The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​សុខាភិបាល​ថា​ មិនសូវមាន​អ្នកជំងឺ​កូវីដ​ ១៩ ​ធ្ងន់ធ្ងរ​ទេ ភាគច្រើន​អ្នកជំងឺ​មាន​សភាព​ស្រាល




រដ្ឋមន្ត្រី​សុខាភិបាល​ថា​ មិនសូវមាន​អ្នកជំងឺ​កូវីដ​ ១៩ ​ធ្ងន់ធ្ងរ​ទេ ភាគច្រើន​អ្នកជំងឺ​មាន​សភាព​ស្រាល

Content image - Phnom Penh Post
រដ្ឋមន្ត្រី​សុខាភិបាល លោក​ ម៉ម ប៊ុនហេង បង្ហាញ​ថ្នាំ​ប្រឆាំង​កូវីដ​ពីថ្ងៃ​ទី ២៩ មេសា​។ ហេង ជីវ័ន

រដ្ឋមន្ត្រី​សុខាភិបាល​ថា​ មិនសូវមាន​អ្នកជំងឺ​កូវីដ​ ១៩ ​ធ្ងន់ធ្ងរ​ទេ ភាគច្រើន​អ្នកជំងឺ​មាន​សភាព​ស្រាល

ភ្នំពេញៈ ស្ថានភាព​អ្នកជំងឺ​កូវីដ​ ១៩ ​ដែលមាន​អាការ​ធ្ងន់ធ្ងរ​មិនសូវ​មាន​ច្រើន​ទេ ភាគច្រើន​អ្នកជំងឺ​មាន​សភាព​ស្រាល ដោយសារ​អ្នកជំងឺ​ខ្លះ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ និង​ផ្គួបផ្សំ​ជាមួយ​នឹង​ការប្រើប្រាស់​ឱសថ​បុរាណ​ចិន​សម្រាប់​អ្នកជំងឺ​ស្រាល​ផងដែរ​។

នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ពេល​ចុះ​ពិនិត្យ​កន្លែង​សង្គ្រោះបន្ទាន់​សម្រាប់​អ្នកជំងឺ​កូវីដ​ ១៩ ​ក្នុងករណី​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង​កាលពី​ថ្ងៃទី​ ២៤ ខែឧសភា​។

រដ្ឋមន្ត្រី​សុខាភិបាល លោក​ ម៉ម ប៊ុនហេង ថ្លែងថា​៖ «​យើង​ឃើញ​ហើយ អ្នកជំងឺ​កូវីដ​ ១៩ មាន​ចំនួន​ច្រើន ប៉ុន្តែ​អ្នក​ដែលមាន​សភាព​ជំងឺ​ធ្ងន់​មិនសូវ​មាន​ទេ ហើយ​អ្នកជំងឺ​កូវីដ​ ១៩ ​ដែល​ទទួល​មរណភាព​ភាគច្រើន​ជា​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ​ និង​ចាស់ជរា​»​។

លោក​រដ្ឋមន្ត្រី​បន្ថែមថា រដ្ឋាភិបាល​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ច្រើន និង​អ្នកមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង​ឱ្យ​បាន​គ្រប់ៗ​គ្នា​ផងដែរ ដើម្បី​ការពារ​កុំឱ្យ​ជំងឺ​នេះ​ឆ្លង​ហើយ​វិវឌ្ឍ​ទៅ​ជា​ធ្ងន់ធ្ងរ​។

លោក​បញ្ជាក់ថា​៖ «​អ្នកជំងឺ​កូវីដ​ ១៩ ​ដែល​កំពុង​ស្នាក់នៅ​ព្យាបាល​ក្នុង​មជ្ឈមណ្ឌល​ព្យាបាល​កម្រិត​ស្រាល​បានជា​សះស្បើយ​ច្រើន ​ដោយសារ​ការប្រើប្រាស់​ថ្នាំបុរាណ​ចិន ហើយក៏​មិនមាន​អ្នក​ដែល​វិវឌ្ឍ​ទៅ​ជា​ធ្ងន់ធ្ងរ​ដែរ គឺមាន​ចំនួន​តិចតួច​ណាស់​ដែល​មាន​ការវិវឌ្ឍ​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​។ អ្នក​វិវឌ្ឍន៍​ទៅជា​ជំងឺ​ធ្ងន់​មានតែ​ម្នាក់​ ឬ​ ២ ​នាក់​ប៉ុណ្ណោះ ដែល​យើង​ត្រូវ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ដែល​មាន​ឧបករណ៍​សម្រាប់​សង្គ្រោះ​ពួកគាត់​»​។

