ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ចាត់​ទុក​ការ​ដាក់​វិធានការ​បិទ​ខ្ទប់​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​កន្លង​មក​ថា ជា​មេរៀន និង​បទពិសោធ​សម្រាប់​អភិបាល​ខេត្ត​ទូទាំង​ប្រទេស ដក​ស្រង់​យក​ទៅ​ប្រតិបត្តិ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ លោក ម៉ម ប៊ុនហេង បាន​ថ្លែង​បែប​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គណៈអភិបាល​នៃ​គណៈអភិបាល​រាជធានី-ខេត្ត ដែល​បាន​ស្នើសុំ​ដើម្បី​ពង្រឹង​បន្ថែម​នូវ​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ នៅ​មូលដ្ឋាន​រាជធានី-ខេត្ត។

លោក ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា៖ «យោង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្តី្រ​ចុះ​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ លើ​លិខិត​ចុះ​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ របស់​ក្រសួង​សុខាភិបាល​ស្តីពី​របាយការណ៍​កិច្ច​ប្រជុំ​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ នាថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ ការ​ដាក់​វិធានការ​បិទ​ខ្ទប់​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ នៃ​ខេត្ត​កណ្តាល គឺ​ជា​មេរៀន​បទពិសោធ​ដែល​គួរ​ត្រូវ​បាន​ដក​ស្រង់ ដើម្បី​ប្រតិបត្តិ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង»។

លោក​បន្ត​ថា ទន្ទឹម​គ្នា​នេះ អភិបាល​រាជធានី-ខេត្ត ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ព្រម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​វិធានការ​បង្ការ​ជំងឺ​កូវីដ ១៩ ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​ដល់​បុគ្គល គ្រួសារ និង​សហគមន៍។

សូម​ជម្រាប​ថា ទោះបី​ជា​រាជរដ្ឋាភិបាល​សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រួច​មក​ហើយ​ក្តី ប៉ុន្តែ​រដ្ឋបាល​រាជធានី-ខេត្ត ទាំង​ពីរ​បាន​បន្ត​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​ទីតាំង​ភូមិសាស្រ្ត​មួយ​ចំនួន នៅ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ ដោយ​បាន​បន្ត​កំណត់​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង​ជាដើម។

ដោយ​ឡែក​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ទូទាំង​ប្រទេស​បាន​សម្រេច​បន្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​នៅ​តាម​តំបន់​មួយ​ចំនួន ដោយ​ខេត្ត​ខ្លះ​បន្ត​វិធានការ​រយៈពេល​មួយ​សប្តាហ៍ និង​ខេត្ត​ខ្លះ​បន្ត​ពីរ​សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍៕