ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​លិខិត​ផ្ញើ​ទៅកាន់​អភិបាល​គ្រប់​រាជធានី-ខេត្ត ដើម្បី​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​ទាំងអស់​ឱ្យ​ត្រៀមខ្លួន​ជាមុន​ក្នុង​ការឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​នាពេល​ខាងមុខ​ដើម្បី​ការពារ​សុខភាព​ពលរដ្ឋ​ដែល​បណ្ដាល​មកពី​កត្តា​​ធម្មជាតិ​ផ្សេងៗ​។

លិខិត​ចុះ​ថ្ងៃទី​ ៧ ខែ​កក្កដា របស់​លោក​ ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ការផ្លាស់ប្ដូរ​រដូវកាល​ និង​របប​ទឹកភ្លៀង​មិន​ទៀងទាត់​ដោយ​ការប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើឱ្យ​មាន​គ្រោះ​ធម្មជាតិ​ជា​ញឹកញាប់ ដូចជា រលក​កម្ដៅ ផ្គរ​រន្ទះ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះ​ទឹកជំនន់​ជាដើម ដែល​តែង​បង្ក​ផលប៉ះពាល់ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ និង​ប៉ះពាល់​សុខភាព និង​ស្លាប់​ពលរដ្ឋ​។

លោក​ ម៉ម ប៊ុនហេង បាន​ស្នើឱ្យ​មន្ទីរ​សុខាភិបាល​ត្រៀម​ខ្លួន​ជាមុន​សម្រាប់​ឆ្លើយតប​នៅពេល​មាន​អាសន្ន​កើតឡើង​ពី​គ្រោះមហន្តរាយ​ទាំងនេះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សុខភាព​ពលរដ្ឋ​រងគ្រោះ​ជា​អតិបរមា​ជាពិសេស​នៅពេល​មាន​ខ្យល់​កន្ត្រាក់ ខ្យល់ព្យុះ និង​ជំនន់​ទឹកភ្លៀង​។

លិខិត​សរសេរ​ថា​ «​ខ្ញុំ​សូម​ឯកឧត្តម​លោកជំទាវ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត មេត្តា​ណែនាំ​ដល់​លោក និង​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​​យកចិត្ត​ទុកដាក់​ក្នុង​ការត្រៀម​លក្ខណៈ​ជាមុន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ឆ្លើយតប​ឱ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការសង្គ្រោះ​ថែទាំ​សុខភាព​ប្រជាជន​រងគ្រោះ​»​។

រដ្ឋមន្ត្រី​សុខាភិបាល​បញ្ជាក់​ថា មន្ទីរ​សុខាភិបាល​ត្រូវ​ត្រៀមខ្លួន​ដូចជា ត្រៀម​រៀបចំ​ក្រុម​ការងារ​ចុះជួយ​សង្គ្រោះ និង​ព្យាបាល ជាពិសេស​សេវា​សម្រាល​កូន​ដោយ​សុវត្ថិភាព​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​នៅ​កន្លែង​រងគ្រោះ ការត្រៀម​ឱសថ បរិក្ខារ​ពេទ្យ​ចាំបាច់ និង​មធ្យោបាយ​បញ្ជូន​អ្នកជំងឺ​ជាដើម​។

បន្ថែម​ពីនេះ មន្ទីរ​សុខាភិបាល​ត្រូវ​សហការ​ឱ្យ​បាន​ទាន់ពេល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​នានា​ដើម្បី​ទប់ស្កាត់​ការចម្លង​រោគ​ដោយ​ជំងឺ​ផ្សេងៗ​ជាពិសេស​ជំងឺ​កូវីដ​១៩ និង​តាមដាន​អំពី​ការប្រែប្រួល​ធម្មជាតិ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេល​ជាដើម​។

ការចេញ​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នេះ​បាន​ធ្វើ​ឡើង​ខណៈ​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ ៦ ​ខែ​ឆ្នាំនេះ ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​បាន​សម្លាប់​មនុស្ស​ ៣៥ ​នាក់ របួស​ ៦៤ ​នាក់ ខណៈ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ទាំងស្រុង​ ៧១១ ​ខ្នង និង​ ៤ ៥០៥ ​ខ្នង​ទៀត​ខូចខាត​មធ្យម​។

លោក ឃុន សុខា មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពី​ថ្ងៃ​ទី​ ៨ កក្កដា​ថា ក្នុង​រយៈពេល​ ៦ ​ខែ​នេះ កម្ពុជា​បាន​កើតមាន​តែ​ករណី​ខ្យល់​កន្ដ្រាក់ និង​ផ្គរ​រន្ទះ​ប៉ុណ្ណោះ​ប៉ុន្តែ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំ​មុន​គឺ​ថយចុះ​ប្រហែល​ ៥០ ​ភាគរយ​។

