ភ្នំពេញ: រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ​បានស្នើ​ឲ្យ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​លើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សាធារណៈ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​យុទ្ធនាការ​ចែក​មួក​សុវត្ថិភាព​ និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ចំនួន​អ្នកស្លាប់​ និង​រងរបួស​បាន​បន្ត​កើនឡើង​ជា​លំដាប់​។

ការលើកឡើង​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ០៤ ខែ​កុម្ភៈ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី​នាយិកា Ophelle BOURHIS ដោយ​លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​មួយ​ចំនួន​។

លោក​ ចាន់ថុល ស្នើឲ្យ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​លើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សាធារណៈ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ផល​លំបាក​ និង​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ យុទ្ធនាការ​ចែក​មួក​សុវត្ថិភាព​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍ និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។

លោក​បន្តថា ក្រសួង​កំពុង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​មួយ​ចំនួន​រួមមាន​គម្រោង​សាងសង់​ផ្លូវ​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ គម្រោង​សាងសង់​ស្ពាន​ក្រចេះ​ឆ្លងកាត់​ទន្លេមេគង្គ​លើ​គម្រោង​សាងសង់​កំពង់ផែ​កុងតឺន័រ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ គម្រោង​សាងសង់​កំពង់ផែ​ខ្នាតតូច​នៅ​ខេត្តកំពង់ចាម និង​ការបំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​វៃឆ្លាត​ផងដែរ​។

លើស​ពី​នេះ​លោក​បញ្ជាក់​អំពី​ការបញ្ចប់​ផែនការ​មេ​ភ័ស្តុភារកម្ម ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ថ្លៃឈ្នួល​ដឹកជញ្ជូន​នៅ​កម្ពុជា​ដែល​អាច​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ផែនការមេ​គ្រប់គ្រង​ទឹក​កខ្វក់​ដើម្បី​លើកកម្ពស់​អនាម័យ និង​បរិស្ថាន​ល្អ សំដៅ​ធ្វើឲ្យ​សុខភាព​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាពប្រសើរ​ឡើង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែមទៀត​។

លោកស្រី Ophelle BOURHIS នាយិកា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា បាន​កត់សម្គាល់​លើ​សំណើ​នានា​របស់​លោក​ ស៊ុន ចាន់ថុល ​ដោយ​សន្យា​សហការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​លើ​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​កម្ពុជា​។

លោក​ គង់ រតនៈ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​លោក​គាំទ្រ​ឲ្យ​មាន​ការចូលរួម​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​បន្ថែម​ជុំវិញ​ការផ្សព្វផ្សាយ​ ឬ​រៀបចំ​ឲ្យ​មាន​យុទ្ធនាការ​នានា ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។ មន្ត្រី​ពាក់ព័ន្ធ​គួរតែ​កៀរគរ​ស្ថាប័ន​អន្តរជាតិ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​បំផុសបំផុល​ស្ដីពី​ច្បាប់​ចរាចរណ៍ និង​ការណែនាំ​ពី​ការបើកបរ​យានយន្ត​គ្រប់​ប្រភេទ​។

លោក​បន្ត​ថា ​លោក​ធ្លាប់​បាន​ធ្វើការ​ប៉ាន់ស្មាន​មួយ​កាលពី​ ១០ ​ឆ្នាំមុន​គឺ​នៅ​ឆ្នាំ​ ២០១៩ ឬ​ ២០២០ ​នេះ​ប្រសិនបើ​គ្មាន​ចំណាត់ការ​អ្វី​ទេ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​អាច​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​រហូត​ដល់​ជាង​ ៣ ​ពាន់​នាក់ ហើយ​ជាក់ស្ដែង​នៅ​ឆ្នាំ​ ២០១៩ មាន​អ្នកស្លាប់​ ១៩៨១ ​នាក់​។ ដោយ​ចំនួន​អ្នកស្លាប់​មិន​ដល់​ការប៉ាន់ស្មាន​នេះ ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​បានរៀបចំ​គម្រោង​ ឬ​ផែនការ​ដាក់​ជា​គោលដៅ​ និង​សកម្មភាព​បាន​ល្អ​ប្រសើរ​ប៉ុន្ដែ​វា​មិនទាន់​ឈាន​ដល់​ចំណុច​ដែល​គេ​ចង់បាន​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មិន​ដល់​ ៣ ​ពាន់​នាក់​នេះ​គឺ​ដោយសារ​យើង​បាន​ធ្វើ​សកម្មភាព​ច្រើន​ដែរ ប៉ុន្ដែ​យ៉ាងណា​គឺ​នៅ​មិនទាន់​ដល់​ចំណុច​ដែល​យើង​ចង់​បាន​ឲ្យ​មាន​ចំនួន​អ្នកស្លាប់​កាន់តែ​តិចជាង ១៩៨១ នាក់​នេះ​។ យើង​លើក​ទឹកចិត្ត​ឲ្យ​បន្ថែម​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ខ្លាំង​ថែមទៀត​»​។

លោក រតនៈ បន្ថែម​ថា​បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​នេះ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការចូលរួម​ទាំង​ថវិកា និង​អ្នកស្ម័គ្រចិត្ត​ដោយ​មិនត្រូវ​កំណត់​យក​ស្ថាប័ន​ណាមួយ​ជា​គោល​ថា ត្រូវ​តែ​ធ្វើឲ្យ​បាន​ជោគជ័យ​នោះទេ​។ គេ​ត្រូវ​កំណត់​ចំណុច​អាទិភាព​ចំនួន​ ៣ ​ចំណុច​គឺ​ការអប់រំ​ផ្សព្វផ្សាយ ការពិនិត្យ​លើ​ស្ថានភាព​ផ្លូវថ្នល់​ និង​ការរឹតបន្ដឹង​ច្បាប់​។ ​ចំណុច​ទាំង​ ៣ ​នេះ​ត្រូវតែ​អនុវត្ត​ឲ្យ​ដើរ​ទន្ទឹមគ្នា ទើប​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បានល្អ​ប្រសើរ​ជាង​នេះ​។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ បង្ហាញ​ថា​នៅក្នុង​ខែ​មករា ឆ្នាំ​ ២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣៥៨ ​ករណី ​ដោយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២០៦ នាក់​ និង​របួស​ចំនួន​ ៥៥៩ ​នាក់​។ រីឯ​របាយការណ៍​ពេញ​ ១ ​ឆ្នាំ​នៃ​ឆ្នាំ​ ២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤ ១២១ ​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១ ៩៨១ ​នាក់ និង​រងរបួស​ចំនួន ៦ ១៤១ នាក់ ដែល​គិត​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​មាន​អ្នកស្លាប់​ចំនួន ៥,៤ នាក់​ភាគច្រើន​កើតឡើង​នៅ​ភ្នំពេញ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កណ្ដាល​៕