ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន កាលពី​ថ្ងៃទី​ ១២ ឧសភា សរសេរ​លិខិត​ជម្រាបជូន​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ស្នើសុំ​បន្ត​ពន្យារពេល​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​និង​គ្រប់​ប្រភេទ ដើម្បី​តាមដាន​ស្ថានភាព​នៃ​ជំងឺ​កូវីដ ​១៩ ចៀសវាង​កុំ​ឲ្យ​មាន​ការឆ្លង​នៅ​សហគមន៍​ជាពិសេស​បង្ការ​រលក​ទី​ ២ ​នៃ​ជំងឺ​នេះ​។

ប៉ុន្ដែ​តាមរយៈ​លិខិត​លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា ក្រសួង​អប់រំ​នឹង​ពិចារណា​បន្ថែមទៀត​លើ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​ឲ្យ​បាន​មុន​ថ្ងៃទី​ ១ ​វិច្ឆិកា ឆ្នាំ​ ២០២០ ដែល​ជា​ថ្ងៃ​ចូល​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​។

លោក​ ហង់ជួន ណារ៉ុន ជម្រាប​លោក​នាយក​រដ្ឋមន្ដ្រី​ថា ក្រសួង​អប់រំ​បាន​តាមដាន​យ៉ាង​យក​ចិត្ដ​ទុកដាក់​ និង​ជាប្រចាំ​អំពី​ការវិវត្ដ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​ប្រទេស​ កម្ពុជា ​ក្នុង​តំបន់ និង​លើ​សកលលោក​។ ជាពិសេស​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​លើ​វិស័យ​អប់រំ​កម្ពុជា​ទាំង​សាធារណៈ និង​ឯកជន​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ខ្ញុំបាទ​យល់ឃើញ​ថា គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​គ្រប់​ប្រភេទ​គួរ​បន្ត​ពន្យារពេល​ក្នុង​ការបើក​ដំណើរការ​ឡើងវិញ ដើម្បី​តាមដាន​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩​ កុំឲ្យ​មាន​ការឆ្លង​ក្នុង​សហគមន៍ ជាពិសេស​បង្ការ​រលក​ទី​ ២ ​នៃ​ជំងឺ​នេះ​»​។

លោក​រដ្ឋមន្ដ្រី​រំឭក​ថា តាមរយៈ​កិច្ចប្រជុំ​អន្តរក្រសួង​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ដ្រី​សុខាភិបាល ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូវីដ ​១៩ សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា និង​គ្រឹះស្ថានឧត្ដមសិក្សា​សាធារណៈ​មួយ​ចំនួន បាន​លើក​សំណូមពរ​មក​ក្រសួង​អប់រំ​ឲ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នៅ​សប្ដាហ៍​ទី​ ៤ ​ខែ​ឧសភា ឬ​ដើមខែ​ មិថុនា ឆ្នាំ​ ២០២០ ឬ​នៅពេល​ណាមួយ​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​មិន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ដែរ ដោយ​បាន​ដាក់ចេញ​នូវ​ជម្រើស​បើក​ជា​ដំណាក់ៗ​ដោយ​ផ្ដោតលើ​គ្រឹះស្ថាន​ឧត្ដមសិក្សា​ និង​សិស្ស​ថ្នាក់​ទី​ ១២ ​និង​ទី​ ៩ ដែល​ត្រូវ​ត្រៀមប្រឡង​នៅពេល​ណាមួយ​សមស្រប​។ ក្រសួង​នឹង​ពិចារណា​បន្ថែមទៀត​លើ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​ឲ្យ​បាន​មុន​ថ្ងៃទី​ ១ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ដែលជា​ថ្ងៃ​ចូល​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​»​។

លោក​ថា ការបន្ត​ពន្យារពេល​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​គឺ​ឈរលើ​មូលដ្ឋាន​មួយ​ចំនួន​ដូចជា ជំងឺ​កូវីដ​ ១៩​ នៅតែ​បន្ត​រីករាលដាល​ខ្លាំង​ឡើងៗ​លើ​ពិភពលោក​ដែល​មកដល់​ពេល​នេះ​អ្នកមាន​កើត​ជំងឺ​កូវីដ​ ១៩ មាន​រហូតដល់​ជាង​ ៤ ​លាន​នាក់​ និង​ស្លាប់​ជិត​ ៣០ ​ម៉ឺន​នាក់​។ ឯ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​ករណី​ឆ្លង​ជិត​ ៦ ​ម៉ឺន​នាក់ និង​ស្លាប់​ជិត​ ២ ​ពាន់​នាក់​។

