ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចកំណត់ទៅលើបុគ្គលចំនួន ៦ ប្រភេទដែលនឹងត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩។ នេះបើយោងទៅលើលិខិតដែលលោក ម៉ម ប៊ុនហេង ផ្ញើជូនអភិបាលរាជធានី-ខេត្តទាំងអស់នៅថ្ងៃនេះ។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា ក្នុងការជំរុញការប្រើធនធានប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងរាជធានី-ខេត្ត ដែលកំពុងឆ្លងក្នុងសហគមន៍ និងសម្ភារៈបរិក្ខារមន្ទីរពិសោធន៍មានចំនួនកម្រិតក្នុងទីផ្សារអន្តរជាតិ រួមទាំងលទ្ធភាព និងសមត្ថភាពមន្ទីរពិសោធន៍ក្នុងការធ្វើតេស្តលើសំណាក ទើបក្រសួងបានសម្រេចកំណត់ប្រភេទមនុស្សដែលត្រូវធ្វើតេស្តរកមេរោគនេះ។
លោកថា៖ «ក្រសួងសុខាភិបាលសូមសម្រេចការយកសំណាកមកធ្វើតេស្តចំពោះទី ១ បុគ្គលឆ្លងកាត់ព្រំដែនដែលមានរោគសញ្ញា និងបុគ្គលមកពីខេត្តប្រទេសជិតខាងមានហានិភ័យខ្ពស់ ទី ២ បុគ្គលដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន ឬករណីសង្ស័យ»។
លោក ម៉ម ប៊ុនហេង បន្តថា៖ « ទី ៣ បុគ្គលចូលក្នុងនិយមន័យករណីសង្ស័យ ទី៤ ទីតាំងមានហានិភ័យខ្ពស់ដែលវាយតម្លៃដោយមន្ត្រីជំនាញសុខាភិបាល ទី ៥ អ្នកជំងឺរលាកសួត ដែលកំពុងសម្រាកពេទ្យ និងទី ៦ ជាបុគ្គលដែលស្ថិតនៅក្រោមប្រព័ន្ធតាមដានជំងឺឆ្លងរបស់ក្រសួងសុខាភិបាល»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រៅពីបុគ្គលទាំង ៦ ប្រភេទដែលបានកំណត់ខាងលើ ពលរដ្ឋឆ្លងដែន បុគ្គលប៉ះពាល់ប្រយោល ទីតាំងដែលមានហានិភ័យទាប បុគ្គលទាំងនោះត្រូវធ្វើចត្តាឡីស័កស្ម័គ្រចិត្តនៅផ្ទះ ឬនៅទីតាំងដែលកំណត់ដោយអាជ្ញាធរ ដោយមានការត្រួតពិនិត្យ ហ្មត់ចត់ និងត្រូវធ្វើតេស្តតែម្តងគត់នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ក៕