ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ក្រើនរំឭក​ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​​ពី​ផលប៉ះពាល់​សុខភាព និង​អាយុជីវិត​​ក្នុង​អំឡុងពេល និង​ក្រោយ​ពេល​ទឹកស្រក​ដើម្បី​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​បណ្ដាល​មកពី​គ្រោះធម្មជាតិ​នេះ​។

ការលើកឡើង​របស់​លោក ម៉ម ប៊ុនហេង បែប​នេះ​បានធ្វើ​ឡើង​តាមរយៈ​លិខិត​មួយ​កាលពី​ថ្ងៃទី​ ១២ តុលា ដោយ​លោក​បាន​ជំរុញ​ដល់​ពលរដ្ឋ​ទាំងអស់ ឱ្យ​អនុវត្ត​នូវ​ការណែនាំ​មួយចំនួន​ក្នុង​អំឡុងពេល និង​ក្រោយពេល​​ទឹកជំនន់​ដែល​បាននិង​កំពុង​កើតមាន​តាម​បណ្ដា​ខេត្ត ក្រុង​នៅ​កម្ពុជា​។

លោក ម៉ម ប៊ុនហេង បាន​លើកឡើង​នៅក្នុង​សេចក្តីណែនាំ​ក្រើនរំឭក​នោះ​ថា ពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​ចូលទៅ​ក្នុងផ្ទះ​ចាស់ ឬ​អគារ​ទ្រុឌទ្រោម​ឡើយ​ព្រោះ​អាច​ស្រុត​បាក់បែក​បង្ក​ឱ្យ​គ្រោះថ្នាក់​។ ​នៅពេល​ដៃ​សើម ឬ​កំពុង​ឈរ​​ក្នុង​ទឹក​មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ជាដាច់ខាត ហើយ​នៅពេល​ធ្វើដំណើរ​តាម​ទូក ឬ​កាណូត នៅ​ពេលយប់​ត្រូវមាន​ភ្លើង​បំភ្លឺ​។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​បាន​រំឭក​ឱ្យ​ពលរដ្ឋ​សម្រាន្ត​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ ហើយ​ក៏​ត្រូវ​​ប្រុងប្រយ័ត្ន​ចំពោះ​កុមារី និង​ក្មេងស្រី​ដែល​នៅ​ទីទួល​សុវត្ថិភាព​ក្រែង​មាន​​អំពើ​ហិង្សា​ផ្លូវភេទ​កើតឡើង​។

លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា​៖ «​ត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក ត្រូវ​ការពារ​កុមារ​តូចៗ​មិន​​ឱ្យ​ចុះ​ទឹក ពន្យល់​កុមារ​ពី​គ្រោះថ្នាក់​នៃ​ការលង់ទឹក​នាំ​កុមារ​ទៅ​កន្លែង​ខ្ពស់ ​និង​មាន​អ្នក​ថែទាំ ប្រើ​អាវពោង ឬ​ប៊ីដុង​​ជ័រ​គ្រប់ពេល​កុមារ​ចេញ​ពី​ផ្ទះ​។ ពេល​​ធ្វើដំណើរ​តាម​ទូក​មិន​ត្រូវ​ដាក់​មនុស្ស​ហួស​កម្រិត បើ​មាន​អ្នកណាម្នាក់​លង់ទឹក​ត្រូវ​ហៅ​ជំនួយ​ជាបន្ទាន់​»​។

ក្រៅពី​នេះ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រយ័ត្ន​ពី​គ្រោះថ្នាក់ ដោយសារ​​ពស់​ចឹក ឬ​សត្វ​អាសិរពិស​ផ្សេងៗ ដោយ​លោក​ស្នើ​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ មុន​ទៅកាន់​ទីទួល​សុវត្ថិភាព ឬ​មុន​ទៅ​​ធ្វើការ​ជិត​គំនរ​អុស និង​គំនរ​ឈើ​។

