ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​រំឭក​ពលរដ្ឋ​កុំ​ឲ្យ​ភ្លេច​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ ​១៩ ខណៈ​នៅ​កម្ពុជា​ទើបបាន​រកឃើញ​អ្នកជំងឺ​នាំចូល​ថ្មី​ពី​ខាងក្រៅ​ ១១ ​ករណី​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ដោយ​លោក​បាន​បញ្ជាក់ថា ការ​មិនបាន​អនុវត្ត​វិធី​ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​ដែល​គ្រូពេទ្យ​មាន​ការពិបាក​ក្នុង​ការព្យាបាល​នេះ​។

ថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ម្សិលមិញ​លោក ម៉ម ប៊ុនហេង បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រកាន់​យក​ការរស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី​គឺ​ការសម្អាត​ដៃ ការពាក់​ម៉ាស់ ឬ​ប្រើ​ក្រមា​ខ្ទប់មាត់​នៅពេល​ក្អក​ ឬ​កណ្ដាស់ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម ខណៈ​លោក​អះអាង​ថា គ្រូពេទ្យ​ពិបាក​ក្នុង​ការសង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ភាពធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ​គឺ​យើង​មិនត្រូវ​មើលរំលង​ទេ​ដោយសារ​រីរុស​កូវីដ​ ១៩​ នេះ វ៉ៃ​លុក​ផ្លូវដង្ហើម​សាហាវ​ណាស់​ធ្វើឱ្យ​មនុស្ស​ពិបាក​ដកដង្ហើម​រហូត​ដល់​ត្រដរខ្យល់​ដោយ​ខ្វះ​អុកស៊ីហ្ស៊ែន​ដែល​ក្រុមគ្រូពេទ្យ​ក៏​ពិបាក​នឹង​ជួយ​សង្គ្រោះ​ឱ្យ​ផុតពី​សេចក្ដីស្លាប់​។ ​ជ្រោះ​មរណៈ​ដោយសារ​ជំងឺ​កូវីដ​១៩ ស្ថិតក្នុង​ស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ​ណាស់​នៅលើ​សកលលោក​...»​។

រីឯ​អង្គការ​សុខភាព​ពិភពលោក​ WHO ​បញ្ជាក់​ដែរថា មកទល់​ពេល​នេះ​ពុំមាន​អ្នកណា​អាច​កំណត់​ច្បាស់​ថា​ជំងឺ​កូវីដ​១៩ ឆ្លង​នៅ​កន្លែង​ណា​ឡើយ​។ ប៉ុន្តែ​គេ​ដឹងថា បុគ្គល​គ្រប់រូប​គឺអាច​ឆ្លង​ជំងឺ​នេះ គ្រប់​កាលៈទេសៈ គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​។

WHO ​បាន​លើកឡើងថា «​យើង​មិនទាន់​ដឹងបាន​អំពី​វីរុស​កូវីដ ​១៩ ​នេះ​មាន​អត្តចរិត​បែប​ណា និង​នៅ​កន្លែង​ណា​នៅឡើយ តែ​អ្វីដែល​យើង​អាច​ដឹងបាន​នោះ គឺ​ការចម្លង​របស់​វា​បណ្ដាល​មកពី​ការប៉ះពាល់​ផ្ទាល់​ទៅ​នឹង​តំណក់​ទឹកមាត់​តូចៗ​ ឬ​ទឹករំអិល​ផ្លូវដង្ហើម​របស់​អ្នក​ផ្ទុក​វីរុស​កូវីដ​ ១៩...​ហានិភ័យ​ក្នុង​ការចម្លង​វីរុស​ដ៏កាចសាហាវ​នេះ​គឺមាន​ខ្ពស់​នៅពេល​បុគ្គល​ចល័ត​ធ្វើដំណើរ​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ ​ដោយ​ភ្លេច ឬ​មិនបាន​អនុវត្ត​វិធានការ​ការពារ​ខ្លួន​»​។

កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មាន​ជនជាតិខ្មែរ​ ២ ​នាក់​មាន​អាយុ​ពី​ ១៥ ​ដល់​ ២៣ ​ឆ្នាំ​ត្រូវបាន​ធ្វើតេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម បន្ទាប់ពី​ធ្វើដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​ពី​ថ្ងៃ​ទី​ ២៦ ​មិថុនា​ ក្នុង​ចំណោម​អ្នកដំណើរ​ ១០៧ ​នាក់​ ដែលមាន​ជនជាតិ​ម៉ាឡេស៊ី​ ២ ​នាក់​ផង​។

ចំពោះ​អ្នកធ្វើ​តេស្ដ​អវិជ្ជមាន​ ១០៣ ​នាក់​ ជា​ជនជាតិ​ខ្មែរ​ត្រូវ​បាន​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ជម្ពូវន្ត​១ និង​ត្រូវ​ដឹក​បន្តទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​តាម​បណ្ដា​ខេត្ត​ដែល​ពួកគេ​រស់នៅ ប៉ុន្តែ​ជនជាតិ​ម៉ាឡេស៊ី​ ២ ​នាក់​ត្រូវ​ស្នាក់នៅ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ​។

ករណី​នេះដែរ​កាលពី​ថ្ងៃទី​ ២៧ មិថុនា ក្រសួង​សុខាភិបាល​ក៏បាន​រាយការណ៍​ករណី​នាំចូល​ជំងឺ​កូវីដ​ពី​ឥណ្ឌូនេស៊ី​ ៩ ​ករណី​បន្ថែម​ផងដែរ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ ៨ ​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ បន្ទាប់ពី​អ្នក​ទាំងនេះ​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ចេញពី​ឥណ្ឌូនេស៊ី​មកដល់​កម្ពុជា​ពី​ថ្ងៃ​ទី​ ២៥ ​មិថុនា ដែល​មាន​អ្នកដំណើរ​សរុប​ ៤០ ​នាក់​ ក្នុងនោះ​មាន​វៀតណាម​ម្នាក់ និង​ឥណ្ឌូនេស៊ី​ ១៥ ​នាក់​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​​កូវីដ​ ១៩ ​ជា​រហូត​ដល់​ ១២៩ ​នាក់ និង​គ្មាន​អ្នកស្លាប់​ទេ​ក្នុង​ចំណោម​ដែល​រកឃើញ​ឆ្លង​ ១៤១ ​នាក់​៕