
លោក អុិត សំហេង (ទី ២ ពីឆ្វេង) និងមន្ត្រីកម្ពុជាពេលចូលរួមសន្និសីទនៅក្រុងហ្សឺណែវថ្មីៗនេះ។ សហការី
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អុិត សំហេង បានស្នើដល់ដៃគូអន្តរជាតិ ពិសេសអង្គការពលកម្មអន្តរជាតិ (ILO) ឲ្យបន្តជួយក្នុងវិស័យការងារថែមទៀតដើម្បីឆ្លើយតបនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ខណៈដែលការក្លាយខ្លួនជាសមាជិក ILO របស់កម្ពុជាក្នុងរយៈពេល ៥០ ឆ្នាំ សម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងនានា។
លោក អុិត សំហេង បានលើកឡើងបែបនេះ នាឱកាសលោកចូលរួមក្នុងសម័យប្រជុំលើកទី១០៨ នៃសន្និសីទអន្តរជាតិខាងការងារ នៅទីក្រុងហ្សឺណែវ ប្រទេស ស្វ៊ីស កាលថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
លោករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាជាប្រទេសទី១ ដែលបានអនុវត្តដោយជោគជ័យនូវគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលបានលើកកម្ពស់ជីវភាពកម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង តាមរយៈការផ្សារភ្ជាប់លក្ខខណ្ឌការងារជាមួយនឹងពាណិជ្ជកម្មអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «នេះជាមោទនភាពរបស់កម្ពុជាដែលរហូតមកទល់បច្ចុប្បន្នគម្រោង ILO-BFC ត្រូវបានក្លាយជាគម្រោងការងារល្អប្រសើរជាសកល (Better Work Global) និងត្រូវបានដាក់ឲ្យអនុវត្តតាមបណ្តាប្រទេសមួយចំនួន»។
លោក អិុត សំហេង បានបន្តថា កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្តកម្មវិធីការងារសមរម្យ ហើយបច្ចុប្បន្នបាននិងកំពុងអនុវត្តកម្មវិធីលើកទី៥ នេះសម្រាប់ឆ្នាំ ២០១៩-២០២៣។ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង ៨ របស់អង្គការ ILO ដោយបានបញ្ចូលបទប្បញ្ញត្តិទាំងនេះជាច្បាប់ជាតិ។
លោកបានរំឭកថា ក្នុងឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត «គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន» ជាយន្តការត្រីភាគីដែលស្របតាមការ ត្រួតពិនិត្យរបស់អង្គការ ILO ដើម្បីតាមដាន និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព។
បើតាមលោករដ្ឋមន្ត្រី កម្ពុជាក៏ត្រូវបានទទួលស្គាល់ថា ជាប្រទេសនាំមុខគេក្នុងការពង្រីកកិច្ចគាំពារសង្គម តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌជាតិគាំពារសង្គម ដែលគ្រោងនឹងដាក់ឲ្យដំណើរការរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិតនៅក្នុងឆ្នាំ ២០១៩ នេះផងដែរ។
តាមរយៈសន្និសីទនេះ លោករដ្ឋមន្រ្ដីបានស្នើដៃគូអន្តរជាតិនានា ពិសេសអង្គការ ILO ឲ្យបន្តជួយអភិវឌ្ឍវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីឆ្លើយតបនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤។