ចំពោះ​ការធ្វើ​ដំណើរ​ពេលយប់ ឬ​ពេល​​ធ្វើ​ការងារ​លោក ម៉ម ប៊ុនហេង រំឭក​ឱ្យ​ស្លៀកខោ​ជើងវែង និង​ពាក់​ស្បែកជើង​កវែង ចៀសវាង​កន្លែង​មាន​ស្មៅ​​ស៊ុបទ្រុប និង​ដាច់ខាត មិនត្រូវ​យក​ដៃ​ទៅ​ចាប់​ពស់​ ឬ​សត្វ​អាសិរពិស​ឡើយ​។

ក្នុង​ករណី​មាន​សមាជិកគ្រួសារ ឬ​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ដោយសារ​ពស់​ចឹក ឬ​សត្វ​អាសិរពិស​ទិច ឬ​ខាំ​ត្រូវ​បញ្ជូន​ជា​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​ដើម្បី​ទទួល​បាន​ការពិនិត្យ​ និង​ព្យាបាល​។

ក្រៅពី​ការបង្ការ​ពី​ការលង់ទឹក និង​សត្វ​អាសិរពិស​នេះ​លោក ម៉ម ប៊ុនហេង ក៏បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​មាន​ទឹកជំនន់​ត្រូវ​រក្សា​អនាម័យ​ខ្លួនប្រាណ​ដើម្បី​បញ្ចៀស​នូវ​ជំងឺ​ផ្សេងៗ​​ដូចជា ជំងឺ​រាករូស ពុល រលាក​ផ្លូវដង្ហើម​​ស្រួចស្រាល់ និង​ជំងឺ​ដទៃ​ផ្សេងទៀត​។

ត្រូវ​បរិភោគ​ទឹកស្អាត​ដោយ​ប្រើ​ធុងចម្រោះ ឬ​ដាំទឹក​ឱ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​​ដោយ​ប្រើ​ថ្នាំ​ក្លរីន ឬ​ក្លរ៉ាមីន (​ថ្នាំ​ក្លរីន ឬ​ក្លរ៉ាមីន​ ៥០០ ​មិល្លីក្រាម ២ ​គ្រាប់​អាច​លាយ​ទឹក​ ២០ ​លីត្រ​)​។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋមន្ត្រី​​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ អនុវត្ត​វិធានការ​មួយចំនួន​ទៀត​ផងដែរ នៅ​ក្រោយពេល​​ទឹកជំនន់​ស្រក​ទៅ ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ក៏ដូចជា​ជំងឺ​ផ្សេងៗ​។

លោក​បន្តថា​៖ «​ត្រូវ​ពិនិត្យ​មើល​ផ្ទះ​ក្រែង​មាន​បាក់ស្រុត​នាំឱ្យ​មាន​គ្រោះថ្នាក់​ប្រុងប្រយ័ត្ន​ក្រែង​មាន​សត្វ​ពស់ ឬ​សត្វ​អាសិរពិស​ផ្សេងៗ​។ អនាម័យ បរិស្ថាន​ជុំវិញ និង​ក្នុង​ផ្ទះ ព្រោះ​ក្រោយពេល​ទឹក​ស្រក​ទៅបាន​បន្សល់​នូវ​ភាពកខ្វក់ និង​មេរោគ​ជាច្រើន​រស់នៅ​ក្នុង​ទឹក ចៀសវាង​នូវ​ការដក់​ទឹក​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ​នាំឱ្យ​មាន​ដង្កូវទឹក កើត​មូស​ខ្លា និង​មូស​ដែកគោល​អាច​បង្ក​ឱ្យ​មាន​ជំងឺគ្រុនឈាម និង​គ្រុនចាញ់ ស្តារ និង​សម្អាត​អណ្តូងទឹក​ឡើងវិញ មុន​នឹង​ប្រើប្រាស់ ព្រមទាំង​ជួសជុល និង​សង់​បង្គន់​ឡើងវិញ ដោយ​ជានិច្ចកាល​ត្រូវ​​បន្ទោរ​បង់​ក្នុង​បង្គន់​គ្រប់ពេល​»​។

