
ពលករខ្មែរត្រឡប់ពីប្រទេសថៃតាមច្រកអូរស្មាច់កាលពីថ្ងៃទី ២៣ ធ្នូ។ រូប រដ្ឋបាលខេត្តឧត្តរមានជ័យ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ លោក ម៉ម ប៊ុនហេង បានស្នើទៅគ្រប់អភិបាលរាជធានី-ខេត្ត ទូទាំងប្រទេសត្រូវពង្រឹងការគ្រប់គ្រងកន្លែងធ្វើចត្តាឡីស័កឱ្យបានតឹងរ៉ឹងជាទីបំផុត ហើយលោកព្រមានថា បើបុគ្គលណាមួយល្មើសនឹងវិធានការនេះត្រូវទទួលទោសតាមច្បាប់កំណត់។
ការណែនាំពីការពង្រឹងកន្លែងធ្វើចត្តាឡីស័កនេះ បន្ទាប់ពីមានពលករខ្មែរម្នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែតបានរត់គេចមិនព្រមធ្វើចត្តាឡីស័កកាលពីល្ងាចថ្ងៃទី ២៣ ខែធ្នូ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកបុរសម្នាក់នេះមកធ្វើចត្តាឡីស័កវិញ។
តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៣ ខែធ្នូ លោក ម៉ម ប៊ុនហេង មានការព្រួយបារម្ភសម្រាប់ការងារគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កដោយសារខេត្តខ្លះមានការដាក់ពលករមកពីប្រទេសថៃធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃអាចមានចំនួនលើសពីបន្ទុកដែលអាចគ្រប់គ្រងបាន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមឱ្យអភិបាលរាជធានី-ខេត្ត ទាំងអស់យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ និងការគ្រប់គ្រងអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអន្តរជាតិ និងតាមច្រករបៀងទាំងអស់នៅតាមព្រំប្រទល់កម្ពុជា-ថៃ ឱ្យបានហ្មត់ចត់ជាទីបំផុត»។
លោក ម៉ម ប៊ុនហេង បន្ថែមថាប្រសិនបើមានពលករលួចចូលមកពីប្រទេសថៃដោយមិនបានត្រួតពិនិត្យនៅព្រំដែន និងមិនបានធ្វើដំណើរតាមមធ្យោបាយកងទ័ព សុំអាជ្ញាធររាជធានី-ខេត្ត ធ្វើការណែនាំទៅស្រុក ខណ្ឌ ឃុំ-សង្កាត់ និងភូមិដើម្បីរៀបចំឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅកន្លែងដែលមូលដ្ឋានរៀបចំឱ្យ។
ត្រូវយកសំណាករបស់ពួកគាត់ធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ឬមន្ទីរពេទ្យខេត្តសៀមរាប។ ក្នុងករណីដែលមានពលករមកពីប្រទេសថៃបានទៅដល់ផ្ទះរបស់គាត់រួចហើយ អាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់ និងក្តាប់ឱ្យបាននូវការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងត្រូវមានការតាមដានសុខភាពពួកគាត់ជាប្រចាំ។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ «ណែនាំ និងចាត់វិធានការតាមដានអនុវត្តវិធានការចត្តាឡីស័កឱ្យបានហ្មត់ចត់ជាទីបំផុតចៀសវាងការរបូតចេញពីទីកន្លែងធ្វើចត្តាឡីស័ក ដោយយើងមិនបានដឹង។ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាត់តាំងកម្លាំងមានសមត្ថកិច្ច ធ្វើការយាមកាមឱ្យបានដិតដល់ព្រមទាំងក្រុមការងារតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំដោយមានការទទួលខុសត្រូវខ្ពស់»។
ទន្ទឹមនឹងនេះដែរ លោក ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ដែរថា ប្រសិនបើបុគ្គលណាមិនគោរពអនុវត្តតាមវិធានការចត្តាឡីស័កចំនួន ១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេះពីការធ្វើចត្តាឡីស័ក អាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែងដោយមានការពិគ្រោះយោបល់ជាមួយអាជ្ញាធរខេត្តត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយមានការពិន័យអន្តរការណ៍ពី ២០ ម៉ឺនរៀលទៅ ១ លានរៀល និងទទួលទោសព្រហ្មទណ្ឌទៅតាមច្បាប់ដែលបានកំណត់។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលពីម្សិលមិញបានឱ្យដឹងថា ពលករខ្មែរម្នាក់បានរត់គេចនៅពេលដែលគាត់ត្រូវបានដឹកយកមកធ្វើចត្តាឡីស័ក។
លោកស្រីថា៖ «ពេលមកដល់ខ្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតាមស្វែងរកគាត់ហើយ»។
ចំណែកអ្នកនាំពាក្យខេត្តបន្ទាយមានជ័យលោក សេក សុខុម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញដែរថា អាជ្ញាធរខេត្តមានរូបថត និងស្គាល់ពីអត្តសញ្ញាណរបស់ពលករដែលបានរត់គេចពីការធ្វើចត្តាឡីស័កនេះ ហើយអាជ្ញាធរកំពុងតាមរកគាត់ផងដែរ។
លោកបញ្ជាក់ថា៖ «ពលករខ្មែរយើងម្នាក់ អាយុខ្ទង់ ២០ ឆ្នាំ ដែលមានផ្ទះនៅក្នុងខេត្តបន្ទាយមានជ័យបានរត់គេចកន្លែងធ្វើចត្តាឡីស័កនៅក្រុងប៉ោយប៉ែត។ ប៉ុន្តែយើងបានកំណត់អត្តសញ្ញាណ និងរូបថតគាត់ហើយ ហើយកំពុងតាមស្វែងរកគាត់ដើម្បីយកមកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យជប៉ុនក្នុងស្រុកមង្គលបុរី»។
លោក សេក សុខុម បន្តថា ចាប់តាំងពីមានការផ្ទុះនូវការរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសថៃ ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃពីថ្ងៃទី ២០-២៤ ខែធ្នូ មានប្រមាណជា ១ ០០០ នាក់ ហើយតាមខេត្តបន្ទាយមានជ័យ។ ពួកគាត់ត្រូវបានពិនិត្យសុខភាព និងដាក់ឱ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវផងដែរ។
តាមរបាយការណ៍ក្រសួងសុខាភិបាលពីម្សិលមិញ អ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់ បានជាសះស្បើយ ដែលអ្នកជំងឺម្នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
ស្ត្រីជនជាតិខ្មែរ អាយុ ៣០ ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅជាភរិយារបស់បុរសខ្មែរ អាយុ ៣៤ ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃដែលបានព្យាបាលជាសះស្បើយកាលពីថ្ងៃទី ១៤ ខែធ្នូ។ ស្ត្រីរូបនេះបានធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២ ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។
ចំណែកបុរសជនជាតិខ្មែរ-អាមេរិក អាយុ ៥៤ ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញជាអ្នកដំណើរមកពីប្រទេសចិនបានធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២ ដង និងបានចេញពីមន្ទីរពេទ្យផងដែរ។
គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាមានអ្នកមានវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ៣៦៣ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ៣៥១ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១២ នាក់៕
វីដេអូ៖