លោកថា៖ «ស្របពេលដែលប្រភេទការងារមួយចំនួនបាននិងកំពុងមានការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មទី៤ កម្ពុជាជឿជាក់ថាគ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមជាមួយកម្ពុជាដើម្បីដាក់ចេញជាវិធានការ និងដំណោះស្រាយបញ្ហាប្រឈមដែលអាចកើតឡើងក្នុងទីផ្សារការងារ និងការងារនាថ្ងៃអនាគត»។
ទន្ទឹមនឹងនេះ លោក អុិត សំហេង គាំទ្រចំពោះអនុសាសន៍ដែលលើកឡើងក្នុងរបាយការណ៍របស់គណៈកម្មការសកលស្ដីពីការងារសម្រាប់អនាគតកាន់តែភ្លឺថ្លា (Work for a Brighter Future) ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស។
ជាមួយនេះដែរ លោក អុិត សំហេង បានរំពឹងថា អង្គការ ILO នៅតែបន្តមានតួនាទីយ៉ាងសំខាន់ និងជាស្ថាប័នត្រីភាគីមួយដែលនឹងចូលរួមចំណែកប្រែក្លាយបញ្ហាប្រឈមក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ទៅជាកាលានុវត្តភាពនៃអនាគតការងារដ៏ត្រចះត្រចង់សម្រាប់បុគ្គលគ្រប់រូប។
លោក ទុន សុភ័ណ អ្នកសម្របសម្រួលជាតិនៃអង្គការ ILO បានថ្លែងថា អង្គការ ILO នឹងសហការជាមួយកម្ពុជាដោយចុះអនុស្សរណៈជាមួយគ្នាក្នុងការបន្ដកិច្ចសហប្រតិបត្ដិការសម្រាប់ ៥ ឆ្នាំបន្ដទៀត (២០១៩-២០២៣) ។
លោកបានបន្ដថា៖ «ក្នុងនោះយើងបន្ដជួយលើការលើកកម្ពស់ឲ្យមានមុខរបរនឹងការងារប្រកបដោយគុណភាព តាមរយៈការផ្ដល់នូវជំនាញ សេវារកការងារធ្វើ ការផ្ដល់នូវសហគ្រិនភាពជាដើម។ យើងក៏ចង់ពង្រីកកិច្ចគាំពារសង្គម ដល់អ្នកដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានទទួលនូវសេវាដូចជាធានារ៉ាប់រង ហានិភ័យការងារ និងធានារ៉ាប់រងសុខភាពជាដើម»។
បើតាមលោក សុភ័ណ ចំណុចសំខាន់ដែលអង្គការ ILO កំពុងសង្កេតមើលដែរនោះ គឺការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា ព្រោះវាទាក់ទងនឹងអនាគតការងារ ស្របតាមការជឿនលឿននៃទំនើបកម្មបច្ចេកវិទ្យា។
លោក សុភ័ណ បានបញ្ជាក់ថា៖ «យើងមានផែនការ (ជាមួយកម្ពុជា) ដោយសារយើងជួយគាំទ្រអនុវត្ដគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យាវិជ្ជាជីវៈ (២០១៧-២០២៥)។ យើងទើបរៀបចំផែនការដើម្បីអនុវត្ដបណ្ដុះបណ្ដាលជំនាញនេះ»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលទើបត្រឡប់មកពីចូលរួមសន្និសីទអន្តរជាតិខាងការងារនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស បានឱ្យដឹងកាលពីម្សិលមិញថា ការស្នើឡើងរបស់កម្ពុជាគឺជាការត្រឹមត្រូវព្រោះកន្លងមកអង្គការ ILO គឺជាអ្នកជួយក្នុងការបង្កើតគោលការណ៍បទដ្ឋានច្បាប់ការងារផ្សេងៗ ដើម្បីឱ្យវិស័យការងារនៅកម្ពុជាទទួលបានយុត្ដិធម៌ និងប្រសិទ្ធភាព។
លោកថា៖ «កម្ពុជាពិតជាត្រូវការចាំបាច់នៃការជួយពីអង្គការ ILO និងដៃគូពាក់ព័ន្ធដោយសារកម្ពុជាបច្ចុប្បន្ននៅមានរឿងពាក់ព័ន្ធច្រើនទាំងបញ្ហានយោបាយសេដ្ឋកិច្ច និងវិស័យការងារនេះ។ដូច្នេះយើងត្រូវការដៃគូ សហការជួយបន្ថែមដើម្បីឱ្យទទួលបានការអភិវឌ្ឍល្អ»៕