ក៏ប៉ុន្តែ​លោក ម៉ម ប៊ុនហេង បាន​ឱ្យ​​ដឹងថា ក្រសួង​បាន​ផ្តល់​ឱសថ និង​វ៉ាក់សាំង​ការពារ​ពស់​ចឹក​បន្ថែម​ដល់​ខេត្ត​ដែលមាន​ទឹកជំនន់​រួចហើយ​។

ស្រដៀង​គ្នា​នេះ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការរក្សា​អនាម័យ​ដៃ​ និង​ខ្លួន​ឱ្យបាន​គឺជា​រឿង​ចាំបាច់​បំផុត​ក្នុង​ការបង្ការ​ជំងឺ​ផ្សេងៗ ជាពិសេស​គឺ​ប្រយ័ត្ន​សត្វ​អាសិរពិស​​ទិច​ ឬ​ខាំ ឬក៏​ពស់​ចឹក​ជាដើម​។

លោកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖ «​នៅពេល​​ដែល​មនុស្ស​គេចចេញ​ពី​កន្លែង​មាន​ទឹកជំនន់ សត្វ​ក៏​គេច​ចេញ​ពី​ទឹក​ដូចគ្នា​។ ដូចនេះ​នៅពេល​យើង​គេច​ទៅ​ទីកន្លែង​​ ឬ​ទីទួល​សុវត្ថិភាព​ណាមួយ យើង​ត្រូវ​​ពិនិត្យ​ទីតាំង​នោះ​ឱ្យបាន​ច្បាស់លាស់ ក្រែងលោ​មាន​ពស់ ឬ​សត្វ​មាន​ពិស​ណាមួយ​នៅ​ទី​នោះដែរ ហើយ​ចៀសវាង​​កុំ​ចាប់​កាន់​ពស់ ឬ​លេង​សត្វ​អាសិរពិស​ដែល​វា​អាច​ខាំ​ ឬ​ទិច​យើង​បាន​»​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជាធម្មតា​ពេល​មាន​បញ្ហា​ដូចជា គ្រោះ​ទឹកជំនន់​ ឬ​បញ្ហា​អ្វីមួយ​កើតឡើង​គឺ​ក្រសួង​សុខាភិបាល ឬ​រាជរដ្ឋាភិបាល​ត្រូវតែ​ផ្សព្វផ្សាយ​ និង​ក្រើន​រំឭក​ពលរដ្ឋ​ទាក់ទង​នឹង​ការប្រើប្រាស់​​ទាំង​ទឹកស្អាត អនាម័យ​ផ្សេងៗ​ដើម្បី​កុំឱ្យ​កើតមាន​គ្រោះថ្នាក់​ ឬ​ជំងឺ​ផ្សេងៗ​​ព្រោះនេះ​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទទួល​ខុសត្រូវ​លើ​សុខុមាលភាព​របស់​ពលរដ្ឋ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​ក៏បាន​ចែង​ផងដែរ​ពី​ការទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប​ក៏​គួរតែ​ដឹង​អំពី​ការថែរក្សា​សុខភាព​របស់​ខ្លួន ហើយ​បើ​មាន​បញ្ហា​ណាមួយ​ដែល​កើតមានឡើង​ដោយ​មិន​ប្រក្រតី​ណាមួយ​ចំពោះ​ការរាលដាល​នូវ​ជំងឺ​ណាមួយ​ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​នោះ​គួរតែ​ផ្តល់ព័ត៌មាន​ ឬ​អំពាវនាវ​ទៅដល់​ស្ថាប័ន ពាក់ព័ន្ធ​ ឬ​មន្ទីរ​សុខាភិបាល​ដែល​នៅ​ជិត​មូលដ្ឋាន​បំផុត​ដើម្បី​ជួយសង្គ្រោះ​ ឬ​ព្យាបាល​ឱ្យ​ទាន់​ពេល​»៕