លោក​ ហង់ជួន ណារ៉ុន បន្តថា​ ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅក្នុង​សកលលោក​គឺ​នៅ​មិនទាន់​អាច​គ្រប់គ្រង​បាន​ដោយសារ​តែ​មិនទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​នៅឡើយ​។ លោក​ថា​ប្រទេស​ទាំងអស់​នៅក្នុង​សកលលោក​នៅតែ​បន្ត​អនុវត្ដ​ការរឹតបន្តឹង​សកម្មភាព​ប្រមូលផ្ដុំ​តាម​ទីសាធារណៈ​រួមទាំង បន្ត​បិទ​សាលារៀន​ផង ទោះបី​ជា​មាន​ប្រទេស​មួយចំនួន​តូច​បាន​បើក​ដំណើរការ​សាលារៀន​ដោយ​ផ្នែក​ខ្លះ​ក្រោម​លក្ខខណ្ឌ​ការពារ​យ៉ាង​តឹងតែង​បំផុត​ក៏ដោយ​។

សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ១១ ឧសភា ក្រសួង​សុខាភិបាល​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា ទោះបី​ជា​ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​បាន​ដោយ​មិន​មាន​ករណី​វិជ្ជមាន​ថ្មី ជំងឺ​កូវីដ​១៩​រយៈពេល​ ១ ​ខែ​ និង​មាន​អ្នកជា​សះស្បើយ​ជិត​ ១០០ ​ភាគរយ និង​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ប្រសិន​បើ​មិន​បន្ត​អនុវត្ដ​តាម​វិធានការ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សុខាភិបាល និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បាន​ដាក់ចេញ​កន្លង​មក​។

លោក​ ហង់ជួន ណារ៉ុន បញ្ជាក់ថា​ការពន្យារពេល​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​ផ្ដោត​លើ​ទិដ្ឋភាព​បច្ចេកទេស និង​ទិដ្ឋភាព​នយោបាយ​។ លោក​ថា​ជា​លក្ខណៈ​បច្ចេកទេស ថ្នាក់រៀន​កម្ពុជា​យើង​មាន​ទំហំ​ធំ​សិស្ស​ពី​ ៥០-៦០ ​នាក់​ដែល​មិន​អាច​អនុវត្ដ​ស្ដង់ដា​វិធានការ​ការពារ​របស់​អង្គការ​សុខភាព​ពិភពលោក​ដូចជា​ការរក្សា​គម្លាត​ និង​ការបង្រួម​ថ្នាក់​ឲ្យ​នៅត្រឹម​ ២០ ​នាក់​ក្នុង​ ១ ​ថ្នាក់​បាន​។

លោក​បន្ត​ថា​ ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​លឿន​ពេក​ជា​ការប្រថុយ​ទៅនឹង​រលក​ទី​ ២ ​នឹង​ធ្វើឲ្យ​សិស្សានុសិស្ស​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​។ សាលារៀន​អាច​ក្លាយ​ទៅ​ជា​ប្រភព​ចម្លង​នៃ​ការឆ្លង​ចូលក្នុង​សហគមន៍​ក្នុង​ករណី​មាន​ការផ្ទុះ​ឡើង​ដោយ​ចៃដន្យ​ណាមួយ​ដោយសារ​ព្រំដែន​កម្ពុជា​នៅ​បើក​ទាំង​ផ្លូវគោក​ និង​ផ្លូវអាកាស​។

លោក​ថា​៖ «​កម្ពុជា​មិនបាន​បិទ​សេដ្ឋកិច្ច​ឡើយ ហើយ​ការបើក​សេដ្ឋកិច្ច​មិន​ចំណុះ​ឲ្យ​ការបើក​សាលារៀន​ឡើយ​។ ប្រទេស​ដែល​បើក​ត្រូវ​កាត់បន្ថយ​ចំនួន​សិស្ស​ឲ្យ​មក​នៅ​ត្រឹម​ ២០ ​នាក់​។ គ្រូបង្រៀន ច្រើន​វេន និង​បង្រៀន​ក្នុង​ថ្នាក់​ផង និង​អនឡាញ​ផង ប្រសិន​បើ​មាន​បង្រៀន​ ២ ​វេន​គ្រូ​នឹង​សុំ​ប្រាក់​ឧបត្ថម្ភ​បន្ថែម​។ តាមរយៈ​លក្ខណៈ​បច្ចេកទេស ខ្ញុំ​យល់​ថា​កម្ពុជា​នៅ​មិនទាន់​អាច​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​បាន​វិញ​ទេ​។ ក្នុង​ចំណោម​ប្រទេស​ ១៨៦ ​លើ​ពិភពលោក​ដែល​បាន​បិទ​សាលា​មាន​តែ​ប្រទេស​ ៩ ​ប៉ុណ្ណោះ​ដែល​ប្រកាស​បើក​សាលារៀន​វិញ​»​។