បើតាម​លោក​រដ្ឋមន្ត្រី​ឱសថ​បុរាណ​ចិន​នេះ​សម្រាប់​ជួយ​ទៅដល់​អ្នកជំងឺ​កូវីដ ដែល​មាន​អាការ​ស្រាល​ដូចជា​ហៀរ​សំបោរ ក្អក និង​មាន​ក្តៅខ្លួន នៅពេល​ដែល​អ្នកជំងឺ​លេបថ្នាំ​នេះ គឺ​មាន​ប្រសិទ្ធភាព​ណាស់​។

ទោះយ៉ាងណា លោក ម៉ម ប៊ុនហេង សង្កត់ធ្ងន់​ថា ទោះបី​ជាមាន​អ្នក​ជំងឺ​ជាសះស្បើយ​ច្រើន និង​មាន​អ្នក​ឆ្លង​បាន​ថយចុះ​បន្តិច​ក៏ដោយ ប៉ុន្តែ​គ្រប់គ្នា​មិនត្រូវ​ភ្លេច​នូវ​ការអនុវត្ត​វិធានការ​សុខាភិបាល​នោះទេ គឺ​ ៣ ការពារ​ និង​ ៣ កុំ​។

គួរ​បញ្ជាក់ថា កាលពី​ចុងខែ​មេសា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ប្រគល់​ឱសថ​បុរាណ​ចិន Lianhua Qingwen Capsules ជូន​ក្រសួង​សុខាភិបាល​ចំនួន ៨៨ ០០០ ​ប្រអប់ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។

ឱសថ​បុរាណ​ចិន Lianhua Qingwen ​នេះ​មាន​មុខងារ​ព្យាបាល​នូវ​អាការ និង​ជំងឺ​មួយចំនួន ដូចជា បន្សាប​ជាតិពុល និង​បញ្ចុះ​កម្ដៅ​ពី​ក្នុង​សួត​។ ឱសថ​នេះ​ត្រូវបាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ គ្រុនក្តៅ ឈឺ​សាច់ដុំ ហៀរ​សំបោរ ក្អក ឈឺក្បាល ស្ងួត​បំពង់ក ឬ​ឈឺបំពង់ក និង​អណ្តាត​ឡើង​ពណ៌​ក្រហម​ជាដើម​។

ទន្ទឹមនឹងនេះ នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែឧសភា ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា បាន​ប្រគល់​ថវិកា និង​សម្ភារ​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៅដល់​ក្រសួង​សុខាភិបាល​កម្ពុជា សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូវីដ​ ១៩​។ ពិធី​ប្រគល់​ទទួលបាន​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សុខាភិបាល​រវាង​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង និង​លោក​ វូ គ័ងមិញ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

សម្ភារ និង​បរិក្ខារ​ពេទ្យ ដែល​ភាគី​វៀតណាម​បាន​ផ្តល់​ជា​ជំនួយ​មនុស្សធម៌​ដ៏ថ្លៃថ្លា​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា រួមមាន ម៉ាស់​ចំនួន​ ២ ​លាន ម៉ាស់​ N95 ចំនួន​ ១០ ​ម៉ឺន និង​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ចំនួន​ ៨០០ ​គ្រឿង​។

នាឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​ថ្លែង​ផងដែរ​ថា ជំនួយ​មនុស្សធម៌​នេះ​សបញ្ជាក់​ពី​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​កម្ពុជា-វៀតណាម កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