​នេះ​អាច​នឹង​អនុម័ត​នូវ​សេចក្តី​សម្រេច​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​នឹង​វិបត្តិ​កូវីដ​ ១៩ ផែនការ​យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺមហារីក​មាត់ស្បូន​នៅ​ឆ្នាំ​ ២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​ជា​សកល​ស្តីពី​ការស្រាវជ្រាវ​រក​ និង​នវានុវត្តន៍​ជំងឺរបេង​។ មហាសន្និបាត​ក៏​អាច​នឹង​អនុម័ត​សេចក្តី​សម្រេច​ពី​សុខភាព​ភ្នែក​តាមរយៈ​ការការពារ​ភាពពិការ​ និង​ងងឹតភ្នែក ការពង្រឹង​កិច្ចប្រឹងប្រែង​សុវត្ថិភាព​ចំណីអាហារ របៀបវារៈ​ចាក់​ឆ្នាំ​បង្ការ​ឆ្នាំ​ ២០៣០ ​និង​ទសវត្សរ៍​សុខភាព​មនុស្ស​ចាស់​ ២០៣០​។

លោក​រដ្ឋមន្ត្រី​សុខាភិបាល​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ​នឹង​អាច​អនុម័ត​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នឹង​ការត្រៀមខ្លួន​រៀបចំ​ទប់ស្កាត់​ជំងឺ​ផ្កាសាយ កំណែទម្រង់​អង្គការ​សុខភាព​ពិភពលោក យុទ្ធសាស្ត្រ​សកល​ស្តីពី​សុខភាព​សាធារណៈ នវានុវត្តន៍ និង​កម្មសិទ្ធិបញ្ញា​។ កិច្ចប្រជុំ​បាន​សម្រេច​ជ្រើសរើស​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស​សម្រាប់​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​ ៧៤»​។

លោក​ ម៉ម ប៊ុនហេង សង្កត់ធ្ងន់​ថា ក្នុងនាម​ប្រទេស​ជា​សមាជិក​មួយ​នៃ​អង្គការ​សុខភាព​ពិភពលោក​គឺ​កម្ពុជា សម្តែង​នូវ​ការគាំទ្រ​ចំពោះ​សេចក្តី​សម្រេច​នានា ដែល​បាន​ដាក់ចេញ និង​លទ្ធផល​ដែល​កិច្ចប្រជុំ​សម្រេច​បាន​។

លោក Tedros Adhanom អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​ថ្លែង​ក្នុង​មហាសន្និបាត​ពី​ថ្ងៃទី​ ៩ វិច្ឆិកា​ ថា ពិភពលោក​គួរតែ​ជ្រើសរើស​សុខភាព និង​ចាត់ទុក​វា​ជា​រឿង​សំខាន់​។ លោក​ថា​ការ​មាន​និរន្តរភាព​របស់​អង្គការ សុខភាព​ពិភពលោក គឺជា​រឿង​ដែល​ត្រូវ​ពិចារណា​ជា​ការចាំបាច់ ដើម្បី​ជម្នះ​ទៅនឹង​បរិបទ​ថ្មីៗ ជាពិសេស​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថា​៖ «​រោគរាតត្បាត​នេះ​ក៏​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ផងដែរ ដែល​គ្មាន​នរណា​អាច​វាស់វែង​បាន​ឡើយ​។ យើង​មិនអាច​វាស់វែង ទុក្ខព្រួយ​របស់​ក្រុមគ្រួសារ​ដែល​មិនអាច​និយាយ​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​។ យើង​មិនអាច​វាស់​ការភ័យខ្លាច​ដែល​មនុស្ស​ជាច្រើន​មាន​ចំពោះ​ពេល​អនាគត​ដ៏មិន​ប្រាកដប្រជា​នោះទេ​។ ប៉ុន្តែ​ថ្ងៃនេះ ហើយ​ជា​រៀងរាល់​ថ្ងៃ យើង​ត្រូវ​ជ្រើសរើស​សុខភាព​។ យើង​គឺជា​ក្រុមគ្រួសារ​ធំ​មួយ​»​។

ស្ទើរតែ​ ៥០ ​លាន​ករណី​នៃ​កូវីដ​ ១៩ ត្រូវបាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក ហើយ​មនុស្ស​ជាង​ ១,២ ​លាន​នាក់​បាន​បាត់បង់​ជីវិត ខណៈ​មនុស្ស​រាប់លាន​នាក់​ទៀត​ស្លាប់​ដោយសារ​ការរំខាន​ដល់​សេវា​សុខភាព​សំខាន់ៗ​។ នេះ​បើតាម​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​។

សន្និបាត​សុខភាព​ពិភពលោក​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់​ឆ្នាំ​នៅ​ទីក្រុង​ហ្ស៊ីណែវ ប្រទេស​ស្វ៊ីស ហើយ​សម្រាប់​សន្និបាត​លើក​ទី​ ៧៣ ​នេះ​ ប្រេសិត មកពី​ប្រទេស​ ២០០ ​ចូលរួម​ពិភាក្សា​លើ​ប្រធានបទ​ខាងលើ ហើយ​ប្រធានបទ​រសើប​បំផុត​គឺ​វិបត្តិ​កូវីដ​ ១៩៕