ភ្នំពេញ៖ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ប្រកាសថា រថយន្ត​គិលានសង្គ្រោះ​ទាំង​រដ្ឋ​ និង​ឯកជន នៅ​ទូទាំង​ប្រទេស​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​ដឹកជញ្ជូន​ប្រជាជន​ដែលជា​អ្នកដំណើរ​ជាដាច់ខាត។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល ដែល​ចុះហត្ថលេខា​ដោយ​លោក​ ម៉ម ប៊ុនហេង កាល​ថ្ងៃទី ១៦ ខែ​មេសា បានឱ្យ​ដឹងថា ក្រសួង​អនុញ្ញាត​ឱ្យ​រថយន្ត​គិលានសង្គ្រោះ​ទាំង​រដ្ឋ​ និង​ឯកជន នៅ​ទូទាំង​ប្រទេស​ដឹកជញ្ជូន​តែ​អ្នកជំងឺ និង​អ្នករបួស​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ ឬ​គ្លីនិក​ឯកជន ឬ​វត្ថុ​សំណាក​សម្រាប់​យកមក​វិភាគ​នៅតាម​មន្ទីរពិសោធន៍​របស់​ក្រសួង​សុខាភិបាល​តែប៉ុណ្ណោះ។

លោក​ ម៉ម ប៊ុនហេង ​ថា៖ «ក្រសួង​សុខាភិបាល​ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ទទួល​ខុសត្រូវ​រថយន្ត​គិលានសង្គ្រោះ​ទាំង​រដ្ឋ​ និង​ឯកជន​ក្នុង​ករណី​រកឃើញថា​បាន​លួចលាក់​ដឹកជញ្ជូន​ប្រជាជន​ជា​អ្នកដំណើរ»។

ក្រសួង​សុខាភិបាល​ចេញ​សេចក្តី​ជូនដំណឹង​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សារ​នៅ​ថ្ងៃ​ម្សិលមិញ​ថា លោក​ទទួលបាន​ព័ត៌មាន​ក្រៅផ្លូវការ​ថា​មាន​រថយន្ត​គិលានសង្គ្រោះ​បាន​លួច​ដឹក​អ្នកដំណើរ​ឆ្លងខេត្ត។ ករណី​នេះ​ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យមាន​ការត្រួតពិនិត្យ​ និង​ហាម​ដាច់​នូវ​សកម្មភាព​នេះ៕