លោក​បន្តថា រីឯ​ទឹកទន្លេ រៀងរាល់​ឆ្នាំ​គឺ​តែង​ចាប់ផ្ដើម​ឡើង​នៅ​ខែ​កក្កដា ហើយ​ជន់​លិច​នៅ​ខែ​តុលា និង​ខែកញ្ញា ប៉ុន្តែ​ឆ្នាំនេះ​នៅ​ខែ​កក្កដា ទឹកទន្លេ​មិន​ទាន់​ឡើង​ខ្លាំង​នៅ​ឡើយ ហើយ​ក៏​ពុំទាន់​មាន​ការព្យាករ​អំពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​អំពី​គ្រោះទឹកជំនន់​ប្រចាំ​ឆ្នាំ​ដែរ​។

លោក​ថា​៖ «​ការប្រែប្រួល​អាកាសធាតុ​មិនមែន​ជា​បញ្ហា​សម្រាប់​តែ​ខ្មែរ​យើង​ទេ គឺជា​បញ្ហា​សកល​។ ​សម្រាប់​ប្រទេស​តូចៗ​ក្រីក្រ​គឺមាន​ផលប៉ះពាល់​ខ្លាំង ប្រសិន​បើ​មាន​បាតុភូត​កើត​​ឡើង​។ អ៊ីចឹង​! វា​មាន​ផលប៉ះពាល់​ណាស់ ដូច​យើង​ដឹង​ហើយ​ថា កន្លងមក​ខេត្ត​ខ្លះ​រាំង​ខ្លាំង ហើយ​ខេត្ត​ខ្លះ​ទឹកជំនន់​ដែល​ត្រូវ​​ឱ្យ​យើង​ប្រុងប្រយ័ត្ន ដោយសារ​​ពី​ពេល​នេះ​ទៅ​យើង​ពិបាក​ព្យាករ​ទុក​មុន ពីព្រោះ​អាកាសធាតុ​ប្រែប្រួល​អត់​ទៀងទាត់​»​។

លោក​បញ្ជាក់​ទៀត​ថា ជាទូទៅ​គ្រោះ​រាំងស្ងួត​គឺ​កើតឡើង​តែ​​ក្នុង​រដូវវស្សា​ប៉ុណ្ណោះ ដោយសារ​ការធ្លាក់​ភ្លៀង​យឺតយ៉ាវ ឬ​កើតមាន​រដូវវស្សា​ខ្លី​ធ្វើឱ្យ​មាន​ការខ្វះ​ទឹក​តាម​ខេត្ត​ខ្លះ ខណៈ​ប្រព័ន្ធ​ស្រោចស្រព​នៅ​មាន​កម្រិត​​នៅឡើយ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ទេ​ដោយសារ​ទូរស័ព្ទ​លោក​មិនមាន​អ្នក​ទទួល​កាលពី​ថ្ងៃ​ពុធ​។

លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៨ កក្កដា​ ថា ជា​រៀងរាល់​ឆ្នាំ​គឺ​មន្ទីរ​តែង​ចាត់​ក្រុម​ពេទ្យ​ចុះជួយ​ព្យាបាល​តាម​តំបន់​មាន​ទឹកជំនន់ ដោយ​ផ្ដល់​ថ្នាំ​ចាំបាច់​ផ្សេងៗ​ដូចជា ថ្នាំ​ព្យាបាល​របួស​ពី​ពស់​ចឹក​ ឬ​ថ្នាំ​សម្រាប់​លាយ​ជាមួយ​ទឹក​សម្រាប់​បរិភោគ​ដោយ​មិនបាច់​ដាំ​ជាដើម​។

លោក​ថា​៖ «​ចូល​ដល់​ខែ​ភ្លៀង​​ពិសេស​ខែ​ ៨ ​ឬ​ខែ​ ៩ ពេល​ទឹក​ឡើង​​គឺ​នៅ​តាម​មណ្ឌល​សុខភាព​បាន​ត្រៀម​ដូច​រាល់​ឆ្នាំ ហើយ​ត្រៀម​ក្រុមគ្រូពេទ្យ​ចុះទៅ​តាម​ទីទួល​សុវត្ថិភាព​ក្នុង​តំបន់​ដែល​លិច​ទឹក​ដើម្បី​ចាំ​ជួយ​ពលរដ្ឋ​»​។

តាម​ការបញ្ជាក់​ពី​លោក ឃុន សុខា គឺ​ខាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ​ធ្វើ​ផែនការ​ទុក​មុន​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ និង​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ទៅ​ដល់​ពលរដ្ឋ​ឱ្យ​ចេះ​ប្រុងប្រយ័ត្ន និង​ចេះ​តាមដាន​អំពី​ការ​ព្យាករ​អំពី​អាកាសធាតុ​។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់ថា មាន​ពលរដ្ឋ​កម្ពុជា​ប្រហែល​ត្រឹមតែ​ ២៥ ​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ព័ត៌មាន​មុនពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ ក្រៅពី​នេះ​គឺ​ទទួល​បាន​ព័ត៌មាន​នៅ​អំឡុងពេល ឬ​ក្រោយពេល​កើត​មាន​គ្រោះមហន្តរាយ​៕