ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលនូវព័ត៌មានរបស់ប្រទេសវៀតណាម ដែលផ្អែកតាមការផ្សាយរបស់កាសែតដែលថា យុវជនម្នាក់បានឆ្លងជំងឺកូវីដ ១៩ ពេលចេញពីកម្ពុជា និងបានរិះគន់វៀតណាមថា មិនគោរពតាមប្រព័ន្ធចែករំលែកព័ត៌មានឱ្យគ្នាក្នុងក្របខ័ណ្ឌអាស៊ានអំពីជំងឺឆ្លងនេះ។
លោក ម៉ម ប៊ុនហេង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា យុវជនជនជាតិវៀតណាមដែលត្រូវបានអះអាងថា ឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីចាកចេញពីកម្ពុជានោះគឺមិនដូចការចុះផ្សាយនោះទេ។
លោកថា៖ «ខាងភាគីវៀតណាមអត់មានផ្ដល់ដំណឹងមកកម្ពុជាថា យុវជនហ្នឹងចេញពីកន្លែង ឬតំបន់ណា (នៃប្រទេសកម្ពុជា) ទេ។ ធម្មតា គេមានប្រព័ន្ធទំនាក់ទំនងជំងឺឆ្លងរបស់គេ (អាស៊ាន) មិនមែនកាសែតចុះផ្សាយអ៊ីចឹងទេ។ គេមានប្រព័ន្ធព័ត៌មានតាមដានផ្លូវការ ដើម្បីជូនព័ត៌មានឱ្យគ្នាថា តើអ្នកហ្នឹងមកពីណា ? ឈ្មោះអី? នៅទីណា? ធ្វើដំណើរពីណាមកណា?»។
កាលពីថ្ងៃទី ៨ មិថុនា សារព័ត៌មាន VnExpress បានចុះផ្សាយដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលវៀតណាមថា យុវជនវៀតណាមម្នាក់អាយុ ១៨ ឆ្នាំ ដែលមានលំនៅក្នុងឃុំ Thuong Phuoc ស្រុក Hong Ngu ខេត្ត Dong Thap ជាខេត្តដែលមានព្រំប្រទល់ជាប់ខេត្តព្រៃវែងត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃអាទិត្យទី ៧ មិថុនា។
សារព័ត៌មាននេះបន្តថា យុវជននេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗនៅមណ្ឌលសុខភាព បន្ទាប់ពីធ្វើដំណើរមកដល់ច្រកទ្វារព្រំដែន Thuong Phuoc ចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី ២៥ ឧសភា។ យុវជននេះត្រូវបានធ្វើតេស្ដលើកទី ២ ដោយសារជិតផុតកំណត់ដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីអនុញ្ញាតឱ្យវិលទៅផ្ទះវិញ ប៉ុន្តែបែរជាចេញលទ្ធផលវិជ្ជមាន។
កាលពីខែមុន សារព័ត៌មានវៀតណាមក៏បានផ្សាយដែរថាបុរសជនជាតិវៀតណាមម្នាក់បានឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីចេញពីខេត្តសៀមរាបប្រទេសកម្ពុជា ទៅដល់ប្រទេសវៀតណាម។
ការផ្សព្វផ្សាយពេលនោះក៏ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបដិសេធផងដែរ និងចាត់ទុកព័ត៌មាននោះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩។
កាលនោះក្រសួងសុខាភិបាលកម្ពុជាបានស្នើឱ្យភាគីវៀតណាមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយតកម្មអន្តរជាតិមុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយចៀសវាងធ្វើឱ្យប៉ះពាល់ដល់កម្ពុជាទៀត។
ក្រោយមានប្រតិកម្មពីកម្ពុជានាពេលនោះលោក វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាបានថ្លែងការពារថា វៀតណាមមិនបានបញ្ជាក់ថា បុរសនោះឆ្លងជំងឺកូវីដ ១៩ ពីកម្ពុជាឡើយ ដោយសារក្នុងសេចក្ដីជូនដំណឹងរបស់វៀតណាមមិនបានបញ្ជាក់ពីពេលវេលា ទីតាំង និងរបៀបដែលបុរសរូបនោះបានឆ្លងជំងឺនេះ។
គិតត្រឹមថ្ងៃទី ១០ មិថុនា ប្រទេសកម្ពុជា បានរាយការណ៍អ្នកជាសះស្បើយពីជំងឺកូវីដ ១៩ កើនដល់ ១២៥ នាក់ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ១២៦ នាក់ ខណៈនៅវៀតណាមវិញ បានរាយការណ៍ថា មានអ្នកឆ្លង ៣៣២ នាក់ក្នុងនោះជាសះស្បើយ ៣១៧ នាក់ និង ១៧ នាក់ទៀតកំពុងសម្រាកព្យាបាល។ ប្រទេសទាំង ២ សុទ្ធតែបានរាយការណ៍ថាគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ឡើយ។
កាលពីថ្ងៃទី ៩ ឧសភា ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានជូនដំណឹងដល់ក្រុមនិស្សិតសិក្ខាកាមយោធា និងនគរបាលកម្ពុជាថា នាយករដ្ឋមន្ត្រីវៀតណាមបានអនុញ្ញាតឱ្យត្រឡប់ចូលទៅបន្ដការសិក្សានៅប្រទេសវៀតណាមវិញ និងត្រូវធ្វើចត្តាឡីស័ក។ ប៉ុន្តែអាជ្ញាធរខេត្តតៃនិញបានបញ្ជាក់ថា គ្មានកន្លែងនៅសល់សម្រាប់ឱ្យនិស្សិតកម្ពុជាធ្វើចត្តាឡីស័កឡើយ តែថាក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាមកំពុងរកកន្លែងផ្សេងនៅជិតខេត្តតៃនិញ៕