សៀមរាបៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន​នៅ​ខេត្ត​សៀមរាប ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​សុខាភិបាល​ដែល​សង្គម​ស៊ីវិល​មើលឃើញ​ថា វិស័យ​សុខាភិបាល​កម្ពុជា​នៅ​មិន​ទាន់​មាន​ការជឿជាក់​ពី​ប្រជាពលរដ្ឋ​នៅ​ឡើយ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​សៅរ៍​បាន​ឱ្យ​ដឹង​ថា​ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ចិន​លោក Wang Hesheng កាលពី​ថ្ងៃ​សុក្រ​ភាគី​ទាំង​ ២ បាន​ពិភាក្សា​ពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​គ្រុនចាញ់​ដោយ​ត្រូវ​ពង្រឹង​សមត្ថភាព​មន្ទីរពិសោធន៍ បណ្តុះបណ្តាល​ធនធាន​មនុស្ស​ទប់ស្កាត់​ភាពស៊ាំ​នៃ​ឱសថ​និង​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺគ្រុនចាញ់​នៅ​ខេត្ត​ស្ទឹងត្រែង​។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ជំងឺ​សរសៃឈាម​បេះដូង ជាពិសេស​ការវះកាត់​បេះដូង​ចំហ​ពី​កំណើត​របស់​កុមារ ការរួមបញ្ចូល​នូវ​ផ្នែក​ជំងឺ​បេះដូង​នេះ​ក្នុង​គម្រោង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រម​ទាំង​ការបន្ត​ជួយ​គាំទ្រ​លើ​ផ្នែក​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ​ផងដែរ​»​។

ចំណែក​ក្នុងជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន​លោក Yoshinori Oguchi ភាគី​ទាំង ២ បាន​ពិភាក្សា​ពី​ការបណ្តុះបណ្តាល​ឆ្មប គិលានុបដ្ឋាក កម្មវិធី​គាំពារ​សុខភាព​មាតា និង​កុមារ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល ខណៈ​បច្ចុប្បន្ន​តាមរយៈ​អង្គការ JICA ជប៉ុន​កំពុង​អនុវត្ត​គម្រោង​ធ្វើឱ្យ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ប្រសើរ​ឡើង ហើយ​នៅ​ខេត្ត​សៀមរាប​កំពុង​សិក្សា​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​មន្ទីរពេទ្យ​ផងដែរ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

នៅក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​​ក្រសួង​សុខាភិបាល​កូរ៉េ​ខាង​ត្បូង​លោក Ganglip Kim ភាគី​ទាំង ២ ​បាន​ពិភាក្សា​ពី​ការពង្រឹង​សមត្ថភាព​ទាំង​មន្ត្រី​សុខាភិបាល និង​វិស័យ​សុខាភិបាល​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​ប៉ៃលិន​។ កូរ៉េ​ក៏​បាន​ផ្តល់​ជំនួយ​ឥតសំណង​ក្នុង​ការសាងសង់​អគារ​ចក្ខុរោគ​នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង និង​កំពុង​ពង្រីក​បន្ថែមទៀត​ផងដែរ​។ ក្រៅពី​នោះ​ភាគី​ទាំង​ ២ ​បាន​ឯកភាព​គ្នា​លើ​វឌ្ឍនភាព​គម្រោង​គាំពារ​សុខភាព​មាតា​ និង​កុមារ​នៅ​ខេត្ត​រតនគិរី និង​មណ្ឌលគិរី និង​បាន​ចាត់ទុក​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជា​បញ្ហា​ដ៏មាន​សារៈសំខាន់​ក្នុង​ការលើកកម្ពស់​សុខភាព​ប្រជាជន​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល មិន​អាច​សុំ​ការអធិប្បាយ​បន្ថែម​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​លោកស្រី​ប្រាប់​ថា កំពុង​ជាប់រវល់​ប្រជុំ​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិភាព​បាន​ថ្លែងថា មកទល់​ពេល​នេះ​មន្ទីរពេទ្យ​នៅ​កម្ពុជា​មិនទាន់​ទទួល​បាន​ការជឿជាក់​ពី​ពលរដ្ឋ​នៅ​ឡើយ​ទេ​។ ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ទៅ​ស្វែងរក​សេវា​ព្យាបាល​នៅក្រៅ​ប្រទេស​សូម្បីតែ​អ្នក​ដែល​មិនមាន​ជីវភាព​ធូរធារ​ក៏ដោយ​។

លោក​បន្តថា ​ក្រសួង​សុខាភិបាល​គួរតែ​ពង្រឹង​ធនធាន​ដែល​មាន​ស្រាប់​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ព្រោះ​នៅ​កម្ពុជា​ក៏មាន​គ្រូពេទ្យ​ពូកែៗ​ដែរ ជាពិសេស​ត្រូវ​ចាត់ចែង​ដាក់​មនុស្ស​ឱ្យចំ​ជំនាញ និង​ផ្តល់​ការលើក​ទឹកចិត្ត​ឱ្យ​ពួកគេ​បំពេញ​ការងារ​ឲ្យ​បានល្អ ហើយ​ត្រូវ​បញ្ចប់​របៀបរបប​ធ្វើការ តាម​បែប​ប្រកាន់​សែស្រឡាយ និង​បក្ខពួកនិយម​។

លោក​ គិមអេង បាន​បញ្ជាក់​ថា​៖ «​យើង​ឃើញ​ថា ជប៉ុន កូរ៉េ គេ​រីកចម្រើន​ប៉ុនណា​លើ​រឿង​វិស័យ​សុខាភិបាល វិស័យ​សុខភាព​ហ្នឹង​។ អ៊ីចឹង​ទាំងអស់​ហ្នឹង ដែល​យើង​ត្រូវតែ​តម្រង់​ចក្ខុវិស័យ​របស់​យើង​ទៅដល់​ហ្នឹង​។ អ៊ីចឹង​យើង​ត្រូវការ​មនុស្ស​ដែល​មាន​សមត្ថភាព​ និង​ស្វែងយល់​ពី​បញ្ហា​ហ្នឹង​»៕