សម្រាប់​ការផ្ដោត​លើ​ទិដ្ឋភាព​នយោបាយ​ក្នុង​ការបន្ត​ពន្យារពេល​បើក​សាលារៀន លោក​ថ្លែង​ថា ស្ថានភាព​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាច​គ្រប់គ្រង​បាន​ល្អ​លើស​ប្រទេស​ឯទៀត​។ ​ការបើក​ដំណើរការ​សាលារៀន​វិញ​នឹង​បង្កើត​ការប្រឈម​ថ្មី​។ ជាពិសេស​ប្រសិនបើ​មាន​ការផ្ទុះ​ការឆ្លង​ចូល​សហគមន៍​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការបោះឆ្នោត​ឆ្នាំ​ ២០២៣​។

លោក​ថា ​ក្នុងស្ថានភាព​ដ៏ស្រួចស្រាល់​នេះ ក្រសួង​អប់រំ​យល់ឃើញ​ថា​អាយុជីវិត សុខភាព សុវត្ថិភាព​ និង​សុខុមាលភាព​របស់​សិស្ស និស្សិត បុគ្គលិក​អប់រំ​គ្រប់​លំដាប់​ថ្នាក់​ដែល​មាន​ប្រមាណ​ជាង​ ៣ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​គឺជា​អាទិភាព​ចម្បង ដែល​ត្រូវ​យក​ចិត្ដ​ទុកដាក់​នៅក្នុង​អំឡុង​ពេល​នេះ​។

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន នា​ថ្ងៃទី​ ១២ ​ឧសភា​ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា តែ​ក្នុង​មួយប៉ប្រិច​ភ្នែក​សោះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នៅក្នុង​ពិភពលោក​បាន​កើន​ជាង​ ៤ ​លាន​នាក់​។ នេះ​គឺជា​ក្តីបារម្ភ​ខ្លាំង​បំផុត​របស់​ពិភពលោក​ទាំងមូល​។

លោក​ថា​៖ «​នៅ​ប្រទេស​យើង​វិញ ទោះបី​ចំនួន​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​បាន​ច្រើន​ហើយ​ពុំ​មាន​អ្នក​ឆ្លង​ថ្មី​ក៏ដោយ គឺ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់​ជានិច្ច​ចំពោះ​អនាម័យ​សុខភាព​ជា​ប្រចាំ​ដូចជា​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​នឹង​សាប៊ូ​ ឬ​ទឹក​អាល់កុល​ ឬ​ជែល​សម្លាប់​មេរោគ និង​ត្រូវ​ពាក់​ម៉ាស់​ ឬ​ក្រមា​កុំ​ឲ្យ​ឆ្លង​រោគ​ពី​យើង​ទៅ​គេ​ និង​ពី​គេ​មក​យើង​។ ​ព្រោះ​ជំងឺ​ដ៏កាចសាហាវ​នេះ​ងាយ​ឆ្លង​លឿន​ណាស់​។ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​»​។

លោក​ ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា​ដែល​មាន​សមាជិក​ ១១៤ ​នៅ​ប្រទេស​កម្ពុជា​ថ្លែង​ម្សិលមិញ​ថា ការពន្យារពេល​បើក​គ្រឹះស្ថានសិក្សា​ឡើងវិញ​នេះ​គឺ​មិនមែន​ជា​ជម្រើស​គួរ​ធ្វើ​ទេ​។

លោក​ថ្លែងថា​៖ «​វិបត្ដិ​ទាំង​ការជួល​អគារ ថ្លៃ​អគ្គិសនី​ជាដើម​គឺ​មាន​វិបត្ដិ​ធំ​ណាស់ យើង​មិន​អាច​នឹង​ទប់ទល់​បានទេ​។ បច្ចុប្បន្ន​គ្រឹះស្ថាន​សិក្សា​នៅ​បន្ត​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​ធម្មតា ប៉ុន្ដែ​បើ​យើង​ទ្រាំ​តែ​ ២-៣ ​ខែ​ទៀត​យើង​មិនអាច​ទ្រាំ​បាន​ទេ​។ ដូច្នេះ​យើង​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​អប់រំ​បើក​សាលារៀន​ឡើងវិញ​។ ប៉ុន្ដែ​បើក​ដោយ​មាន​ការប្រុងប្រយ័ត្ន​មាន​ស្ដង់ដា​អនាម័យ​ដល់​បុគ្គលិក អប់រំ និង​សិស្សនិស្សិត​។ កាលណា​បើ​យើង​បន្ត​បិទ​ទៀត​មាន​ន័យ​ថា គ្រឹះស្ថាន​អប់រំ​ទាំងអស់​ដែល​ជា​វិស័យ​ឯកជន ពួកគាត់​នឹង​ស្លាប់ គឺ​ស្លាប់​ដោយសារ​សេដ្ឋកិច្ច មិនមែន​ស្លាប់​ដោយសារ​កូវីដ​ ១៩​ នោះ​ទេ​»៕